កូរ៉េខាងជើង សហភាពអឺរុប

UN ថា កូរ៉េខាងជើងលួចលុយឌីជីថលបានជាង ១ ពាន់លានដុល្លារ ដើម្បីទ្រទ្រង់កម្មវិធីអាវុធនុយក្លេអ៊ែរ


តាមរយៈរបាយការណ៍ប្រចាំឆ្នាំសម្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គេបានឱ្យដឹងថា ក្នុងឆ្នាំ ២០២២ ប្រទេសកូរ៉េខាងជើងដែលនៅតែបន្តបាញ់សាកល្បងកាំជ្រួចផ្លោងស្ទើរគ្រប់ប្រភេទនាពេលថ្មីនេះ បានលួចរូបិយប័ណ្ឌឌីជីថល ក្នុងចំនួនមួយដ៏ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មាន។ លុយដែលកូរ៉េខាងជើងលួចបាននោះត្រូវបានប៉ាន់ប្រមាណថាមានជាង ១ ពាន់លានដុល្លារ។
កូរ៉េខាងជើងប្រើបច្ចេកវិទ្យាអ៊ិនធើណិតកាន់តែខ្ពស់ក្នុងការលួចលុយឌីជីថលជាង ១ ពាន់លានដុល្លារ!

ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិសម្មតថាលុយទាំងនោះអាចត្រូវបានប្រើប្រាស់សម្រាប់បន្តកម្មវិធីអភិវឌ្ឍន៍អាវុធរបស់ប្រទេសបំពាក់អាវុធនុយក្លេអ៊ែរនេះ។ ក្រៅពីនេះ កូរ៉េខាងជើងក៏ទំនងជាបាននាំចេញបរិក្ខារគមនាគមន៍យោធា ទៅឱ្យប្រទេសរុស្ស៊ីទៀត។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានជប៉ុន នីកកេ អេស៊ា (Nikkei Asia)។

របាយការណ៍ដែលផ្សាយកាលពីថ្ងៃពុធ ដោយក្រុមតាមដានការអនុវត្តការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងព្យុងយ៉ាង បានប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិឌីជីផល ដែលគេស្គាល់ថា គ្រីបតូឃើរិនស៊ី (Cryptocurrency) ចាបពីជាង ៦៣០ លានដុល្លារ ទៅជាង ១ ពាន់លានដុល្លារ ត្រូវបានលួចដោយក្រុមចោរកូរ៉េខាងជើង យកទៅឱ្យរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។ នេះជាបរិមាណលុយឌីជីថលដែលកូរ៉េខាងជើងលួចបាននេះ គឺកើនឡើងទ្វេដង បើប្រៀបនឹងអ្វីដែលប្រទេសនេះលួចបានកាលពីឆ្នាំ២០២១។

ក្រុមអ្នកអ្នកស្រាវជ្រាវខាងលើបាននិយាយថា៖ «ប្រទេសនេះបានប្រើបច្ចេកទេសអ៊ីនធឺណេត ដែលកាន់តែទំនើបឡើង ដើម្បីបានចូលក្នុងបណ្តាញឌីជីថលពាក់ព័ន្ធនឹងប្រព័ន្ធហិរញ្ញវត្ថុតាមអ៊ីនធឺណិត និងដើម្បីលួចព័ត៌មានដ៏មានតម្លៃ រួមទាំងព័ត៌មានដែលមានប្រយោជន៍ចំពោះកម្មវិធីអាវុធរបស់ខ្លួនផងដែរ»។

ទ្រព្យសម្បត្តិគ្រីបតូគឺជារូបិយប័ណ្ណឌីជីថលដែលត្រូវបានរចនាឡើង ដើម្បីសម្រួលដល់ការផ្ទេរប្រាក់តាមរយៈបណ្តាញកុំព្យូទ័រ ដោយមិនចាំបាច់ឆ្លងកាត់ស្ថាប័នកណ្តាលណាមួយ ដូចជារដ្ឋាភិបាលឬធនាគារនោះទេ។

ទន្ទឹមគ្នានេះ របាយការណ៍បានជំរុញឱ្យប្រទេសសមាជិកទាំងឡាយរបស់អង្គការសហប្រជាជាតិអនុម័តគោលការណ៍ណែនាំរបស់ក្រុមការងារសកម្មភាពហិរញ្ញវត្ថុប្រឆាំងការលាងលុយកខ្វក់ ដើម្បីការពារទ្រព្យសម្បត្តិឌីជីថល កុំឱ្យគេលួចយកទៅប្រើប្រាស់ដើម្បីបន្តអភិវឌ្ឍន៍កម្មវិធីអាវុធមហាប្រល័យ។

តាមរយៈការស៊ើបអង្កេតរបស់ខ្លួន គណៈកម្មាការអនុវត្តការដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើងដដែល ក៏បានរកឃើញថា ទំនងជាមានការនាំចេញបរិក្ខារគមនាគមន៍យោធាទៅកាន់ប្រទេសរុស្ស៊ីដែរ។ ក្រុមអ្នកស្រាវជ្រាវទាំងនោះបាននិយាយថា ខ្លួនបានចាប់ផ្ដើមពិនិត្យមើលការអះអាងអំពីការនាំចេញគ្រាប់រំសេវទៅឱ្យរុស្ស៊ីថែមទៀតផង ស្របពេលដែលរដ្ឋាភិបាលរុស្ស៊ីធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន។

របាយការណ៍បានរកឃើញថា កម្មវិធីមីស៊ីលផ្លោងរបស់កូរ៉េខាងជើងបានបន្តបង្កើនល្បឿនយ៉ាងខ្លាំង ដោយកាលពីឆ្នាំមុន ទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងកាំជ្រួច ៧៣ ដង រួមទាំងកាំជ្រួចផ្លោងអន្តរទ្វីបចំនួន ៨ លើកផង។ កម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើងក៏បានបង្ហាញឱ្យឃើញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ តាមរយៈការបង្កើនបរិមាណសារធាតុសម្រាប់ផលិតអាវុធ និងសកម្មភាពនៅមជ្ឈមណ្ឌលសម្រាប់ស្រាវជ្រាវនុយក្លេអ៊ែរនិងសម្រាប់បាញ់សាកល្បង៕




អត្ថបទបន្ទាប់


វៀតណាមនឹងស៊ើបអង្កេតលើបណ្ដាញសង្គម TikTok ជុំវិញខ្លឹមសារបង្កគ្រោះថ្នាក់

រដ្ឋាភិបាលវៀតណាមបានឱ្យដឹងថា ចាប់ពីខែឧសភានេះតទៅ ខ្លួននឹងស៊ើបអង្កេតប្រតិបត្តិការរបស់កម្មវិធីបណ្តាញសង្គម ទិកតុក (TikTok) ដែលប្រជាជនវៀតណាម…

បទវិភាគ៖ តើលោក ចូកូវី របស់ឥណ្ឌូនេស៊ី អាចបន្តដឹកនាំជោគវាសនាប្រជាជាតិ ២៧៣ លាននាក់បានមួយអាណត្តិទៀតឬទេ ?

សេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីមានកំណើន ៩ ឆ្នាំ ជាប់ៗគ្នា ក្រោមអាណិត្តរបស់លោកប្រធានាធិបតី ចូកូ វីដូដូ។ បច្ចុប្បន្ន ប្រមុខរដ្ឋក្នុងតំណែងពីរអាណត្តិប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ