រោងចក្រមួយចំនួន ដែលមានអត្រាកម្មករនិយោជិតត្រឡប់ចូលធ្វើការវិញខ្ពស់ជាងគេគឺ ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក Samsung មានដល់ទៅ ៩៥ ភាគរយ និងក្រុមហ៊ុនផលិតគ្រឿងបន្លាស់ម៉ូតូ Nidec Sankyo មាន៩៤%។ ក្រុមហ៊ុនផលិតផ្សេងទៀតដូចជា Intel និង Jabil ក៏បានរាយការណ៍ពីអត្រាត្រឡប់មកវិញជាង 90 ភាគរយផងដែរ។
តួយ៉ាង រោងចក្រចំនួនប្រាំបីនៅក្នុងសួនឧស្សាហកម្ម Saigon Hi-tech នៃទីក្រុង Thu Duc ដែលមានកម្មករជិត ៥ ម៉ឺននាក់ បានរាយការណ៍ថា ពី ៨០ ភាគរយទៅ ៩៥ ភាគរយនៃកម្មករសរុប គឺបានត្រឡប់ទៅធ្វើការវិញហើយ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីពួកគេបានឈប់សម្រាកបុណ្យចូលឆ្នាំចិន-វៀតណាម។
តំបន់ឧស្សាហកម្ម និងតំបន់ផលិតកម្មជាង ១៧ ដែលបុគ្គលិកចំនួនជិត ៣ សែននាក់នៅវៀតណាម ក៏បានប្រកាសពីការត្រឡប់មកវិញនៃ ៨២ ភាគរយផងដែរ។ កម្មករភាគច្រើនត្រឡប់ចូលធ្វើការវិញនេះ ត្រូវបានចាត់ទុកថា បានធ្វើឲ្យម្ចាស់រោងចក្រសហគ្រាសបានធូរស្បើយក្ដីកង្វល់ ដោយពួកគេនៅមុនថ្ងៃឈប់សម្រាកបានរំពឹងថា នឹងមានការខ្វះខាតកម្លាំងកាន់តែខ្លាំង បន្ទាប់ពីឈប់សម្រាកចូលឆ្នាំចិន-វៀតណាម ដោយបារម្ភថាកម្មករដែលទៅកាន់ស្រុកកំណើតនៅថ្ងៃឈប់សម្រាកនោះ នឹងមានមួយចំនួនមិនត្រឡប់មកធ្វើការវិញនោះទេ។
គួរបញ្ចាក់ថា បុណ្យចូលឆ្នាំចិន-វៀតណាម ដែលជាថ្ងៃបុណ្យជាតិដ៏ធំមួយរបស់វៀតណាម គឺជាពេលវេលាដែលកម្មករធ្វើការនៅទីក្រុងភាគច្រើនតែងចាកចេញពីទីក្រុងត្រឡប់ទៅស្រុកកំណើតនៅតាមខេត្ត ដើម្បីជួបជុំគ្រួសារ ហើយកន្លងមក វៀតណាមក៏ធ្លាប់ជួបញ្ហាកង្វះខាតកម្មករនៅក្រោយថ្ងៃបុណ្យចូលឆ្នាំនេះផងដែរ។
តាមការស្ទង់មតិនាពេលថ្មីៗនេះ និងបានផ្សាយសារព័ត៌មានក្នុងស្រុវៀតណាម បានបង្ហាញថា ទោះបីជាការរីករាលដាលនៃកូវីដ១៩ ត្រូវបានទប់ស្កាត់ក៏ដោយ ក៏ទីក្រុងហូជីមិញនៅតែអាចប្រឈមនឹងការខ្វះខាតកម្មកប្រមាណ ៨ម៉ឺន ៧ពាន់នាក់ នៅក្នុងត្រីមាសទី១ ឆ្នាំនេះ ខណៈតំបន់ភាគខាងត្បូងទាំងមូល អាចប្រឈមនឹងការខ្វះខាតកម្មករប្រមាណជាង ១០ម៉ឺននាក់៕
អត្ថបទ វ៉ាន់ ស្រីរ័ត្ន