សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មថ្មីលើក្រុមហ៊ុននិងបុគ្គលនៅក្នុងប្រទេសចិននិងអ៊ីរ៉ង់!

អាមេរិកដាក់ទណ្ឌកម្មលើគោលដៅមួយចំនួនក្នុងប្រទេសចិន និងអ៊ីរ៉ង់ ដែលមានទំនាក់ទំនងជាមួយកម្មវិធីកាំជ្រួចនិងយោធាអ៊ីរ៉ង់


សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ទី ៦ មិថុនា បានសម្រេចដាក់ទណ្ឌកម្មលើបុគ្គលនិងអង្គភាពជាច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ ប្រទេសចិន និងទីក្រុងហុងកុង ក្នុងនោះមានទាំងអនុព័ន្ធយោធាអ៊ីរ៉ង់ប្រចាំនៅទីក្រុងប៉េកាំងផងដែរ។ ទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់បុគ្គលនិងអង្គភាពទាំងនោះថា ជាប់ពាក់ព័ន្ធនឹងទៅបណ្តាញលទ្ធកម្មកម្មវិធីកាំជ្រួចនិងយោធារបស់ប្រទេសអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei Asia។
សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មថ្មីលើក្រុមហ៊ុននិងបុគ្គលនៅក្នុងប្រទេសចិននិងអ៊ីរ៉ង់!

សហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្មលើបុគ្គលនិងអង្គភាពជាង១០ នៅក្នុងប្រទេសអ៊ីរ៉ង់ ប្រទេសចិន និងទីក្រុងហុងកុងកាលពីថ្ងៃអង្គារ។ សេចក្តីថ្លែងការណ៍របស់ក្រសួងរតនាគារអាមេរិកបាននិយាយថា ពួកគេពាក់ព័ន្ធនឹងបណ្តាញលទ្ធកម្មកម្មវិធីកាំជ្រួចនិងយោធារបស់អ៊ីរ៉ង់ តាមរយៈប្រតិបត្តិការទិញបច្ចេកវិទ្យាសំខាន់ៗនិងគ្រឿងផ្សំចាំបាច់នានាសម្រាប់ប្រើនៅក្នុងការអភិវឌ្ឍន៍កាំជ្រួចផ្លោងបាល្លីស្ទីករបស់ប្រទេសអ៊ីរ៉ង់។ ក្នុងនោះ ក្រសួងការពារជាតិអ៊ីរ៉ង់ និងទីភ្នាក់ងារដឹកជញ្ជូនកងកម្លាំងប្រដាប់អាវុធ (MODAFL) របស់ប្រទេសនៅមញ្ឈឹមបូព៌ាមួយនេះ ក៏ស្ថិតនៅក្រោមទណ្ឌកម្មរបស់អាមេរិកដែរ។ ជាក់ស្ដែង អ្នកជាប់ទណ្ឌកម្មរបស់អាមេរិកម្នាក់ គឺលោក ដាវូដ ដាំហ្កានី (Davoud Damghani) ជាអនុព័ន្ធយោធារបស់អ៊ីរ៉ង់ប្រចាំនៅទីក្រុងប៉េកាំង។ ក្រសួងហិរញ្ញវត្ថុអាមេរិកបានចោទរូបលោកពីបទសម្របសម្រួលការទិញទំនិញក្នុងវិស័យយោធាពីប្រទេសចិន មកឱ្យប្រទេសអ៊ីរ៉ង់ ក៏ដូចជាមកឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ម៉ូដាល់ (MODAFL) ដែលជាទីភ្នាក់ងារដឹកជញ្ជូនអាវុធផងដែរ។

«សហរដ្ឋអាមេរិកនឹងបន្តកំណត់គោលដៅលើបណ្តាញលទ្ធកម្មឆ្លងដែនខុសច្បាប់ ដែលគាំទ្រការផលិតកាំជ្រួចផ្លោងបាល្លីស្ទីករបស់អ៊ីរ៉ង់ និងកម្មវិធីយោធាផ្សេងៗទៀត»។ នេះបើតាមការបញ្ជាក់របស់លោកប្រេន ណេលសុន (Brian Nelson) អនុរដ្ឋលេខាធិការក្រសួងរតនាគារអាមេរិក ទទួលបន្ទុកភេរវកម្ម និងការស៊ើបការណ៍ហិរញ្ញវត្ថុ។

ក្រៅពីនោះ ក្នុងទណ្ឌកម្មថ្មីនេះ ទីក្រុងវ៉ាស៊ីនតោនបានកំណត់គោលដៅលើក្រុមហ៊ុនឧស្សាហកម្មគីមីផាឈីន (PCI) និងក្រុមហ៊ុន ភីប៊ី សាដ (P.B. Sadr) ថែមទៀត បន្ទាប់ពីក្រុមហ៊ុនទាំងពីរបានរងទណ្ឌកម្មរបស់អាមេរិកពីពេលមុនម្ដងរួចហើយ។

ក្នុងនោះទៀតសោធ ទណ្ឌកម្មក៏បានធា្លក់ទៅលើក្រុមហ៊ុន ហ្សីជាង ឆីងជី (Zhejiang Qingji) នៅក្នុងប្រទេសចិន ដែលលក់ឧបករណ៍មន្ទីរពិសោធន៍ និងឧបករណ៍ផ្សេងៗ ដែលមានតម្លៃរាប់សែនដុល្លារ ទៅឱ្យក្រុមហ៊ុនទាំងពីរខាងលើ។ បន្ថែមពីនោះ ប្រធានក្រុមហ៊ុន និងបុគ្គលិក ដែលធ្វើការនៅក្នុងក្រុមហ៊ុន Zhejiang Qingji នេះក៏រងទណ្ឌកម្មដូចគ្នា។

មានក្រុមហ៊ុនមួយទៀតក៏ក្រសួងហិរញ្ញវត្ថុរបស់អាមេរិកដាក់ទណ្ឌកម្មលើដែរ។ នោះគឺក្រុមហ៊ុនវិស្វកម្មលីនហ្គ័រ ដែលបានបម្រើការជាក្រុមហ៊ុនជួរមុខសម្រាប់ក្រុមហ៊ុនទាំងបីខាងលើ។ ដោយឡែក ក្រុមហ៊ុនមួយផ្សេងទៀត ដែលមានមូលដ្ឋាននៅក្នុងទីក្រុងហុងកុង គឺក្រុមហ៊ុនពាណិជ្ជកម្មអន្តរជាតិ គេឌូ (Ke.Do International Trade) ក៏រងទណ្ឌកម្មដែរ ទាក់ទិននឹងការចូលរួមក្នុងការលក់លោហៈធាតុ ដែលមានតម្លៃរាប់សិបលានដុល្លារ។

គួរជម្រាបថា កាលពីខែមីនា ឆ្នាំ២០២១ ប្រទេសចិននិងអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយ ដែលមានរយៈពេល២៥ឆ្នាំ។ កិច្ចព្រមព្រៀងនោះមានគោលបំណងពង្រឹងសម្ព័ន្ធភាពសេដ្ឋកិច្ចនិងនយោបាយរវាងប្រទេសទាំងពីរ។ ទោះបីជាសហរដ្ឋអាមេរិកបានធ្វើអ្វីៗដើម្បីរារាំងការនាំចេញរបស់អ៊ីរ៉ង់យ៉ាងណាក៏ដោយ ក៏ចិននៅតែជាអ្នកទិញប្រេងដ៏សំខាន់បំផុតរបស់អ៊ីរ៉ង់ដែរ៕




អត្ថបទបន្ទាប់


ធនាគារកណ្ដាលចិន ប្រាប់ឲ្យធនាគារដ្ឋធំៗកាត់បន្ថយអត្រាការប្រាក់បញ្ញើជាប្រាក់ដុល្លារ ដើម្បីជំរុញតម្លៃប្រាក់យ័ន

ព័ត៌មាន
នៅក្នុងការប៉ុនប៉ងដ៏កម្រមួយដើម្បីជំរុញប្រាក់យ័នរបស់ប្រទេសចិនឱ្យមានតម្លៃ, និយ័តករដែលគ្រប់គ្រងដោយធនាគារកណ្តាលចិន បានប្រាប់ធនាគាររបស់រដ្ឋធំៗ…

កិច្ចព្រមព្រៀងរវាង ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាមួយ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌីស្តីពីការដាក់ដំណើរការសេវាពិនិត្យសុខភាពហិរញ្ញវត្ថុលើកម្មវិធីទូរស័ព្ទ អេស៊ីលីដា ម៉ូបាល

ព័ត៌មាន
ធនាគារ អេស៊ីលីដា ភីអិលស៊ី (ធនាគារ អេស៊ីលីដា) ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅកម្ពុជា បានចុះកិច្ចព្រមព្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ