អង្គការសហប្រជាជាតិ

មេ UN ព្រមានគួរឱ្យភ្ញាក់ផ្អើលថា វិបត្តិហិរញ្ញវត្ថុសម្រាប់ខ្លួនជិតកើតឡើងហើយ


លោក អង់តូនីញូ ហ្គោតេរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ កំពុងបញ្ជូនសញ្ញាព្រមានថា ស្ថាប័នពិភពលោកកំពូលមួយនេះកំពុងឈានទៅរកភាពក្ស័យធនផ្នែកហិរញ្ញវត្ថុក្នុងពេលឆាប់ៗខាងមុខនេះ។ វិបត្តិខ្វះសាច់ប្រាក់នេះបានកើតឡើងដោយសារប្រទេសជាសមាជិកមួយចំនួនមិនព្រមបង់វិភាគទានប្រចាំឆ្នាំតាមកាតព្វកិច្ច ខណៈច្បាប់ថវិកាដ៏តឹងរ៉ឺងកំពុងរឹតកស្ថាប័ននេះឱ្យដកដង្ហើមស្ទើរលេងរួច។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
អង្គការសហប្រជាជាតិ
ដោយ

វាមិនមែនជាលើកទីមួយនោះទេ ដែលអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូញូ ហ្គោតេរ៉េស បានព្រមានពីវិបត្តិអស់លុយចំណាយ ពោលគឺលោកបានព្រមានពីបញ្ហានេះជាច្រើនលើករួចមកហើយ។ ប៉ុន្តែលើកនេះ គឺជាការព្រមានដែលធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ខណៈសហរដ្ឋអាម៉េរិក ដែលជាអ្នកបរិច្ចាគដ៏ធំជាងគេ និងជាកូនបំណុលចម្បងនោះ កំពុងដកខ្លួនថយពីប្រព័ន្ធពហុភាគីនិយមលើវិស័យជាច្រើន។

នៅក្នុងលិខិតផ្ញើទៅកាន់រដ្ឋសមាជិកកាលពីសប្តាហ៍មុន មេ UN រូបនេះបានបង្ហើបថា បំណុលដែលមិនទាន់សងមានចំនួនរហូតដល់ជាង១,៥ពាន់លានដុល្លារ សម្រាប់ថវិកាធម្មតាដែលប្រទេសសមាជិកមានកាតព្វកិច្ចត្រូវបង់មកអង្គការសហប្រជាជាតិ។ ទោះបីលិខិតនេះមិនបានបញ្ជាក់ពីឈ្មោះប្រទេសដែលជំពាក់ក៏ដោយ តែបានបញ្ជាក់ថា សហរដ្ឋអាម៉េរិក បានជំពាក់ប្រាក់សរុបប្រមាណ២,១៩ពាន់លានដុល្លារ។ កាលពីឆ្នាំមុន ទីក្រុងវ៉ាស៊ីនតោន បានខកខានបង់ប្រាក់ចំនួន៨២៧លានដុល្លារ និងជំពាក់បន្ថែមសម្រាប់ឆ្នាំ២០២៦ ចំនួន៧៦៧លានដុល្លារទៀត។ កូនបំណុលផ្សេងទៀតរួមមាន ប្រទេសវេណេស៊ុយអេឡា ជំពាក់៣៨លានដុល្លារ និងម៉ិកស៊ិក ជំពាក់២០លានដុល្លារ។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្តេហ្វាន ឌូចារិក (Stephane Dujarric) បាននិយាយដោយមិនបញ្ចេញឈ្មោះសហរដ្ឋអាម៉េរិកចំៗឡើយថា បញ្ហាខ្វះលំហូរសាច់ប្រាក់របស់អង្គការសហប្រជាជាតិ អាចត្រូវបានដោះស្រាយ ប្រសិនបើរដ្ឋជាសមាជិកបានបង់ប្រាក់ ដែលខ្លួនមានកាតព្វកិច្ចត្រូវបង់។

ពាក់ព័ន្ធបញ្ហានេះ កាលពីថ្ងៃអាទិត្យ សប្តាហ៍មុន លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានលើកឡើងថា ខ្លួនជាអ្នកសង្គ្រោះអង្គការសហប្រជាជាតិ ប៉ុន្តែបាននិយាយថា តើអាម៉េរិកនឹងបង់ប្រាក់ ឬអត់នោះទេ ហើយសេតវិមាន និងក្រសួងការបរទេស ក៏មិនបានឆ្លើយតបនៅពេលសួរថាតើសហរដ្ឋអាម៉េរិកនឹងបង់ប្រាក់ឬក៏អត់នោះដែរ។

តើមានអ្វីកើតឡើងបើ UN អស់លុយ? មន្ត្រី UN ម្នាក់បានព្រមានចំៗថា ប្រសិនបើសហរដ្ឋអាម៉េរិក នៅតែរឹងទទឹងមិនបង់ប្រាក់នោះកិច្ចប្រជុំសំខាន់ៗនឹងត្រូវបានលុបចោល កិច្ចការមនុស្សធម៌នឹងត្រូវគាំង បុគ្គលិកនឹងមិនមានប្រាក់ខែ ព្រោះអង្គការសហប្រជាជាតិ ខុសពីរដ្ឋាភិបាលប្រទេសនានា ត្រង់ថា មិនអាចខ្ចីប្រាក់គេបាន ហើយក៏មិនអាចបោះពុម្ពលុយចាយដោយខ្លួនឯងបានដែរ។ បច្ចុប្បន្ន មេ UN កំពុងប្រឹងប្រែងធ្វើកំណែទម្រង់ផ្ទៃក្នុងដោយកាត់បន្ថយការចំណាយ ដើម្បីទប់ទល់នឹងស្ថានភាពដ៏អាក្រក់បំផុតមួយនេះ៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


អាម៉េរិកព្រមានឱ្យពលរដ្ឋខ្លួនចាកចេញពីអ៊ីរ៉ង់ជាបន្ទាន់

ស្ថានទូតបណ្ដោះអាសន្នរបស់សហរដ្ឋអាម៉េរិកប្រចាំប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី៦ ខែកុម្ភៈ បានបង្ហោះសារព្រមានកម្រិតអាសន្ន ដោយបង្គាប់ឱ្យពលរដ្ឋអាម៉េរិកទាំង…

មេ UN ព្រមានថា ការអស់សុពភាពនៃសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរវាងអាម៉េរិក និងរុស្ស៊ី ជាការគំរាមកំហែងធ្ងន់ធ្ងរសម្រាប់ពិភពលោក

លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានព្រមានថា ពិភពលោកកំពុងស្ថិតក្នុងគ្រោះថ្នាក់ធំហើយ បន្ទាប់ពីសន្ធិសញ្ញាកាត់បន្ថយសព្វា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ