ការព្យាករពីឱនភាពថវិកាសហព័ន្ធនេះ មិនបានរួមបញ្ជូលនូវកញ្ចប់ថវិកាចំណាយសម្រាប់ជំរុញសេដ្ឋកិច្ចជិត២ទ្រីលានដុល្លារ ដែលលោកចូ បៃឌិន ប្រធានាធិបតីអាមេរិកបានដាក់ស្នើនោះទេ ព្រោះតែកញ្ចប់ថវិកានេះ មិនទាន់បានអនុម័តនៅឡើយ។
កាលពីឆ្នាំមុន ឱនភាពថវិការបស់អាមេរិកមានដល់ទៅប្រមាណ ១៥% នៃ GDP ខណៈដែលនៅឆ្នាំ២០២១នេះ រំពឹងថានឹងមាននៅត្រឹម១០% នៃ GDP។
ឱនភាពថវិកាក៏ត្រូវបានព្យាករថា នឹងបន្ដធ្វើឲ្យបំណុលជាតិរបស់អាមេរិកមានការកើនឡើងកាន់តែខ្ពស់ដូចគ្នាដែរ។ ជាក់ស្ដែង ថ្មីៗនេះ បំណុលសាធារណៈជាតិរបស់អាមេរិកមានប្រមាណ ជិត២៨ទ្រីលានដុល្លារអាមេរិក ស្ទើរតែលើ១០០% នៃទំហំ GDP ទៅហើយ។
ចំណែកឯកម្រិតបំណុលនេះ ត្រូវបានគេរំពឹងថា នឹងបន្ដកើនឡើងថែមទៀតដល់ទៅ ជាង៣៥ទ្រីលានដុល្លារ ឬស្មើនឹង១០៧% នៃ GDP នៅត្រឹមឆ្នាំ២០៣១ ដែលនេះគឺជាកម្រិតបំណុលដ៏ខ្ពស់បំផុតធៀបនឹង GDPនៅក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក។
ទៅដល់ឆ្នាំ២០៣១ គិតជាមធ្យមក្នុងមួយឆ្នាំ ឱនភាពថវិកាអាមេរិកត្រូវបានព្យាករថា នឹងមាន១,២ទ្រីលានដុល្លារអាមេរិក។
រដ្ឋាភិបាលអាមេរិករំពឹងថា GDP របស់អាមេរិកនឹងកើន ៣,៧% នៅឆ្នាំ២០២១ ទាបជាងអ្វីដែលធនាគារសហព័ន្ធអាមេរិកព្យាករថា មាន៤,២% ខណៈដែលនៅឆ្នាំ២០២០ សេដ្ឋកិច្ចអាមេរិក ត្រូវបានប៉ាន់ប្រមាណថា មានការធ្លាក់ចុះ ៣,៥%៕