ក្រុមអ្នកតស៊ូមតិដើម្បីសន្តិភាព

ក្រុមអ្នកតស៊ូមតិដើម្បីសន្តិភាព ជំរុញឱ្យមេដឹកនាំកម្ពុជា ថៃ និងអាស៊ានដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី


ក្រុមអ្នកតស៊ូមតិដើម្បីសន្តិភាព មកពីស្ថាប័នចម្រុះចំនួន១២១នាក់ ជំរុញឱ្យមេដឹកនាំកម្ពុជា ថៃ និងអាស៊ានដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកំពុងឡើងកម្តៅដោយសន្តិវិធី និងតាមយន្តការ និងច្បាប់អន្តរជាតិ នានា។ ក្រុមសកម្មជននេះបានបង្ហាញយន្តការចំនួន៦ចំណុចក្នុងការដោះស្រាយជម្លោះព្រំដែននេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន The Nation។
ក្រុមអ្នកតស៊ូមតិដើម្បីសន្តិភាព
ដោយ

​សមាជិកបណ្ឌិត្យសភា បញ្ញវន្ត តំណាងសង្គមស៊ីវិល និងក្រុមតស៊ូមតិដើម្បីសន្តិភាពចំនួន១២១នាក់ ដែលមានការប្តេជ្ញាចិត្តខ្ពស់ចំពោះយុត្តិធម៌ និងសេចក្តីថ្លៃថ្នូររបស់មនុស្សនៅទូទាំងអាស៊ីអាគ្នេយ៍ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗទៅកាន់មេដឹកនាំប្រទេសកម្ពុជា ថៃ និងអាស៊ាន ដោយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ក្រុមសកម្មជនទាំងនេះបានព្រមានថា ភាពតានតឹងក្នុងជម្លោះព្រំដែន ដែលបានកើតឡើងចុងក្រោយបំផុតមិនត្រឹមតែគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យសហគមន៍នៅតាមព្រំដែនរងគ្រោះថ្នាក់ និងធ្វើឱ្យខូចដល់តម្លៃស្នូលរបស់អាស៊ាន ដែលតែងតែឱ្យតម្លៃលើការដោះស្រាយបញ្ហាដោយការសន្ទនា ការគោរពគ្នាទៅវិញទៅមក និងដោយសន្តិវិធី។

ក្រុមអ្នកតស៊ូមតិដើម្បីសន្តិភាពខាងលើ បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ថៃ និងអាស៊ានធ្វើសកម្មភាពជាបន្ទាន់ ដោយផ្អែកលើច្បាប់អន្តរជាតិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស តាមរយៈយន្តការ និងគោលការណ៍ចំនួន៦ រួមមានការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ, បង្កើតយន្តការស៊ើបអង្កេតឯករាជ្យ, ផ្តល់ឱកាសពិតប្រាកដដល់សន្តិភាពតាមរយៈបទដ្ឋានអន្តរជាតិ និងតំបន់, ការពារសិទ្ធិមនុស្ស និងសេចក្តីថ្លៃថ្នូររបស់មនុស្សនៅក្នុងសហគមន៍ដែលរងផលប៉ះពាល់, លើកកម្ពស់ការទូតរវាងប្រជាជន និងប្រជាជន ហើយប្រឆាំងនឹងការបណ្តុះវប្បធម៌សម្អប់គ្នា និងផ្លាស់ប្តូររឿងរ៉ាវជម្លោះតាមរយៈការអប់រំ។

សេចក្តីថ្លែងការណ៍ខាងលើបានសង្កត់ធ្ងន់ថា បទប្បញ្ញត្តិទាំងអស់នៃកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួគួរតែត្រូវបានអនុវត្តដោយយុត្តិធម៌ តម្លាភាព និងដោយគ្មានការពន្យារពេល។ សម្រាប់ក្រុមតស៊ូមតិដើម្បីសន្តិភាព កិច្ចព្រមព្រៀងនេះមិនមែនជាជម្រើសទេ ប៉ុន្តែជាការប្តេជ្ញាចិត្តខាងនយោបាយរបស់ថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ក្រុមសកម្មជនខាងលើ ក៏បានព្រមានដែរថា ការងាកចេញណាមួយពីកិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះហត្ថលេខារួមគ្នារវាងកម្ពុជា និងថៃ ដោយមានការចូលរួមធ្វើជាសាក្សីពីសំណាក់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សហគមន៍ព្រំដែន ធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តក្នុងតំបន់ និងធ្វើឱ្យខូចដល់ភាពជឿជាក់របស់អាស៊ាន។

ទន្ទឹមនឹងនេះ ពួកគេជំរុញឱ្យប្រធានអាស៊ានដើរតួនាទីយ៉ាងសកម្ម អព្យាក្រឹត និងស៊ីសង្វាក់គ្នា និងបានអំពាវនាវឱ្យប្រធាន និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អនុវត្តភារកិច្ចរបស់ពួកគេដោយវិជ្ជាជីវៈ ភាពត្រឹមត្រូវ និងតម្លាភាព ក៏ដូចជាអំពាវនាវឱ្យមានយន្តការស្វែងរកការពិតឯករាជ្យ និងតម្លាភាពពេញលេញ ដើម្បីស៊ើបអង្កេតឧប្បត្តិហេតុទាំងអស់តាមបណ្តោយព្រំដែនផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់អាម៉េរិកថា គ្មានហានិភ័យនៃការធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចសម្រាប់អាម៉េរិកនោះទេ ទោះការបិទរដ្ឋាភិបាលធ្វើឱ្យខាតបង់១១ពាន់លានដុល្លារក៏ដោយ

លោក ស្ដុត បេសសេន (Scott Bessent) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិកបានអះអាងកាលពីថ្ងៃទី២៣ វិច្ឆិកា ថា ការបិទរដ្ឋាភិបាលរយៈពេល៤៣ថ្ងៃបានធ្…

តើជម្លោះការទូត និងពាណិជ្ជកម្មរវាងជប៉ុន និងចិន អាចជះឥទ្ធិពលវិជ្ជមាន និងអវិជ្ជមានយ៉ាងណាដល់កម្ពុជា?

ជម្លោះការទូត និងពាណិជ្ជកម្មរវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំង ដែលបានឡើងកម្ដៅពីមួយថ្ងៃទៅមួយថ្ងៃ កំពុងបង្កជាក្ដីបារម្ភចំពោះការរាលដាលដល់សេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ