
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ ថា អាម៉េរិក បានចុះកិច្ចព្រមព្រៀងមួយជាមួយប្រទេសចិន កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ តែលោក ត្រាំ មិនបានបញ្ជាក់លម្អិតជុំវិញកិច្ចព្រមព្រៀងនេះនោះទេ។ តែយ៉ាងណាបើតាមការបញ្ជាក់របស់មន្ត្រីសេតវិមាន កិច្ចព្រមព្រៀងនេះ គឺពាក់ព័ន្ធនឹងការពន្លឿនការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដែលពួកគេបានព្រមព្រៀងគ្នាក្នុងជំនួបពិភាក្សានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីពេលកន្លងទៅ។
រដ្ឋមន្ត្រីពាណិជ្ជកម្មអាម៉េរិក លោក ហូវើដ ឡាត់និក (Howard Lutnick) ត្រូវបានសារព័ត៌មាន Bloomberg ដកស្រង់សម្តីមកចុះផ្សាយថា ប្រទេសចិននឹងនាំចេញរ៉ែកម្រទៅសហរដ្ឋអាម៉េរិក ហើយអាម៉េរិកនឹងដកវិធានការដែលខ្លួនបានដាក់លើចិន ជាការតបស្នង។
ភ្លាមៗភាគីចិន មិនបានបកស្រាយជុំវិញបញ្ហានេះនោះទេ ខណៈមន្ត្រីស្ថានទូតចិន ប្រចាំទីក្រុងវ៉ាស៊ីនតោន បានបដិសេដមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះ។ ប៉ុន្តែបើតាមប្រភពឧស្សាហកម្មមួយបានឱ្យដឹងថា ប្រទេសចិន កំពុងចាត់វិធានការរឹតបន្តឹងការនាំចេញរ៉ែកម្រយ៉ាងខ្លាំង និងបានត្រួតពិនិត្យអ្នកទិញយ៉ាងតឹងរ៉ឹង ដើម្បីធានាថា រ៉ែនេះនឹងមិនត្រូវបានបង្វែរទៅជាការប្រើប្រាស់ផ្នែកយោធារបស់សហរដ្ឋអាម៉េរិក៕
ដោយ៖ សុខ មង្គល