ការលើកលើងដូច្នេះ ធ្វើឡើងនៅបន្ទាប់ពីមានការរិះគន់អាមេរិកថា ការនាំចូលផ្ទាំងសូឡាផលិតថាមពលពន្លឺព្រះអាទិត្យពីតំបន់ស៊ិនជាំងប្រទេសចិន គឺមានជាប់ទាក់ទងទៅនឹងការធ្វើការងារដោយបង្ខំ ខណៈដែលកន្លងមកចិនធ្លាប់រងការចោទប្រកាន់ទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស និងសិទ្ធិការងារនៅក្នុងតំបន់ស៊ិនជាំង ដែលខ្លួនគ្រប់គ្រងនោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ជុំវិញបញ្ហានេះ រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ធ្លាប់បានចេញមក ព្រមានពីហានិភ័យនៃការរំលោភសិទ្ធិមនុស្សរបស់ជនជាតិភាគតិចម៉ូស្លីម អ៊ុយហ្គ័រ ក្នុងតំបន់ ស៊ីនជាំងប្រទេសចិនដែលត្រូវបានគេបង្ខំឲ្យធ្វើការ ក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ផ្ទាំងសូឡា ថាមពលពន្លឺព្រះអាទិត្យ ដ៏ធំមួយសម្រាប់ទីផ្សារពិភពលោក។
ប៉ុន្តែ ក្រុមអ្នករិះគន់អះអាងថា ក្រុងវ៉ាស៊ីនតោន បានតែនិយាយ តែមិនបានផ្តល់អាទិភាពដល់ការអនុម័តច្បាប់ ដែលនឹងហាមឃាត់ការនាំចូលផលិតផលទាំងអស់ ពីតំបន់ស៊ីនជាំងនោះទេ ពិសេសគឺបន្ទះសូឡាតែម្តង ដោយសារតែអាមេរិក ចង់បំពេញតាមគោលនយោបាយអាកាសធាតុ គ្មានការបំភាយឧស្ម័នពុលត្រឹមឆ្នាំ២០៥០។
ទីប្រឹក្សាសន្តិសុខជាតិប្រចាំសេតវិមានអាមេរិក លោកចេក ស៊ូលីវ៉ាន បានចេញមុខមកច្រានចោលការរិះគន់នេះ ដោយអះអាងថា នេះជារឿងពីរដោយឡែកពីគ្នា។ អាមេរិកនៅតែអាចប្រឆាំងនឹងការរំលោភសិទ្ធិមនុស្សនៅគ្រប់ទីកន្លែង រួមទាំងនៅតំបន់ស៊ីនជាំង ដោយប្រើប្រាស់វិធីសាស្ត្រផ្សេង ហើយក្នុងពេលជាមួយគ្នានេះ ខ្លួននៅតែអាចផ្តោតលើខ្សែចង្វាក់ផ្គត់ផ្គង់ថាមពលពន្លឺព្រះអាទិត្យ ដើម្បីថែរក្សាបរិស្ថានបានដដែល។
គួរជម្រាបថា សហរដ្ឋអាមេរិកជារឿយៗបានចោទប្រកាន់ចិនថា បានរំលោភបំពានដល់សិទ្ធិជនជាតិភាគតិចអ៊ុយហ្គ័រ តាមរយៈការចាប់បង្ខាំងទុកក្នុងជំរុំ និងបង្ខំឲ្យធ្វើការជាដើម។ ប៉ុន្តែភាគីចិន បានច្រានចោលការចោទប្រកាន់នេះ ព្រមទាំងបានចេញអះអាងថា ជំរុំទាំងនោះ គឺជាកន្លែងសម្រាប់ហ្វឹកហាត់ ការងារ និងធ្វើការបណ្តុះបណ្តាលដល់ពួកគេតែប៉ុណ្ណោះ។
សូមបញ្ជាក់ផងដែរថា ព្រឹទ្ធសភាអាមេរិកនៅឆ្នាំនេះ បានអនុម័តច្បាប់ហាមឃាត់ការនាំចូលផលិតផលទាំងអស់ពីតំបន់ស៊ីនជាំងប្រទេសចិន ប៉ុន្តែច្បាប់នេះ មិនទាន់បានឈានដល់ការអនុម័តចុងក្រោយពីរដ្ឋសភាអាមេរិកទេ៕