
អ្នកស្រី Samantha Power បានគូសបញ្ជាក់ថា កម្ពុជានៅតែជាដៃគូដ៏សំខាន់មួយសម្រាប់សហរដ្ឋអាមេរិក ក្នុងពេលដែលយើងខិតខំដើម្បីសម្រេចបាននូវចក្ខុវិស័យរួមមួយសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលមានសេរីភាព និងបើកចំហ រុងរឿង និងមានសុវត្ថិភាព។

ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអាមេរិក ដើម្បីពង្រឹងវិស័យកសិកម្ម និងប្រព័ន្ធចំណីអាហារ អ្នកស្រីនាយិកា Power បានលើកឡើង នូវមូលនិធិថ្មីសម្រាប់កម្មវិធីស្បៀងអាហារ ដែលមានទឹកប្រាក់ជាង ២៩ លានដុល្លារ ពីក្រសួងកសិកម្មនៃសហរដ្ឋអាមេរិក (USDA) ។ ជំនួយនេះ នឹងជួយប្រទេសកម្ពុជា កែលម្អនូវការអនុវត្ត និងអភិវឌ្ឍបទបញ្ញត្តិសុវត្ថិភាពចំណីអាហារ ដោយកែលម្អប្រព័ន្ធគ្រប់គ្រងក្រោយការប្រមូលផលនៃសណ្តែកសៀង បង្កើនការទទួលយកបច្ចេកវិទ្យាឆ្លាតវៃនៃអាកាសធាតុ ផ្តល់ការបណ្តុះបណ្តាលស្តីពីការអនុវត្តសុវត្ថិភាពចំណីអាហារល្អបំផុត និងពង្រឹងទំនាក់ទំនងទីផ្សារ។ ក្រោមកម្មវិធីភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក អ្នកស្រី Power ក៏បានប្រកាសអំពីកិច្ចខិតខំថ្មីៗដើម្បីអភិរក្សជីវចម្រុះដ៏សម្បូរបែបនៃតំបន់ទន្លេមេគង្គខាងក្រោម ដែលជាជម្រកមច្ឆជាតិជាង 1,000 ប្រភេទ ប៉ុន្តែត្រូវបានគំរាមកំហែងកាន់តែខ្លាំងដោយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់សហរដ្ឋអាមេរិកក្នុងការការពារជីវចម្រុះ USAID នឹងពង្រីកនិងពង្រឹងការងាររបស់ខ្លួនជាមួយរដ្ឋាភិបាល និងសហគមន៍ក្នុងស្រុកនៅកម្ពុជាអំឡុងពេល ៥ ឆ្នាំខាងមុខនេះ ដើម្បីអភិរក្សនិងធ្វើឲ្យមានចីរភាពដ៏អស្ចារ្យភាពនៃទន្លេមេគង្គ ព្រមទាំងធ្វើការជាមួយប្រទេសផ្សេងទៀតនៅតំបន់ទន្លេមេគង្គខាងក្រោម។

ក្នុងជំនួបជាមួយ មន្ត្រីនៃអង្គការសង្គមស៊ីវិលនៅកម្ពុជា អ្នកស្រីនាយិកា Power ក៏បានប្រកាសពីជំនួយជាង ៦ លានដុល្លាររបស់ USAID ចំពោះសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងវិស័យការងារដើម្បីជួយដល់ការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ចំពោះការគ្រប់គ្រងតាមលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និងការគាំទ្រដល់សង្គមស៊ីវិល។ លើសពីនេះ អ្នកស្រី Power បានប្រកាសនូវមូលនិធី ៣ លានដុល្លារ ពីក្រសួងការងារសហរដ្ឋអាមេរិក ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាង និងក្នុងចំណោមជនមានពិការភាពនៅកម្ពុជា ។ មូលនិធិនេះនឹងជួយដោះស្រាយអត្រាប្រេវ៉ាឡង់នៃពលកម្មកុមារ ពលកម្មដោយបង្ខំ និងការជួញដូរមនុស្សក្នុងចំណោមជនមានពិការភាព ព្រមទាំងកាត់បន្ថយឧបសគ្គដែលរារាំងដល់លទ្ធភាពទទួលបានការងារសមរម្យរបស់ពួកគេ ។ ទីភ្នាក់ងារជំនួយអាមេរិក USAID នឹងបន្តជួយគាំទ្រដល់ការធ្វើមាតុភូមិនិវត្តន៍របស់ប្រជាជនកម្ពុជាពីសហរដ្ឋអាមេរិកវិញ ក្នុងពេលដែលពួកគេ ធ្វើសមាហរណកម្មចូលក្នុងសង្គមកម្ពុជាវិញ និងកសាងនូវជីវភាពដែលមានលំនឹង និងប្រកបដោយភាពឯករាជ្យ ៕

