តើលោក ចូកូ វីដូដូ អាចនឹងបន្តកាន់អំណាចដល់អាណត្តិទី៣បានទេ?

បទវិភាគ៖ តើលោក ចូកូវី របស់ឥណ្ឌូនេស៊ី អាចបន្តដឹកនាំជោគវាសនាប្រជាជាតិ ២៧៣ លាននាក់បានមួយអាណត្តិទៀតឬទេ ?


សេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីមានកំណើន ៩ ឆ្នាំ ជាប់ៗគ្នា ក្រោមអាណិត្តរបស់លោកប្រធានាធិបតី ចូកូ វីដូដូ។ បច្ចុប្បន្ន ប្រមុខរដ្ឋក្នុងតំណែងពីរអាណត្តិបន្តបន្ទាប់គ្នារូបនេះ ស្ថិតនៅចន្លោះចលនាជំរុញឱ្យលោកបន្តតំណែងជាលើកទី ៣ ខុសពីពីរដ្ឋធម្មនុញ្ញ និងចលនាចំរុញឱ្យលោកគោរពរដ្ឋធម្មនុញ្ញ ដោយបញ្ចប់អាណិត្តតាមពេលកំណត់នៅឆ្នាំ២០២៤។ តើលោក ចូកូ វីដូដូ (Joko Widodo) ដែលប្រជាជនច្រើនហៅថា ចូកូវី ៗ នោះ អាចនឹងបន្តកាន់អំណាចដល់អាណត្តិទី៣បានទេ?
តើលោក ចូកូ វីដូដូ អាចនឹងបន្តកាន់អំណាចដល់អាណត្តិទី៣បានទេ?

លោក ចូកូវី ជាប្រធានាធិបតីទី ៧ របស់ប្រទេសឥណ្ឌូនេស៊ី ដែលមានប្រជាជនសរុប ២៧៣ លាននាក់។ មុនពេលក្លាយជាប្រមុខរដ្ឋ រូបលោកបានជាប់ឆ្នោតជាអភិបាលទីក្រុង ស៊ូរ៉ាកាតា (Surakarta ) ពីឆ្នាំ២០០៥ ដល់ ឆ្នាំ២០១២, ជាអភិបាលក្រុង ហ្សាការតា ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤។ លោក ចូកូវី បានឡើងកាន់អំណាចប្រធានាធិបតីនៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០១៤ បន្តពីលោក ស៊ូស៊ីឡូ បាំបាង យូដូយូណូ (Susilo Bambang Yudhoyono)។

នៅក្នុងថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ២០២៤ ខាងមុខ ឥណ្ឌូនេស៊ីគ្រោងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ប៉ុន្តែមានបញ្ហាមួយចំនួនដែលធ្វើឱ្យប្រតិទិនបោះឆ្នោតនេះច្របូកច្របល់។ ទី១ រដ្ឋធម្មនុញ្ញហាមមិនឱ្យប្រធានាធិបតីកាន់អំណាចលើសពីពីរអាណត្តិទេ ប៉ុន្តែអ្នកជិតស្និទ្ធនឹងលោកចូកូ វីដូដូ ដែលមានទាំងអំណាច មានទាំងធនធាន ចង់ឱ្យគាត់បន្តអំណាចលើសពីការកំណត់នៅក្នុងច្បាប់ ដើម្បីឱ្យពួកគេអាចបន្តទទួលបានផលប្រយោជន៍ពីលោកប្រធានាធិបតី។ ទី២ គណបក្សតូចមួយនៅក្នុងឆាកនយោបាយឥណ្ឌូនេស៊ី គឺគណបក្ស ព្រីម៉ា (Prima) បានប្ដឹងសុំពន្យាពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដោយសារតែគណៈកម្មាធិការបោះឆ្នោតនៃប្រទេសនេះ បានហាមឃាត់ខ្លួនមិនឱ្យចូលរួមបោះឆ្នោត ហើយតុលាការបានសម្រេចឱ្យពន្យាពេលការបោះឆ្នោតចំនួន ២ ឆ្នាំ ៤ ខែ និង ៧ ថ្ងៃ ខណៈដែលនៅក្នុងច្បាប់ឥណ្ឌូនេស៊ី មានតែគណៈកម្មាធិការរៀបចំការបោះឆ្នោតប៉ុណ្ណោះដែលអាចសម្រេចពន្យាពេលការបោះឆ្នោត ហើយជាការបោះឆ្នោតថ្នាក់មូលដ្ឋានផង មិនមែនការបោះឆ្នោតសភាឬការបោះឆ្នោតជ្រើសរើសប្រធានាធិបតីទេ។ រីឯតុលាការធម្មនុញ្ញឥណ្ឌូនេស៊ីវិញ ស្ថាប័ននេះពុំមានសមត្ថកិច្ចសើរើសេចក្ដីសម្រេចរបស់តុលាការថ្នាក់ទាបទេ។ បញ្ហាទាំងនាំបាននាំឱ្យមានការគិតថា អាចនឹងមានការកែប្រែបទប្បញ្ញតិ្តរដ្ឋធម្មនុញ្ញ ដើម្បីអនុញ្ញាតឱ្យលោក ចូកូវី ដែលមានប្រជាប្រិយភាព បានឈរឈ្មោះម្ដងទៀត។

ជាច្រើនឆ្នាំកន្លងមកនេះ បណ្ដាអ្នកនយោបាយដ៏មានអំណាច រួមទាំងលោក លូហ៊ុត ប៉ាន់ចៃតាន (Luhut Pandjaitan) ដែលទីប្រឹក្សាដ៏ជិតស្និទ្ធម្នាក់របស់លោក ចូកូវី និងដែលគេហៅថា “រដ្ឋមន្ត្រីសម្រាប់អ្វីៗគ្រប់យ៉ាង” បាននឹងកំពុងធ្វើកិច្ចការជាច្រើន ដើម្បីទុកលោកប្រធានាធិបតីផុតអាណត្តិឱ្យនៅក្នុងតំណែងបន្តទៀត។ កិច្ចការទាំងនេះអាចមានចាប់តាំងពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីលុបព្រំដែនអាណត្តិ រហូតដល់ការពន្យារពេលការបោះឆ្នោត ដោយផ្អែកលើលេសជំងឺរាតត្បាតកូវីដ ១៩។

ក្នុងឆ្នាំ២០២២ លោក ចូកូវី ខ្លួនឯង បានប្រកាសរួចហើយថា លោកនឹងមិនស្វះស្វែងរកឱកាសបន្តកាន់អំណាចលើសពីអាណត្តិដែលនឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ២០២៤ខាងមុខឡើយ ហើយក៏មិនព្យាយាមធ្វើការកែប្រែរដ្ឋធម្មនុញ្ញដែរ។ ប៉ុន្តែ គាត់ហាក់ដូចជាមានជំហរផ្សេងៗមិនស៊ីសង្វាក់គ្នា។ ពេលខ្លះគាត់បានច្រានចោលការអំពាវនាវឱ្យគាត់បន្តកាន់តំណែង។ ពេលខ្លះទៀត សេចក្តីថ្លែងការណ៍របស់គាត់មានភាពស្រពិចស្រពិល រហូតដល់មានពាក្យចចាមអារ៉ាមថាគាត់ចូលរួមក្នុងផែនការដែលរារាំងគាត់មិនឱ្យបាត់បង់តំណែងប្រធានាធិបតីទៀតផង។

គំនិតដែលចង់បន្តអាណត្តិរបស់លោក ចូកូ វីដូដូ បានទទួលការគាំទ្រជាសាធារណៈតិចតួច ហើយក្រុមសង្គមស៊ីវិលភាគច្រើន ដែលចលករដ៏សំខាន់នៃមតិសាធារណៈ បានច្រានចោលទស្សនៈបែបនោះ។ ក្រុមអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីបានសំដែងការរំជួលចិត្ត ហើយជំរុញឱ្យអ្នកនយោបាយគិតថាលទ្ធិប្រជាធិបតេយ្យរបស់ឥណ្ឌូនេស៊ីមានភាពធន់ ហើយដាស់តៀនថា ក្រុមយុវនិស្សិតឥណ្ឌូនេស៊ីជាក្រុមដែលមានការតស៊ូដ៏ស្វិតស្វាញមួយ ដើម្បីរក្សាប្រព័ន្ធបោះឆ្នោតប្រធានាធិបតី។

លោក ចូកូវី ត្រូវបានគេស្គាល់ថាជាពលរដ្ឋសាមញ្ញមួយរូបក្នុងគ្រួសារជាងឈើមួយនៅទីក្រុង ស៊ូរ៉ាកាតា ហើយក៏ធ្លាប់ជាមន្រ្តីសាមញ្ញមួយរូបដែរ។ លោកក៏បានប្រឡូកនៅក្នុងអាជីវកម្មគ្រួសារ ហើយបានពង្រីកអាជីវកម្មរហូតក្លាយជាអ្នកនាំចេញគ្រឿងសង្ហារឹមដ៏ល្បីល្បាញ មុនពេលលោកក្លាយជាអភិបាលក្រុង ស៊ូរ៉ាកាតា។ នៅក្នុងអាណត្តិជាប្រធានាធិបតី លោក ចូកូវី បានផ្តោតសំខាន់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រួមទាំងគម្រោងពង្រីកផ្លូវគមនាគមន៍ ផ្លូវដែក ការអភិវឌ្ឍន៍កំពង់ផែសមុទ្រ ព្រលានយន្តហោះ និងប្រព័ន្ធធារាសាស្រ្ត។ ក្នុងឆ្នាំ ២០១៨ លោកបានអះអាងថា ឥណ្ឌូនេស៊ីត្រូវការរហូតដល់ទៅ ១៥៧ ពាន់លានដុល្លារ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំបំផុតក្នុងប្រវត្តិសាស្ត្រឥណ្ឌូនេស៊ី។ អ្វីដែលសំខាន់ថែមទៀតនោះ គឺលោកជាអ្នកដឹកនាំដែលបានសម្រេចចិត្តផ្លាស់ប្តូរដ្ឋធានី ទៅកាន់កន្លែងថ្មីដែលកំពុងតែសាងសង់មានតម្លៃដល់ទី ៣៣ ពាន់លានដុល្លារ។ ផែនការនេះគ្រោងអនុវត្តពេញទំហឹងចាប់ពីឆ្នាំ២០២៤ ហើយដំណើរការនៃការផ្លាស់ប្តូររដ្ឋធានីគ្រោងបញ្ចប់នៅមុនឆ្នាំ២០៣០។

សេដ្ឋកិច្ចឥណ្ឌូនេស៊ីកាលពីឆ្នាំ២០២២ មានកំណើនសរុបប្រមាណជា ៥,៣១ ភាគរយ ហើយមានទុនបម្រុងដល់ទៅ ២៤ ពាន់លានដុល្លារ ពោលគឺមានកំណើនកើនឡើងជាប់ ៩ ឆ្នាំ។ ប៉ុន្តែរដ្ឋាភិបាលរបស់លោកពុំមានថវិកាគ្រប់គ្រាន់សម្រាប់ការងារអភិវឌ្ឍថ្មីដ៏សម្បើមនោះទេ។ នៅពេលដែលក្រុមហ៊ុន សុហ្វប៊ែង ហ្គ្រុប (Softbank Group) របស់ជប៉ុនបានដកខ្លួនចេញពីគម្រោងរដ្ឋធានីឆ្លាតវៃបៃតង ឈ្មោះ នូសានតារ៉ា (Nusantara) កាលពីខែមីនាឆ្នាំមុន ក្រោមហេតុផលថាមិនសូវចំណេញ រដ្ឋបាលលោក វីដូដូ បានព្យាយាមរកថវិកាមកបំពេញចន្លោះប្រហោងនោះ។ ឥណ្ឌូនេស៊ីបានចែចូវប្រទេសចិន ហ្វាំងឡង់ សហរដ្ឋអាមេរិក អាល្លឺម៉ង់ ហូឡង់ ចក្រភពអង់គ្លេស និងអារ៉ាប់រួម ប៉ុន្តែមិនទាន់មានការចុះកិច្ចព្រមព្រៀងណាមួយនៅឡើយ។

អ្នកសង្កេតការណ៍ជាច្រើនជឿថា អាណត្តិរបស់លោក ចូកូវី បាននាំទៅរកការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ ដោយប្រទេសឥណ្ឌូនេស៊ីបានធ្លាក់ចុះនៅក្នុងចំណាត់ថ្នាក់របស់អង្គការ ហ្វ្រីឌឹម ហោស (Freedom House)។ គម្រោងបន្តអាណត្តិរបស់លោកបច្ចុប្បន្នអាស្រ័យលើសេចក្ដីសម្រេចរបស់តុលាការកំពូលទីក្រុងហ្សាការតា ដែលបានទទួលបណ្ដឹងឧទ្ធរណ៍ជំទាស់នឹងសេចក្ដីសម្រេចរបស់តុលាការជាន់ទាបលើបណ្ដឹងរបស់គណបក្ស ព្រីម៉ា។ ការសម្រេចចិត្តរបស់តុលាការនេះអាចត្រូវចំណាយពេលមួយរយៈ ហើយទំនងជាត្រូវប្តឹងសារទុក្ខទៅតុលាការកំពូលឥណ្ឌូនេស៊ីថែមទៀត។

លោក អេហ្គុស ហារីមួរទី យូដូយ៉ូណូ (Agus Harimurti Yudhoyono) ដែលជាកូនប្រុសអតីតប្រធានាធិបតី ស៊ូស៊ីឡូ បាំបាង យូដូយ៉ូណូ និងដែលជាអ្នកនយោបាយកំពុងរះផង បាននិយាយក្នុងសុន្ទរកថាដ៏ក្ដៅគគុកមួយកាលពីដើមខែមេសានេះ។ លោកបានព្រមានថា ការពន្យារពេលការបោះឆ្នោតនឹងនាំឱ្យមាន "ភាពវឹកវរ" និងធ្វើឱ្យ "ពិភពលោកចាត់ទុកប្រទេសឥណ្ឌូនេស៊ីជាសាធារណរដ្ឋចេក”។

ទោះជាយ៉ាងណាក៏ដោយ មានតែពេលវេលាទេ ទើបអាចឆ្លើយទៅនឹងសំណួរថា តើការពន្យារពេលបោះឆ្នោត ឬវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីអនុញ្ញាតឱ្យលោក ចូកូវី អាចបន្តអាណត្តិ ទទួលបានជោគជ័យឬយ៉ាងណា។ អំឡុងពេលរងចាំ ពុំមានអ្វីអាចរារាំងក្រុមមនុស្សស្និទ្ធនឹងលោក វីដូដូ មិនឱ្យរកមធ្យោបាយរក្សារូបលោកនៅក្នុងដំណែងឡើយ៕




អត្ថបទបន្ទាប់


UN ថា កូរ៉េខាងជើងលួចលុយឌីជីថលបានជាង ១ ពាន់លានដុល្លារ ដើម្បីទ្រទ្រង់កម្មវិធីអាវុធនុយក្លេអ៊ែរ

ព័ត៌មាន
តាមរយៈរបាយការណ៍ប្រចាំឆ្នាំសម្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គេបានឱ្យដឹងថា ក្នុងឆ្នាំ ២០២២ ប្រទេសកូរ៉េខាងជើងដែលនៅតែបន្តបាញ់សាក…

ក្រុមហ៊ុនចិន BYD ចង់វ៉ាផ្ដាច់ក្រុមហ៊ុន Tesla របស់អាមេរិកនៅឆ្នាំនេះ

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្តរបស់ចិន BYD កំពុងកំណត់គោលដៅរបស់ខ្លួន ដើម្បីវ៉ាផ្ដាច់គូប្រជែងរបស់ខ្លួនគឺក្រុមហ៊ុន Tesla របស់អាមេរិក ក្នុងការលក់រថយន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ