
មន្ទីរបញ្ចកោណបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា គោលបំណងនៃការពិនិត្យកិច្ចព្រមព្រៀងសន្តិសុខ AUKUS ឡើងវិញនេះ គឺដើម្បីសិក្សាមើលថាតើកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាដោយមន្ត្រីរបស់អតីតប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន ក្នុងឆ្នាំ២០២១ ស្របតាមរបៀបវារៈ«ផលប្រយោជន៍អាម៉េរិកជាធំ»របស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដែរ ឬក៏អត់។
ប្រធានមន្ទីរបញ្ចកោណលោក ភីត ហេកសិត (Pete Hegseth) បាននិយាយថា ការពិនិត្យកិច្ចព្រមព្រៀងសន្តិសុខត្រីភាគីឡើងវិញនេះ គឺដើម្បីធានាថា សម្ពន្ធមិត្តបានបង្កើនសមត្ថភាពពេញលេញដើម្បីបំពេញចន្លោះខ្វះខាតរបស់អាម៉េរិកសម្រាប់ការការពារជាសមូហភាព និងធានាថា មូលដ្ឋានឧស្សាហកម្មការពារជាតិបានបំពេញតាមតម្រូវការរបស់អាម៉េរិក។
អ្នកនាំពាក្យក្រសួងការពារជាតិអូស្ត្រាលីលោក រីឆាដ ម៉ាល់ (Richard Marles) បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា វាជារឿងធម្មតាទេដែលរដ្ឋាភិបាលទើបចូលកាន់តំណែងថ្មី ត្រូវពិនិត្យមើលកិច្ចព្រមព្រៀងសំខាន់ៗពាក់ព័ន្ធនឹងវិស័យការពារជាតិ ព្រោះរដ្ឋាភិបាលចក្រភពអង់គ្លេស ក៏ទើបបានបញ្ចប់ការត្រួតពិនិត្យកិច្ចព្រមព្រៀង AUKUS និងបានបញ្ជាក់ពីការគាំទ្រចំពោះកិច្ចព្រមព្រៀងនេះដែរ។
សូមបញ្ជាក់ថា ប្រទេសអូស្ត្រាលីបានចុះហត្ថលេខាលើភាពជាដៃគូសន្តិសុខ AUKUS ជាមួយសហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេសនៅក្នុងខែកញ្ញា ឆ្នាំ២០២១ ដែលជាផ្នែកមួយនៃការជំរុញដោយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍ ដើម្បីពង្រឹងវត្តមានរបស់ពួកគេនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ចំពេលអំណាចយោធារបស់ប្រទេសចិនកំពុងតែរះឡើងកាន់តែខ្លាំង៕
ដោយ៖ សុខ មង្គល