ទោះបីជាធនាគារកណ្ដាលអាម៉េរិក បានរក្សាទុកអត្រាការប្រាក់ក្នុងរង្វង់ពី៥,២៥% ទៅ៥,៥០% ឱ្យនៅដដែលកាលពីអំឡុងខែកក្កដា កន្លងទៅថ្មីៗយ៉ាងណាក្ដី ក៏ធនាគារនេះបានបង្ហើបតម្រុយថា ការបញ្ចុះអត្រាការប្រាក់អាចនឹងធ្វើឡើងនៅខែកញ្ញា ដ៏ខ្លីខាងមុខនេះ ប្រសិនបើអតិផរណាបន្តធ្លាក់ចុះ។
លោក ប្រាយអែន ម៉ូនីហែន (Brian Moynihan) បានធ្វើការកត់សម្គាល់ថា ប្រសិនបើអត្រាការប្រាក់មិនចាប់ផ្តើមធ្លាក់ចុះក្នុងពេលឆាប់ៗនេះទេ វាអាចជះឥទ្ធិពលអវិជ្ជមានដល់ទំនុកចិត្តរបស់អតិថិជនជាអ្នកប្រើប្រាស់ ហើយអាចនឹងពិបាកដោះស្រាយ។ លោកក៏បានលើកឡើងផងដែរ អំពីគំនិតរបស់លោក ដូណាល់ ត្រាំ បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ដែលបាននិយាយថា ប្រធានាធិបតីគួរតែមានឥទ្ធិពលលើសេចក្ដីសម្រេចរបស់ធនាគារកណ្ដាលអាម៉េរិក។
យ៉ាងណាក៏ដោយ លោកយល់ថា ប្រធានាធិបតីអាចផ្ដល់អនុសាសន៍បាន តែសេចក្ដីសម្រេចចុងក្រោយយ៉ាងណាគួរតែទុកឱ្យលោក ជើរ៉ូម ផៅវែល (Jerome Powell) ដែលជាប្រធានធនាគារកណ្ដាលអាម៉េរិក។ លោកបានសង្កត់ធ្ងន់ថា ជាទូទៅ ធនាគារកណ្តាលនានា ធ្វើការមានប្រសិទ្ធភាពខ្ពស់ ប្រសិនបើគ្មានការជ្រៀតជ្រែកផ្នែកនយោបាយ៕
ដោយ: តែម សុខុម