អាមេរិក-អាស៊ាន

អាមេរិកផ្ដល់ថវិកាជាង១០០លានដុល្លារឲ្យអាស៊ាន


ប្រធានាធិបតីអាមេរិកលោកចូ បៃឌិន បានផ្សាភ្ជាប់ទំនាក់ទំនងកាន់តែស៊ីជម្រៅបន្ថែមទៀត ជាមួយបណ្តាប្រទេសនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) តាមរយៈការចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី៩ តាមប្រព័ន្ធអនឡាញ ហើយថែមទាំងបានប្រកាសពីការផ្តល់ថវិកាជាង ១០០លានដុល្លារអាមេរិកសម្រាប់ភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងអាស៊ានផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
កិច្ចប្រជុំកំពូល អាស៊ាន-អាមេរិកលើកទី៩ កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០២១
ដោយ

លោក​ចូ បៃ​ឌិន បាន​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អា​មេ​រិ​ក​លើក​ទី​៩ តាម​ប្រព័ន្ធ​អន​ឡាញ​កាលពី​ថ្ងៃ​អង្គារ​បាន​និយាយ​ក្នុង​សុន្ទរកថា​បើក​របស់​លោក​ថា​៖ ភាព​ជា​ដៃគូ​របស់​អា​មេ​រិ​ក និង​អាស៊ាន មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​រក្សា​សេរីភាព​នៃ​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក និង​ការ​បើកចំហ ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សន្តិសុខ និង​វិបុលភាព​រួម​គ្នា អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​។

លោក​បន្ត​ថា​៖ សហរដ្ឋអាមេរិក​គាំទ្រ​យ៉ាង​មុតមាំ ចំពោះ​ទស្សនវិស័យ​រវាង​អាស៊ាន​ជាមួយ​និង​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក ព្រមទាំង​សណ្តាប់ធ្នាប់​ក្នុង​តំបន់ ដែល​ផ្អែក​លើ​ច្បាប់​អន្តរជាតិ​។

ដោយឡែក សារព័ត៌មាន​រ៉​យ​ទ័​រ បាន​ចុះ​ផ្សាយ​ដោយ​បាន​ដកស្រង់​របាយការណ៍​របស់​សេត​វិមាន​អា​មេ​រិ​ក ក្រោយ​កិច្ចប្រជុំ​ថា ក្រុង​វ៉ា​ស៊ី​ន​តោន​នឹង​ប្រកាស​ពី​គម្រោង​ផ្តល់​ថវិកា​ប្រមាណ ១០២​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ពង្រីក​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​អាស៊ាន​។

ក្នុង​នោះ​ថវិកា​ប្រមាណ ៤០​លាន​ដុល្លារ​នឹង​ផ្តល់​ទៅ​ឲ្យ​គំនិត​ផ្តួចផ្តើម​ថ្មី​មួយ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ និង​ពង្រឹងសមត្ថភាព​របស់​អាស៊ាន​ក្នុង​ការ​ទប់ស្កាត់ ស្វែងរក និង​ឆ្លើយ​តប​ទៅ​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​នេះ នា​ពេល​អនាគត​។

ក្រៅពី​នោះ​មាន ថវិកា​ជិត ២១​លាន​ដុល្លារ ដែល​នឹង​ផ្តល់​ឲ្យ​សម្រាប់​ជួយ​ដោះស្រាយ​វិបត្តិ​ប្រែប្រួល​អាកាសធាតុ​។ ២០​លាន​ដុល្លារ​ទៀត គាំទ្រ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​ការ​ច្នៃប្រឌិត​។ ១៧​លាន​ដុល្លារ​ផ្សេង​ទៀត​ត្រូវ​បាន​ផ្តល់​សម្រាប់​គម្រោង​លើ​វិស័យ​អប់រំ និង ៤ លាន​ដុល្លារ​ដើម្បី​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​។

គួរ​ជម្រាប​ថា នេះ​ជា​លើក​ទី​១​ហើយ​បន្ទាប់​ពី​សហរដ្ឋអាមេរិក​អស់​ពេល​៤​ឆ្នាំ​មកនេះ មិន​ធ្លាប់​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន ក្រោម​វត្តមាន​ប្រធានាធិបតី​បែប​នេះ​ទេ រាប់​ចាប់តាំងពី​ការ​ចូលរួម​លើក​ចុង​ក្រោយ​បំផុត​របស់​អតីត​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ដែល​ហ្វី​លី​ពី​ន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ កាលពី​ឆ្នាំ​២០១៧​។

ការ​ចូលរួម​ពី​ប្រធានាធិបតី​អា​មេ​រិ​ក នៅ​ឆ្នាំ​នេះ​ត្រូវ​បាន​ក្រុម​អ្នកវិភាគ​អះអាង​ថា ជា​ការ​ឆ្លុះ បញ្ចាំង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ថ្មី របស់​រដ្ឋបាល​លោក​បៃ​ឌិន ដើម្បី​ព្យាយាម​ភ្ជាប់​ទំនាក់ទំនង ជាមួយ​ប្រទេស​មិនមែន​សម្ព័ន្ធមិត្ត ព្រមទាំង​ស្វែងរក​កិច្ចសហការ​ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត​ស្រាប់ ដើម្បី​ទប់ទល់ និង​ប្រជែង​ជាមួយ​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់​។

គួរ​បញ្ជាក់​ថា នៅ​ថ្ងៃ​ពុធ​ស​ប្តា​ហ៍​នេះ លោក​បៃ​ឌិន ក៏​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល «​អាស៊ី​បូព៌ា ទូលំទូលាយ​» ដែល​បាន​នាំ​យក​អាស៊ាន និង​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក មក​ជួប​ពិភាក្សា​គ្នា​ផង​ដែរ​។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​សេត​វិមាន ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រ​៕




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីថៃ ជំរុញឲ្យសមាជិកអាស៊ានដទៃទៀតបើកដំណើរការប្រទេសទទួលទេសចរទៅវិញទៅមក

ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ ចាន់អូចា បានជំរុញឱ្យសមាជិកអាស៊ានដទៃទៀតគួរតែចាប់ផ្តើមបើកដំណើរការប្រទេសឡើងវិញ និងអនុញ្ញាតឱ្យមានការធ្វើដំណើ…

អាមេរិកថា ការបន្តនាំចូលផលិតផលពីតំបន់ស៊ីនជាំងប្រទេសចិន និងបញ្ហាសិទ្ធិមនុស្សជារឿងពីរផ្សេងគ្នា

ព័ត៌មាន
ទីប្រឹក្សាសន្តិសុខជាតិប្រចាំសេតវិមានអាមេរិក លោកចេក ស៊ូលីវ៉ាន (Jake Sullivan) បាននិយាយកាលពីថ្ងៃអង្គារថា ទោះសហរដ្ឋអាមេរិកបានបញ្ជាទិញផ្ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ