
លោក ដូណាល់ត្រាំ បានព្រមានធ្ងន់ៗថា ការចាញ់ក្ដីតាមផ្លូវតុលាការនេះនឹងធ្វើឱ្យសហរដ្ឋអាម៉េរិក រងការខាតបង់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ហើយថែមទាំងអាចធ្វើឱ្យសហរដ្ឋអាម៉េរិក ធ្លាក់ខ្លួនក្រស្ទើរមិនគួរឱ្យជឿទៀតផង ប្រសិនបបើតុលាការកំពូលរបស់សហរដ្ឋអាម៉េរិក សម្រេចឱ្យលោកចាញ់ក្ដីពន្ធគយ ដែលនឹងបង្ខំឱ្យរដ្ឋបាលរបស់លោកលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយបណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗ។
សូមបញ្ជាក់ថា សំណុំរឿងតុលាការប្រឆាំងលោក ដូណាល់ ត្រាំ នេះ កើតចេញពីពន្ធគយបដិការរបស់លោក ត្រាំ ដែលបានដាក់តាំងពីលើកដំបូងលើប្រទេសចិន កាណាដា ម៉ិកស៊ិក និងប្រទេសផ្សេងៗទៀត។
សាលាឧទ្ធរណ៍របស់សហរដ្ឋអាម៉េរិក បានសម្រេចកាលពីសប្តាហ៍មុនថា ពន្ធគយជាច្រើនដែលដាក់ចេញដោយលោក ដូណាល់ ត្រាំ មានលក្ខណៈមិនស្របច្បាប់ ហើយជាការឆ្លើយតប រដ្ឋបាលរបស់លោក បានប្តឹងជំទាស់ទៅកាន់តុលាការកំពូល។ លោក ត្រាំ បានទាញទឡ្ហីករណ៍ថា ការលុបចោលកិច្ចព្រមព្រៀងពន្ធគយរបស់សហរដ្ឋអាម៉េរិកជាមួយបណ្ដាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ នឹងធ្វើឱ្យសេដ្ឋកិច្ចអាម៉េរិករងការខាតបង់យ៉ាងសម្បើម ដែលអាចនឹងធ្វើឱ្យសហរដ្ឋអាម៉េរិកធ្លាក់ខ្លួនក្រ។ ទោះជាយ៉ាងណា ក្រុមអ្នកជំនាញបានធ្វើការកត់សម្គាល់ថា បណ្ដាក្រុមហ៊ុននាំចូលរបស់សហរដ្ឋអាម៉េរិក គឺជាអ្នកបង់ពន្ធ ដែលកត្តានេះអាចជំរុញឱ្យអតិផរណានៅសហរដ្ឋអាម៉េរិកហក់ឡើងខ្ពស់៕
ដោយ: តែម សុខុម