អ៊ុយក្រែនច្រានចោលសំណើរបស់អាម៉េរិក

អ៊ុយក្រែន ច្រានចោលសំណើរបស់អាម៉េរិក ដែលទាមទារកាន់កាប់រ៉ែកម្រ៥០%ជាថ្នូរនឹងការជួយការពារខ្លួន


សហរដ្ឋអាម៉េរិក ដែលជាបងធំទី១របស់ពិភពលោកបានលើកសំណើទៅអ៊ុយក្រែន កាលពីថ្ងៃពុធ សប្ដាហ៍មុន ដោយទាមទារកាន់កាប់ចំណែកពាក់កណ្ដាលនៃធនធានរ៉ែកម្រទាំងអស់របស់អ៊ុយក្រែន ជាថ្នូរនឹងការជួយគាំទ្រអ៊ុយក្រែនទាំងផ្នែកយោធា និងសេដ្ឋកិច្ចប្រឆាំងទប់ទល់នឹងរុស្ស៊ី ដែលបានបញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ទោះជាយ៉ាងណាសំណើនេះត្រូវបានភាគីអ៊ុយក្រែន ច្រានចោល ខណៈប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គី ចង់បានកិច្ចព្រមព្រៀងដែលប្រសើរជាងនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Financial Times។
អ៊ុយក្រែនច្រានចោលសំណើរបស់អាម៉េរិក
ដោយ

កាលពីប៉ុន្មានថ្ងៃមុននេះសហរដ្ឋអាម៉េរិកបានលើកសំណើទៅអ៊ុយក្រែន ដោយទាមទារកាន់កាប់ចំណែកពាក់កណ្ដាលនៃធនធានរ៉ែកម្រទាំងអស់របស់អ៊ុយក្រែន ជាថ្នូរនឹងការជួយគាំទ្រអ៊ុយក្រែន ទាំងផ្នែកយោធា និងសេដ្ឋកិច្ច ដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ប៉ុន្តែសំណើនេះត្រូវបានភាគីអ៊ុយក្រែនច្រានចោល ខណៈដែលប្រធានាធិបតី ហ្សេឡិនស្គី ចង់បានកិច្ចព្រមព្រៀងដែលប្រសើរជាងនេះ។

រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិកលោក ស្កុត បេស៊ឹន (Scott Bessent) បានបង្ហាញសំណើនេះតាមរយៈសេចក្ដីព្រាង នៃកិច្ចព្រមព្រៀងមួយដល់ប្រធានាធិបតី ហ្សេឡិនស្គី អំឡុងជំនួបរបស់លោកទាំងពីរនៅទីក្រុងគៀវ រដ្ឋធានីនៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃពុធ

សប្ដាហ៍មុន។

ក្រុមមន្ត្រីជាន់ខ្ពស់របស់អ៊ុយក្រែនបានបញ្ជាក់ថា សម្រាប់កិច្ចព្រមព្រៀងបែងចែករ៉ែណាមួយ គឺប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡិនស្គី ចង់ឱ្យសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបចូលរួមជួយធានាសន្តិសុខរបស់អ៊ុយក្រែន ហើយទីក្រុងគៀវ កំពុងចរចារលក្ខខណ្ឌដែលល្អប្រសើរជាងនេះ។

ទោះជាយ៉ាងណា ភ្លាមៗស្ថានទូតអ៊ុយក្រែន ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន និងក្រុមប្រឹក្សាសន្តិសុខជាតិនៅសេតវិមាន មិនបានធ្វើអត្ថាធិប្បាយទេជុំវិញបញ្ហានេះ។

យោងតាមទីភ្នាក់ងារសិក្សាធនធានធម្មជាតិរបស់សហរដ្ឋអាម៉េរិក (USGS) បានឱ្យដឹងថា ប្រទេសអ៊ុយក្រែន គ្មានធនធានរ៉ែកម្រច្រើននោះទេ ប៉ុន្តែបានបញ្ជាក់ថា រ៉ែកម្រមានច្រើនគួរសមនៅក្នុងបណ្ដាតំបន់ភាគខាងកើតរបស់អ៊ុយក្រែន ដែលសព្វថ្ងៃកាន់កាប់ដោយរុស្ស៊ី រួមមានទាំងរ៉ែទីតាញ៉ូម លីចូម និងរ៉ែក្រាភីត (Graphite) ផងដែរ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera បានឱ្យដឹងថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកអាចនឹងជួបប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងពេលឆាប់ៗនេះ ដើម្បីចរចាកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ឈានទៅដល់ការបញ្ចប់សង្គ្រាមជាស្ថាពរ។

លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ថា ពេលវេលាជាក់លាក់សម្រាប់ការចរចាកិច្ចព្រមព្រៀងរវាងរុស្ស៊ី និងអ៊ុយក្រែន មិនទាន់ត្រូវបានកំណត់នៅឡើយទេ ប៉ុន្តែលោកថា ការចរចានេះអាចនឹងធ្វើឡើងនៅក្នុងខែនេះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ថៃ គ្រោងបង្កើតច្រករបៀងសេដ្ឋកិច្ចមួយ ដើម្បីសម្រេចគោលដៅពាណិជ្ជកម្មទ្វេភាគីជាមួយម៉ាឡេស៊ី ឱ្យឈានដល់៣០ពាន់លានដុល្លារអាម៉េរិក

លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រីថៃ បានបង្ហាញមហិច្ឆតាបង្កើតច្រករបៀងសេដ្ឋកិច្ចមួយ ដើម្បីសម្រេចគោលដៅពាណ…

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចែកអំណោយសប្បុរិសធម៌របស់សមាគមឧកញ៉ាកម្ពុជា សរុបជាទឹកប្រាក់ជាង ១,១លានដុល្លារអាម៉េរិក ដើម្បីចូលរួមអភិវឌ្ឍវិស័យអប់រំក្នុងខេត្តកំពង់ធំ

(កំពង់ធំ)៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ