សារព័ត៌មានធំៗបានរាយការណ៍ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានគាំទ្រសំណើដែលបានលើកឡើងដោយលោកប្រធានាធិបតីអាម៉េរិក ចូ បៃដិន សម្រាប់បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។ យ៉ាងណាមិញ ប្រទេសរុស្ស៊ីបានបោះឆ្នោតអនុប្បវាទលើសំណើដំណោះស្រាយដែលស្នើដោយសហរដ្ឋអាម៉េរិក ខណៈដែលសមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន១៤ប្រទេស បានបោះឆ្នោតគាំទ្រដំណោះស្រាយ ដែលគាំទ្រផែនការបទឈប់បាញ់បីដំណាក់កាល ដែលដាក់ចេញដោយលោក ចូ បៃដិន កាលពីថ្ងៃទី៣១ ខែឧសភា ដោយតំណាងរុស្ស៊ីបានពិពណ៌នាថា នេះជាគំនិតផ្តួចផ្តើមរបស់អ៊ីស្រាអែល។
ក្រោយការដាក់ចេញដំណោះស្រាយនេះ ក្រុមហាម៉ាស់ បានស្វាគមន៍ចំពោះការអនុម័តដំណោះស្រាយដែលព្រាងដោយសហរដ្ឋអាម៉េរិក ហើយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយអ្នកសម្របសម្រួលលើការអនុវត្តគោលការណ៍នៃផែនការ ដែលស្របតាមការទាមទាររបស់ប្រជាជន និងការតស៊ូរបស់ប៉ាឡេស្ទីន។
លោកស្រី លីនដា ថូម៉ាស ហ្រ្គីនហ្វៀល (Linda Thomas-Greenfield) ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំនៅអង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខបន្ទាប់ពីការបោះឆ្នោតថា ថ្ងៃនេះយើងបានបោះឆ្នោតដើម្បីសន្តិភាព។ ដំណោះស្រាយដែលបានដាក់ស្នើដោយសហរដ្ឋអាម៉េរិក បានជំរុញឱ្យអ៊ីស្រាអែល និងហាម៉ាស អនុវត្តលក្ខខណ្ឌរបស់ខ្លួនឱ្យបានពេញលេញដោយមិនពន្យារពេល និងដោយគ្មានលក្ខខណ្ឌ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុមហាម៉ាស បាននិយាយថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយអ្នកសម្របសម្រួលលើការអនុវត្តគោលការណ៍នៃផែនការបទឈប់បាញ់ខាងលើ។ បន្ថែមលើនេះក្រុមហាម៉ាស បានបង្ហាញពីឆន្ទៈក្នុងការទទួលយកកិច្ចព្រមព្រៀងដែលនឹងធានាបាននូវការបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា ខណៈដែលនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បាននិយាយថា លោកបានប្តេជ្ញាចិត្តក្នុងការបន្តសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស់៕
ដោយៈ សរ សុជាតិ