ព្យុះ Yagi

ព្យុះកំណាច Yagi ធ្វើឱ្យវៀតណាម ខាតបង់សេដ្ឋកិច្ចជាង១,៦ពាន់លានដុល្លារអាម៉េរិក ខណៈថៃ និងមីយ៉ាន់ម៉ា ក៏រងគ្រោះខ្លាំងដូចគ្នា


ព្យុះ Yagi ដែលជាព្យុះទីហ្វុងដ៏កំណាចបំផុតមិនធ្លាប់មានក្នុងរយៈពេល៣០ឆ្នាំមកនេះ បានបង្កឱ្យមានគ្រោះទឹកជំនន់ និងបំណាក់ដី បណ្ដាលឱ្យខូចខាតសេដ្ឋកិច្ចវៀតណាមធ្ងន់ធ្ងររហូតដល់ទៅជាង១,៦ពាន់លានដុល្លារអាម៉េរិក និងបណ្ដាលឱ្យមនុស្សស្លាប់ជិត៣០០នាក់ ខណៈប្រទេសចំនួន៤ផ្សេងទៀតនៅក្នុងតំបន់ រួមមាន ហ្វីលីពីន មីយ៉ាន់ ឡាវ និងថៃ ក៏រងគ្រោះដោយសារព្យុះកំណាចនេះដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់ឃើញថា ថៃ និងមីយ៉ាន់ម៉ា ជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុត បន្ទាប់ពីវៀតណាម ដោយសារព្យុះកំណាចនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ព្យុះ Yagi
ដោយ

រដ្ឋាភិបាលវៀតណាម បានអះអាងថា ព្យុះកំណាច Yagi បានវាយប្រហារប្រទេសវៀតណាម ភាគខាងជើង យ៉ាងធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងរយៈពេល៣០ឆ្នាំមកនេះ ដោយបានបង្កការខូចខាតសេដ្ឋកិច្ចរហូតដល់ទៅជាង១,៦ពាន់លានដុល្លារអាម៉េរិក ដែលអាចនឹងធ្វើឱ្យផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះធ្លាក់ចុះ០,១៥%។

រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក ង្វៀន ជី ឌុង (Nguyen Chi Dung) បានគូសបញ្ជាក់ក្នុងកិច្ចប្រជុំរដ្ឋាភិបាល កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅថា ព្យុះកំណាច Yagi បានវាយប្រហារតំបន់ចំនួន២៦ នៅភាគខាងជើង នៃប្រទេសវៀតណាម ដែលមានទំហំគ្របដណ្ដប់៤១% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះ ហើយស្មើនឹង៤០% នៃប្រជាជនសរុបរបស់វៀតណាម។

យោងតាមទិន្នន័យផ្លូវការបង្ហាញថា ព្យុះកំណាចនេះ បានបំផ្លិចបំផ្លាញផ្ទះប្រជាជនអស់ជិត២៦ម៉ឺនខ្នង សាលារៀនចំនួន១.៣០០កន្លែង ទំនប់ជាង៣០០ទំនប់ បំផ្លាញដំណាំជាង២៦ម៉ឺនហិកតា ធ្វើឱ្យគោក្របី និងបក្សីសរុបជាង២,៣លានក្បាលងាប់ បណ្ដាលឱ្យមនុស្សស្លាប់ជិត៣០០នាក់ និងបាត់ខ្លួនរាប់រយនាក់ ព្រមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀតរួមទាំងផ្លូវថ្នល់ផងដែរ។

ក្រសួងដឹកជញ្ជូនវៀតណាម បានប៉ាន់ប្រមាណថា វៀតណាម នឹងត្រូវការថវិកាដោយឡែកប្រមាណជិត១២០លានដុល្លារអាម៉េរិក សម្រាប់ជួសជុលផ្លូវហាយវេនានា ដែលភ្ជាប់ពីខេត្តភាគកណ្ដាល ទៅកាន់បណ្ដាខេត្តភាគខាងជើង ក្រោយរងការខូចខាតដោយសារបំណាក់ដីដែលបង្កឡើងដោយព្យុះ Yagi។

ដោយឡែក ព្យុះ Yagi ក៏បានវាយប្រហារប្រទេសហ្វីលីពីន និងប្រទេសឡាវ ផងដែរ តែមិនសូវធ្ងន់ធ្ងរ ដោយបណ្ដាលឱ្យមានទឹកជំនន់នៅឡាវ បង្កផលប៉ះពាល់ដល់ប្រជាជនជាង៤ម៉ឺននាក់ តែគ្មានការបញ្ជាក់ពីទំហំខូចខាតនោះទេ។ ទន្ទឹមនេះ ព្យុះ Yagi ក៏បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ផងដែរ ដោយបណ្ដាលឱ្យមានទឹកជំនន់ផ្ដាច់ជីវិតមនុស្សយ៉ាងតិច១១៣នាក់ និងបាត់ខ្លួន៦៤នាក់ គិតត្រឹមល្ងាចថ្ងៃសៅរ៍ សប្ដាហ៍មុន ដោយពលរដ្ឋយ៉ាងតិច៣២ម៉ឺននាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព ខណៈទំហំខូចខាតមិនទាន់មានការបញ្ជាក់នៅឡើយ។

អ្វីដែលជាការកត់សម្គាល់ ថៃ និងមីយ៉ាន់ម៉ា បានក្លាយជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុត បន្ទាប់ពីវៀតណាម ដោយសារព្យុះកំណាច Yagi នេះ។ យោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្ដិ៍ កាលពីថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ព្យុះកំណាច Yagi បានបង្កឱ្យមានទឹកជំនន់ជន់លិចខេត្តរហូតដល់ទៅ១២នៅប្រទេសថៃ ភាគខាងត្បូង ប៉ះពាល់ដល់ពលរដ្ឋប្រមាណ៣ម៉ឺនគ្រួសារ តែមិនទាន់មានការបញ្ជាក់ពីទំហំខូចខាតនៅឡើយទេ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


លោក ដូណាល់ ត្រាំ រួចផុតជីវិតពីការប៉ុនប៉ងធ្វើឃាតជាលើកទី២

បេក្ខជនគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ ត្រូវបានគេប៉ុនប៉ងធ្វើឃាតជាលើកទីពីរនៅពេលលោកកំពុងស្ថិតនៅកន្លែងវាយកូនហ្គោលរបស់លោកនៅក្នុងទីក្រុងផា…

ធនាគារកណ្តាលអាម៉េរិក ត្រូវបានគេរំពឹងថា នឹងកាត់បន្ថយអត្រាការប្រាក់លើកដំបូងនៅថ្ងៃពុធសប្តាហ៍នេះ

ធនាគារកណ្តាកអាម៉េរិក កំពុងត្រៀមខ្លួនប្រកាសពីការកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេលជាង៤ឆ្នាំកន្លងមកនេះ នៅថ្ងៃពុធ ទី១៨ ខែកញ្ញា ដោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ