លោកស្រី Bridgette L. Walker ភារធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា បានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលអ្នកផ្លាស់ប្តូរអាស៊ីអាគ្នេយ៍ នៃកម្មវិធីគំនិតផ្តួចផ្តើមមេដឹកនាំអាស៊ានវ័យក្មេង (YSEALI) ជាការឆ្លុះបញ្ចាំងពីការជួយគាំទ្រជាយូរអង្វែងរបស់សហរដ្ឋអាម៉េរិក លើការអភិវឌ្ឍភាពជាអ្នកដឹកនាំយុវជននៅក្នុងតំបន់ ដែលនេះជាព្រឹត្តិការណ៍លើកដំបូងក្នុងការប្រារព្ធខួបលើកទី៧៥ឆ្នាំនៃទំនាក់ទំនងការទូតសហរដ្ឋអាម៉េរិក និងប្រទេសកម្ពុជានៅក្នុងឆ្នាំ២០២៥នេះ។ លោកស្រីបានបន្ថែមថា តាមរយៈកម្មវិធីនេះ សហរដ្ឋអាម៉េរិកនឹងបន្តការផ្តល់ភាពអង់អាចដល់យុវជនជាអ្នកដឹកនាំនាពេលអនាគត ដើម្បីលើកកម្ពស់ការភ្ជាប់ទំនាក់ទំនងគ្នាដ៏រឹងមាំ បង្កើតបាននូវអនាគតដែលមានភាពធន់ មានការចូលរួម និងមានចីរភាពសម្រាប់តំបន់អាស៊ីអាគ្នេយ៍ សហរដ្ឋអាម៉េរិក និងពិភពលោក។
កិច្ចប្រជុំកំពូលប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះ ផ្តោតលើប្រធានបទ ការផ្តល់អំណាចដល់អតីតបេក្ខជនកម្មវិធី YSEALI ឱ្យបង្កើតនូវការផ្លាស់ប្តូរជាវិជ្ជមាន។ កិច្ចប្រជុំដែលកំពុងរៀបចំធ្វើនៅកម្ពុជានេះ មានអ្នកចូលរួមជាយុវជនចំនួន១៧៥នាក់មកពីបណ្តាប្រទេសសមាជិកអាស៊ាន និងប្រទេសទីម័រខាងកើត ដើម្បីឱ្យពួកគេបានផ្លាស់ប្តូរគំនិតយោបល់រៀនសូត្រពីគ្នា ដើម្បីចូលរួមធ្វើការសហគមន៍ កសាងនូវសមត្ថភាព និងសហការលើគម្រោងចូលរួមសង្គមនានា ទាំងក្នុងស្រុក និងតំបន់។ វេទិកានេះ ក៏នឹងផ្តល់ឱកាសធ្វើការអនុវត្តជាក់ស្តែងតាមរយៈការចុះតាមទីកន្លែងនានា ដូចជាស្ថានទូតអាម៉េរិក ស្ថាប័នរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិល និងសហគ្រាសមួយចំនួនទៀតនៅរាជធានីភ្នំពេញ។
គួរជម្រាបថា កម្មវិធី YSEALI បង្កើតនៅឆ្នាំ២០១៣ ជាកម្មវិធីចម្បងរបស់រដ្ឋាភិបាលអាម៉េរិក ដើម្បីពង្រឹងការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងបណ្តាញនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមានកំណើនសមាជិកដល់ទៅប្រមាណ១៥ម៉ឺន៥ពាន់នាក់ នៅក្នុងតំបន់។ កម្មវិធី YSEALI មានគោលបំណងបង្កើនសមត្ថភាពភាពជាអ្នកដឹកនាំដល់យុវជននៅក្នុងតំបន់ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការឆ្លងកាត់តាមព្រំដែន ក្នុងការដោះស្រាយនូវបញ្ហាប្រឈមក្នុងតំបន់និងពិភពលោក៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ