មានសាកសពស្លាប់រាយប៉ាយនៅតាមដងផ្លូវ ខណៈប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានចោទប្រកាន់កងកម្លាំងរុស្ស៊ីថា បានដាក់គ្រាប់មីនទុក មុនចាកចេញទៅ។
ការប្រយុទ្ធគ្នាបានឈានចូលដល់សប្តាហ៍ទី៦ហើយ គិតមកទល់ថ្ងៃចន្ទដើមសប្ដាហ៍នេះ កងទ័ពអ៊ុយក្រែនបានដណ្តើមយកក្រុងនិងភូមិ ជាង៣០ជុំវិញក្រុងកៀវមកវិញ ចាប់តាំងពីរុស្ស៊ីបានដកថយពីតំបន់នេះ កាលពីដើមសប្តាហ៍មុន។ យ៉ាងណាមិញ ការយកបានមកវិញនូវតំបន់ទាំងនេះ បន្សល់ទុកនូវភាពឈឺចាប់ជាច្រើន ដូចជាសាកសពជនស៊ីវិលស្លាប់ និងសំណក់អាគារដែលដួលរលំបាក់បែក។ ប៊ូឆា (Bucha) ដែលជាក្រុងតូចមួយនៅក្បែររដ្ឋធានីកៀវត្រូវបានគេរាយការណ៍ថា មានជនស៊ីវិលយ៉ាងហោចណាស់៣០០នាក់ត្រូវបានគេសម្លាប់។
រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Liz Truss បាននិយាយថា លោកស្រីមានការតក់ស្លុតយ៉ាងខ្លាំងចំពោះអំពើឃោរឃៅនៅក្នុងទីក្រុង Bucha និងបានសម្តែងការគាំទ្រឲ្យមានការស៊ើបអង្កេតរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើឧក្រិដ្ឋកម្មសង្គ្រាមមួយនេះ ក៏ដូចជាករណីដែលអាចកើតមាននៅក្នុងប្រទេសអ៊ុយក្រែនទាំងមូល។
ដកទ័ពចេញមែនតែរុស្ស៊ីបន្សល់ទុកគ្រាប់មីនជាច្រើន
ស្របពេលដែលទ័ពជើងគោករុស្ស៊ីបានដកថយទៅ កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនក៏បានរាយការណ៍ដែរថា ការវាយប្រហារតាមអាកាស និងកាំជ្រួចរបស់រុស្ស៊ីបានថយចុះដូចគ្នាកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ប៉ុន្តែពួកគេនិយាយថា ទាហានរុស្ស៊ីដែលដកថយពីក្បែរទីក្រុងកៀវ បានដាក់ពង្រាយគ្រាប់មីនជាច្រើន។
ប្រធានាធិបតីហ្សេលេនស្គី បាននិយាយនៅក្នុងខ្សែវីដេអូមួយថា រុស្ស៊ីបានដាក់មីននៅក្នុងដី ក្នុងផ្ទះបាក់បែក និងសូម្បីតែសាកសពមនុស្សស្លាប់ក៏ត្រូវគេបង្កប់គ្រាប់មីនដែរ។
ក្រុមអ្នកជួយសង្គ្រោះបន្ទាន់របស់ប្រទេសអ៊ុយក្រែនបាននិយាយថា គ្រាប់មីនជាង ១៥០០ ត្រូវបានរកគេឃើញក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ នៅភាគខាងលិចនៃទីក្រុងកៀវ។
ក្រសួងការពារជាតិរុស្ស៊ីមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយលើការចោទប្រកាន់អំពីការដាក់គ្រាប់មីននេះទេ។
ការចាកចេញរបស់រុស្ស៊ីនៅក្បែរក្រុងកៀវជាការចាប់ផ្តើមវាយប្រហារថ្មីនៅភាគខាងកើត និងត្បូង
ទីប្រឹក្សាម្នាក់របស់ប្រធានាធិបតីអ៊ុយក្រែនយល់ឃើញថា ទ័ពរុស្ស៊ីបានដកថយយ៉ាងលឿនចេញពីតំបន់ស្ថិតជុំវិញក្រុងកៀវ និងក្រុងឈ៊ែរនីហ្គីវ ស្ថិតប៉ែកខាងជើងអ៊ុយក្រែន និងបានប្រមូលផ្តុំកម្លាំងនៅប៉ែកខាងត្បូង និងប៉ែកខាងកើតជំនួសវិញ។
ភាគីអ៊ុយក្រែនដដែលអះអាងថា ទ័ពរុស្ស៊ីហាក់កំពុងបន្តកាន់កាប់ទីក្រុង Kherson ស្ថិតនៅប៉ែកខាងត្បូងអ៊ុយក្រែន។ បន្ទាប់មកទៀត ទ័ពរស្ស៊ីកំពុងបន្តប្រតិបត្តិការក្រសោបយកទីក្រុងម៉ារីយូប៉ូល និងកំពុងបោះជំហានទៅកាន់តំបន់ដុនបាស់។
បើយោងតាមមន្ត្រីអាមេរិកមួយចំនួនដែលបានវាយតម្លៃចុងក្រោយ ចំពោះស្ថានការណ៍នៅអ៊ុយក្រែនឲ្យដឹងថា រុស្ស៊ីកំពុងប្ដូរមុខព្រួញមកកាន់កាប់តំបន់ Donbas ទាំងស្រុងនិងតំបន់ផ្សេងទៀតនៅភាគខាងកើតអ៊ុយក្រែនជាមួយនឹងកំណត់កាលបរិច្ឆេទច្បាស់លាស់គឺធ្វើយ៉ាងណាយកឈ្នះត្រឹមដើមខែឧសភានេះ។
ជាងមួយខែចូលទៅក្នុងសង្គ្រាម ទ័ពជើងគោករុស្ស៊ីមិនអាចរក្សាការគ្រប់គ្រងលើតំបន់ដែលពួកគេបានប្រយុទ្ធនោះទេ។ ក្រុមមន្ត្រីនៃមន្ទីរបញ្ជកោណអាមេរិកបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ស្ថិតនៅក្រោមសម្ពាធ ដើម្បីធ្វើយ៉ាងណាត្រូវបង្ហាញថាគាត់មានជ័យជំនះខ្លះ។ ហេតុនេះ ភាគខាងកើតអ៊ុយក្រែន គឺជាកន្លែងដែល ទំនងជាអាចឲ្យលោកពូទីន ស្វែងរកជ័យជំនះបានយ៉ាងឆាប់រហ័ស ដោយសារតែគេបានសង្កេតឃើញថាសព្វថ្ងៃនេះ គ្រប់កម្លាំងរបស់អ៊ុយក្រែននៅក្បែរតំបន់ដុនបាស់ហាក់កំពុងផុយស្រួយបន្តិច។ លោកពូទីនចង់ឈ្នះមុនខែឧសភាចូលមកដល់ក៏ដោយសារតែ ថ្ងៃទី៩ ឧសភា គឺជាទិវាជ័យជំនះរបស់រុស្ស៊ី ដែលជាបុណ្យជាតិមួយដ៏ធំ។
គួរជម្រាបថា ភាគីទាំងពីរបានពណ៌នាកិច្ចចរចា ដែលបានធ្វើឡើងនៅសប្តាហ៍នេះក្នុងទីក្រុងអ៊ីស្តង់ប៊ុល និងតាមរយៈវីដេអូអនឡាញថាជា រឿងលំបាក។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានអះអាងថា រឿងសំខាន់ទោះយ៉ាងណាកិច្ចពិភាក្សានៅតែបន្ត ទោះនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួគីម្តងទៀត ឬកន្លែងផ្សេងទៀតក៏ដោយ។
យ៉ាងណាមិញ ការចរចាជុំបន្ទាប់មិនទាន់ត្រូវបានប្រកាសនៅឡើយទេ។ ប៉ុន្តែអ្នកប្រតិភូអ៊ុយក្រែនបង្ហើបថា មានវឌ្ឍនភាពខ្លះៗហើយត្រូវបានធ្វើឡើង ដើម្បីអនុញ្ញាតឱ្យមានការចរចាដោយផ្ទាល់រវាងប្រធានាធិបតីរុស្ស៊ីពូទីន និងលោកហ្សេលេនស្គីប្រធានាធិបតីអ៊ុយក្រែន៕