
ភាពមិនប្រាកដប្រជាផ្នែកពន្ធគយបានរុញច្រានឱ្យក្រុមហ៊ុននានា សម្រុកប្ដូរទីតាំងផលិតកម្មមកកាន់អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ ហើយក្រុងប៉េកាំង ងាកទៅពឹងផ្អែកលើទីផ្សារប្រេស៊ីល។ នេះបើយោងតាមការចុះផ្សាយបស់សារព័ត៌មានជប៉ុន Nikkei Asia។
ការនាំចេញកប្បាសរបស់អាម៉េរិក ទៅទីផ្សារចិន បានធ្លាក់ចុះស្ទើរតែ ១០០ភាគរយទៅហើយនៅឆមាសទី១ ឆ្នាំនេះ ខណៈដែលការនាំចេញទៅកាន់ទីផ្សារផ្សេងៗទៀតនៅតំបន់អាស៊ីកើនឡើង ជាពិសេសអាម៉េរិក ការនាំចេញកប្បាសមកកាន់ប្រទេសវៀតណាម ក្បែរខាងកម្ពុជា បានកើនឡើងខ្លាំងរហូតដល់ទៅជិត៣ដង ដែលនេះឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរគោលដៅផលិតកម្មសម្លៀកបំពាក់ ដើម្បីគេចពីពន្ធគយបដិការខ្ពស់ ដែលដាក់ដោយសហរដ្ឋអាម៉េរិក។
ការនាំចេញកប្បាសរបស់អាម៉េរិក មកកាន់ទីផ្សារចិន ធ្លាក់ចុះខ្លាំងហៅលែងលឺបែបនេះដោយសារតែលោក ដូណាល់ ត្រាំ បានដំឡើងពន្ធលើទំនិញចិន រហូតដល់១៤៥% កាលពីអំឡុងខែមេសា ហើយបន្ទាប់មកបានបញ្ចុះមកនៅត្រឹម ៣០ភាគរយ កាលពីអំឡុងខែឧសភា។ ភាពមិនប្រាកដប្រជាជុំវិញកិច្ចចរចាពាណិជ្ជកម្ម រវាងអាម៉េរិក និងចិន បានធ្វើឱ្យការពឹងផ្អែកខ្លាំងលើប្រទេសចិន សម្រាប់ប្រព័ន្ធនៃការផលិតសម្លៀកបំពាក់កាន់តែប្រថុយប្រថាន។
ទន្ទឹមនេះ ការផលិតសម្លៀកបំពាក់សម្រាប់ទីផ្សារសហរដ្ឋអាម៉េរិក កំពុងផ្លាស់ប្តូរទិសដៅពីប្រទេសចិន មកកាន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដែលកម្លាំងពលកម្មមានតម្លៃថោកជាង។ និន្នាការនេះ បានបង្កើនល្បឿននៅដើមឆ្នាំ២០២៥ ខណៈដែលភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិន និងការព្រួយបារម្ភអំពីពន្ធគយកើនឡើង។ ក្រុមមន្ត្រីអាម៉េរិក នៅតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបណ្ដាក្រុមហ៊ុនចិន ដែលប្រើប្រទេសទី៣ តួយ៉ាងដូចប្រទេសវៀតណាមជាដើម ដើម្បីគេចពន្ធបដិការខ្ពស់ដែលសហរដ្ឋអាម៉េរិក បានដាក់លើទំនិញចិន៕
ដោយ: តែម សុខុម