ផលិតផលកាត់ដេរធ្លាក់ចុះ

ក្រុមសហជីព បារម្ភពីការកើនឡើងនៃព្យួរការងារកម្មករ-និយោជិត ខណៈការបញ្ជាទិញផលិតផលកាត់ដេរធ្លាក់ចុះ


ការបញ្ជាទិញផលិតផលកាត់ដេររបស់កម្ពុជាពីទីផ្សារអន្តរជាតិ ជាពិសេសសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក មិនទាន់មានសញ្ញាវិជ្ជមានឡើងវិញនៅឡើយទេ នៅចុងឆ្នាំ២០២២នេះ។ ជុំវិញបញ្ហានេះ ក្រុមសហជីពតំណាងកម្មករ-កម្មការិនីរោងចក្រកាត់ដេរ បានបង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំង ដ្បិតថាវាប៉ះពាល់ដល់ការងារ និងប្រាក់ចំណូលរបស់កម្មករកម្មការិនី។
ក្រុមសហជីព បារម្ភពីការកើនឡើងនៃព្យួរការងារកម្មករ-និយោជិត ខណៈការបញ្ជាទិញផលិតផលកាត់ដេរធ្លាក់ចុះ

ប៉ុន្ដែ អ្នកនាំពាក្យ​ក្រសួងការងារអះអាងថា សម្រាប់​ឆ្នាំ២០២២នេះ វិស័យកាត់ដេរ​ហាក់មិនសូវមានការខុសប្លែកខ្លាំងពីឆ្នាំ២០២១នោះឡើយ ប៉ុន្ដែ នៅឆ្នាំ២០២៣ វិស័យនេះ អាចនឹងស្ថិតក្នុងស្ថានភាព​គួរប្រុងប្រយ័ត្ន ដ្បិតការបញ្ជាទិញពីអឺរ៉ុប​នឹងថយចុះ។

វិបត្តិកូវីដ-១៩ និងសង្គ្រាមនៅអ៊ុយក្រែន បាននិងកំពុងបង្កើតជាភាពមិនច្បាស់លាស់ដល់ទីផ្សារបញ្ជាទិញផលិតផលស្បែក និងសម្លៀកបំពាក់កម្ពុជា ជាពិសេសទីផ្សារសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ ជាក់ស្តែង បញ្ហាទាំងនេះបានធ្វើឲ្យការនាំចេញផលិតផលស្បែកជើងពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិហាក់មានទំនោរធ្លាក់ចុះនៅឆ្នាំនេះ ដែលកំពុងក្លាយជាបញ្ហាចោទសម្រាប់អ្នកវិនិយោគ និងកម្មករដែលធ្វើការក្នុងវិស័យនេះ។ ជុំវិញបញ្ហានេះ ក្រុមកម្មករ-កម្មការិនី រោងចក្រកាត់ដេរសម្លៀកបំពាក់នៅតាមបណ្ដារោងចក្រកាត់ដេរមួយចំនួន បានអះអាងថាខេមបូណូមីស ដោយសុំមិនបញ្ចេញឈ្មោះថា ចាប់ពីចុងខែកញ្ញាមក រោងចក្ររបស់ពួកគាត់មិនសូវមានការងារ ធ្វើនោះទេ ជាពិសេសពួកគាត់មិនមានការងារថែមម៉ោងនោះឡើយ ដែលធ្វើឲ្យប្រាក់ចំណូលប្រចាំខែពួកគាត់ត្រូវថយចុះគួរឲ្យកត់សម្គាល់។

ជុំវិញបញ្ហាព្យួរ ឬកាត់បន្ថយម៉ោងការងាររបស់កម្មករ-កម្មការិនី នាពេលនេះ ត្រូវបានលោក អាត់ ធន់ ​ប្រធាន​សហភាព​ការងារ​កម្ពុជា (CLC) និងលោក ហ្វា សាលី ប្រធានសហព័ន្ធសហជីពជាតិ បង្ហាញនូវការព្រួយបារម្ភចំពោះស្ថានភាពវិស័យកាត់ដេរនៅកម្ពុជា ដែលជាក្ដីកង្វល់សម្រាប់សេដ្ឋកិច្ចកម្មករ-កម្មការិនី។ លោក អាត់ ធន់ ​ប្រធាន​សហភាព​ការងារ​កម្ពុជា បានអះអាងថា បច្ចុប្បន្ន មានរោងចក្រមួយចំនួនបាននិងកំពុងកាត់បន្ថយចំនួនម៉ោងការងារ និងឈានដល់ការព្យួរការដល់កម្មករ-កម្មការិនី ដោយសារតែការបញ្ជាទិញបានធ្លាក់ចុះ ដែលប៉ះពាល់ដល់សេដ្ឋកិច្ចកម្មករ-កម្មការិនី។ បើតាមលោក អាត់ ធន់ បញ្ហានេះមិនមែនជាបញ្ហាថ្មីឡើយ សម្រាប់វិស័យកាត់ដេរនៅកម្ពុជា ខណៈកន្លងមក លោកក៏មិនទាន់ឃើញមានដំណោះស្រាយសមស្របណាមួយពីក្រសួង-ស្ថាប័នពាក់ព័ន្ធនានា សម្រាប់កម្មករ-កម្មការិនី នោះដែរ។ បើទោះបីជា បញ្ហានេះអាចនឹងប្រសើរឡើងវិញក្រោយរដូវរងារបានបញ្ចប់ និងអាចឲ្យការបញ្ជាទិញផលិតផលត្រឡប់មករកសភាពធម្មតាឡើងវិញក្ដី តែលោក អាត់ ធន់ នៅតែបង្ហាញពីការព្រួយបារម្ភពីការបាត់បង់ការងារ និងប្រាក់ចំណូលរបស់កម្មករ-កម្មការិនី។

លោក ហ្វា សាលី ប្រធានសហព័ន្ធសហជីពជាតិ បានកត់សម្គាល់ឃើញថា ការអូសបន្លាយនៃសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន គួបផ្សំ នឹងបញ្ហាអាកាសធាតុ បាននិងកំពុងជះផលអវិជ្ជមាន​ដល់កម្មករ-កម្មការិនី នៅកម្ពុជា ជួបប្រឈមនូវបញ្ហាធ្លាក់ចុះនៃប្រាក់ចំណូល ព្រោះតែរោងចក្រ សហគ្រាសនៅកម្ពុជា មួយចំនួន​បានជួបប្រទះនូវកង្វះការបញ្ជាទិញពីទីផ្សារ។ យ៉ាងណាក៏ដោយ លោក ហ្វា សាលី បានអះអាងថា បញ្ហានេះ មិនមែនប៉ះពាល់តែចំពោះបុគ្គលិក ប៉ុណ្ណោះទេ តែវាក៏ប៉ះពាល់ខ្លាំងដល់ម្ចាស់រោងចក្រ សហគ្រាសផងដែរ។ ទោះយ៉ាងណា លោក ហ្វា សាលី ក៏បានស្នើឲ្យកម្មករ-កម្មការិនី កុំមានការជ្រួលច្របល់អំពីរឿងនេះ ដោយលោកបានពន្យល់ថា បញ្ហានេះនឹងប្រសើរឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ជាពិសេសនៅពេលរដូវរងារបានកន្លងផុត ដោយលោកបន្តថា ជានិច្ចកាល រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តែងតែបំពេញតួនាទី ក្នុងការស្វែងរកឱកាសការងារជូនប្រជាពលរដ្ឋ ជាពិសេសស្វែងរកឱកាសវិនិយោគថ្មីៗ សម្រាប់កម្ពុជា។

ជាការឆ្លើយតបនូវបញ្ហាខាងលើ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ជាធម្មតាសម្រាប់វិស័យកាត់ដេរ ការព្យួ ការផ្អាកការងារ ក៏ដូចជា ការបើករោងចក្រ សហគ្រាសថ្មី តែងកើតមានជារៀងរាល់ឆ្នាំ។ ចំពោះស្ថានភាពនៃវិស័យកាត់ដេរ នាឆ្នាំ២០២២នេះ ត្រូវបានលោក ហេង សួរ កត់សម្គាល់ឃើញថា មិនមានអ្វីដែលប្លែកពីឆ្នាំកន្លងទៅឡើយ ប៉ុន្តែការថែមម៉ោងរបស់បងប្អូនកម្មករ កម្មការិនី គឺមានការថយចុះ បើធៀបនឹងឆ្នាំទៅ និងនៅដើមឆ្នាំ២០២២នេះ។ បើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រាប់ឆ្នាំ២០២២ វិស័យកាត់ដេរនៅតែមានភាពរឹងមាំ ដោយសាររយៈពេល ៣ត្រីមាស ក្នុងឆ្នាំ២០២២ មានកំណើនខ្លាំងគួរឲ្យកត់សម្គាល់។ ប៉ុន្តែ លោកថា សម្រាប់ការបញ្ជាទិញ និងការនាំចេញវិញបានធ្លាក់ចុះខ្លាំង នៅត្រីមាសទី៤ ឆ្នាំ២០២២។ យ៉ាងណាមិញ ចំពោះឆ្នាំ២០២៣ ​ស្ថិតនៅក្នុងស្ថានភាពត្រូវប្រយ័ត្ន ដោយសារការបញ្ជាទិញពីទីផ្សារអ៊ឺរ៉ុបមិនមានច្រើននោះទេ ដោយសារតម្រូវការរបស់ប្រជាជនអ៊ឺរ៉ុបធ្លាក់ចុះ ព្រោះតែការកើនឡើងខ្ពស់នៃចំណាយផ្សេងៗសម្រាប់ប្រជាជនអ៊ឺរ៉ុប។ នេះជាការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

សូមបញ្ជាក់ថា នៅរយៈពេល ១០ខែ ក្នុងឆ្នាំ២០២២ កម្ពុជា បាននាំចេញផលិតផលកាត់ដេរ សម្លៀកបំពាក់ទៅកាន់ទីផ្សារអន្តរជាតិ សរុប ជាង ៧ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនអ្នកឧកញ៉ា សៀ ឫទ្ធីចាប់ដៃគូជាមួយក្រុមហ៊ុនថៃ Jaymart អភិវឌ្ឍវិស័យហិរញ្ញវត្ថុ អចលនទ្រព្យ និងគ្រឿងអេឡិចត្រូនិកកម្ពុជា

ក្រុមហ៊ុនវើលដ៍ប៊្រីដគ្រុបរបស់អ្នកឧកញ៉ា សៀ ឫទ្ធី បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនដ៏ល្បីល្បាញមួយរបស់ថៃ Jaymart Group ដើម្បីពង្…

ក្រុងព្រះសីហនុមានបន្ទប់ស្នាក់នៅសរុបជាង ៩ពាន់បន្ទប់ សម្រាប់ទទួលភ្ញៀវទេសចរមកកម្សាន្តបុណ្យសមុទ្រ

គិតមកដល់ពេលនេះ សេវាកម្មស្នាក់នៅក្នុងក្រុងព្រះសីហនុ មានភ្ញៀវទេសចរកក់យ៉ាងច្រើន ដើម្បីត្រៀមមកកម្សាន្ត នាឱកាសបុណ្យសមុទ្រ ប៉ុន្តែមិនទាន់ខ្វះកន្លែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ