នៅចំពោះមុខក្រុមមេដឹកនាំប្រទេសសមាជិកអាស៊ាន អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូញ៉ូ ហ្គូធើរ៉េស បានរអ៊ូរទាំពីការធ្លាក់ចុះឥទ្ធិពលរបស់អង្គការ សហប្រជាប្រជាជាតិ ដោយលោកអះអាងថា មកទល់ពេលនេះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលែងសូវមានប្រសិទ្ធភាពទៀតហើយ ដោយសារសមាជិករបស់ស្ថាប័នសន្តិសុខនេះមានការខ្វែងគំនិតគ្នាក្នុងការដោះស្រាយវិបត្តិជាច្រើនរបស់ពិភពលោក។
មេ UN រូបនេះបានលើកឡើងថា សមាជិកអចិន្ត្រៃយ៍ទាំង៥របស់ក្រុមប្រឹក្សានេះបានប្រើប្រាស់អំណាចវេតូរបស់ពួកគេ ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ដែលបានធ្វើឱ្យខូចដល់ភាពជឿជាក់របស់អង្គការអន្តររដ្ឋាភិបាលសកលមួយនេះ។ ហើយអ្វីដែលជាបញ្ហាធ្ងន់ធ្ងររបស់អង្គការនេះ គឺការបែកបាក់គ្នាក្នុងចំណោមប្រទេសមហាអំណាចពិភពលោក ដែលបានបង្កើតស្ថាប័នដ៏សំខាន់របស់អង្គការសហប្រជាជាតិសម្រាប់រក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។
សមាជិកអចិន្ត្រៃយ៍ទាំង៥របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរួមមានចិន, បារាំង, រុស្ស៊ី, ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក ដោយប្រទេសនីមួយៗអាចរារាំងសេចក្តីសម្រេចណាមួយរបស់ស្ថាប័ននេះ។ បន្ថែមលើនេះក្រុមប្រឹក្សានេះ ក៏មានសមាជិកមិនអចិន្ត្រៃយ៍១០ប្រទេស ដែលត្រូវបានជ្រើសរើសតាមតំបន់រៀងរាល់ពីរឆ្នាំម្តងផងដែរ ប៉ុន្តែសិទ្ធិអំណាចរបស់ពួកគេមានដែនកំណត់។
អគ្គលេខាធិការអង្គការនេះ បានចាត់ទុករចនាសម្ពន្ធរបស់ក្រុមប្រឹក្សាបច្ចុប្បន្នហាក់ហួសសម័យហើយ និងមិនតំណាងឱ្យពិភពលោកសម័យទំនើបនោះឡើយ ហើយ លោក បានជំរុញឱ្យធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខ ដែលមានសមាជិកអចិន្ត្រៃយ៍មកពីអឺរ៉ុបចំនួនបី អាស៊ីមួយ ប៉ុន្តែគ្មានតំណាងអាហ្វ្រិក និងគ្មានតំណាងអាម៉េរិកឡាទីននេះឡើងវិញ។ ដូច្នេះគេគួរតែធ្វើការផ្លាស់ប្ដូរសមាសភាព ដើម្បីសម្របទៅនឹងអ្វីដែលជាការពិតសព្វថ្ងៃនេះ។
មេ UN បានចាត់ទុកបញ្ហាជម្លោះនៅប្រទេសមីយ៉ាន់ម៉ា តំបន់ហ្គាហ្សា និងតំបន់សមុទ្រចិនខាងត្បូង សុទ្ធសឹងជាប្រធានបទ ដែលត្រូវលើកយកមកពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយ។ សម្រាប់លោក អង់តូញ៉ូ ជំនួយមនុស្សធម៌តែមួយមុខមិនអាចដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ាបាននោះទេ ពោលគឺទាល់តែស្វែងរកមធ្យោបាយក្នុងការបញ្ចប់ជម្លោះតាមរយៈការផ្សះផ្សា ដោះលែងអ្នកទោសនយោបាយ និងការបង្កើតលក្ខខណ្ឌ ដើម្បីវិលទៅរកទម្រង់រដ្ឋាភិបាលប្រជាធិបតេយ្យឡើងវិញទើបជាដំណោះស្រាយល្អ៕
ដោយ៖ សុខ មង្គល