
ថ្លែងទៅកាន់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសេតវិមាន រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោក ស្កុត បេសេន (Scott Bessent) បានឱ្យដឹងថា ការប្រមូលចំណូលពន្ធគយថ្មី ដែលលោក ដូណាល់ ត្រាំ អនុវត្តជាសកល១០% លើទំនិញនាំចូលទីផ្សារអាម៉េរិក និងពន្ធលើទំនិញដែក អាលុយមីញ៉ូម និងរថយន្ត បានចាប់អនុវត្តនៅអំឡុងត្រីមាសទី២ ឆ្នាំនេះ។ បើតាមការអះអាងរបស់លោក បេសេន ចាប់តាំងពីដើមឆ្នាំរហូតមកទល់ពេលនេះអាម៉េរិកប្រមូលចំណូលពន្ធគយបានប្រមាណ១០០ពាន់លានដុល្លារ។
យ៉ាងណាមិញ លោក បេសេន រំពឹងថា ការប្រមូលចំណូលពន្ធគយរបស់អាម៉េរិកនឹងអាចហក់ដល់៣០០ពាន់លានដុល្លារ នៅត្រឹមដំណាច់ឆ្នាំ២០២៥ ក្រោយវិធានការពន្ធគយរបស់លោក ដូណាល់ ត្រាំ ត្រូវបានអនុវត្តពេញលេញ។ ជាការពិតណាស់ ដើម្បីប្រមូលពន្ធឱ្យបានឈានដល់៣០០ពាន់លានដុល្លារនៅឆ្នាំ២០២៥ សហរដ្ឋអាម៉េរិក ត្រូវដំឡើងពន្ធខ្ពស់លើបណ្ដាប្រទេសជាដៃគូពាណិជ្ជកម្ម និងសម្រុកប្រមូលពន្ធក្នុងប៉ុន្មានខែខាងមុខនេះ។
លោក Scott Bessent បានលើកឡើងបន្ថែមទៀតថា ការិយាល័យថវិកានៃរដ្ឋសភាអាម៉េរិក បានប៉ាន់ប្រមាណថា ប្រាក់ចំណូលពន្ធដែលប្រមូលបាននឹងមានចំនួនសរុបប្រមាណ២,៨ទ្រីលានដុល្លារ ក្នុងរយៈពេល១០ឆ្នាំ ដែលសហរដ្ឋអាម៉េរិក យល់ថា ហាក់នៅទាបនៅឡើយ៕
ដោយ: តែម សុខុម