ប្រភពដដែលនេះ បានបញ្ជាក់ទៀតថា ជំនួយផ្នែកស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី អាចនឹងជួយអ៊ីរ៉ង់ កំណត់ទីតាំងនាវាចម្បាំង រ៉ាដា ឬប្រព័ន្ធទំនាក់ទំនងផ្សេងទៀតរបស់អាម៉េរិក ប៉ុន្ដែ មិនមានសញ្ញាណាមួយ ដែលបង្ហាញថា ទីក្រុងម៉ូស្គូ កំពុងជួយដឹកនាំការវាយប្រហារដោយមីស៊ីល ឬយន្ដហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់នោះទេ។
អ៊ីរ៉ង់បានចាប់ផ្តើមបាញ់ស្រោចមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ទៅលើមូលដ្ឋានទ័ពអាមេរិក និងគោលដៅដែលជាទ្រព្យសម្បត្តិរបស់អាមេរិកផ្សេងទៀត បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកសង្គ្រាមផ្លូវអាកាសប្រឆាំងនឹងរបបនេះ កាលពីថ្ងៃសៅរ៍ទី ២៨ ខែកុម្ភៈ។
សហរដ្ឋអាម៉េរិក ថ្មីៗនេះក៏បានអះអាងថា ប្រទេសអ៊ុយក្រែន ដែលមានបទពិសោធជាង ៤ឆ្នាំនៅក្នុងសង្គ្រាមជាមួយរុស្ស៊ី ពិសេសជំនាញខាងបាញ់ទម្លាក់យន្ដហោះគ្មានមនុស្សបើក ក៏នឹងផ្ដល់ជំនួយដល់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ក្នុងការទប់ទល់នឹងការវាយប្រហារដោយដ្រូនពិឃាត សាហ៊ីដ (Shahed) របស់អ៊ីរ៉ង់ផងដែរ។
ខណៈដែលសង្គ្រាមអាម៉េរិក-អ៊ីស្រាអែល ជាមួយនឹងអ៊ីរ៉ង់ កំពុងបន្ដឈានដល់ថ្ងៃទី៨នោះ ពន្លឺស្វែងរកការចរចាបទឈប់បាញ់ គឺនៅតែងងឹតសូន្យសុង ដោយសារតែគូជម្លោះ បានបិទទ្វារចរចា និងប្រកាសប្រើកម្លាំងកាន់តែខ្លាំងក្លា ដើម្បីវាយសង្គ្រប់ទៅលើគ្នាទៅវិញទៅមក។
លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ នៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ NBC News កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ថា អ៊ីរ៉ង់មិនបានស្នើឱ្យមានបទឈប់បាញ់ជាមួយអាម៉េរិក និងអ៊ីស្រាអែលនោះឡើយ ហើយថា ទីក្រុងតេអេរ៉ង់មានទំនុកចិត្តខ្ពស់ក្នុងការរង់ចាំស្វាគមន៍ប្រយុទ្ធ ដើម្បីកម្ទេចកងទ័ពថ្មើរជើងអាមេរិក បើសិនជាទីក្រុងវ៉ាស៊ីនតោន ពិតជាបញ្ជូនកងទ័ពទាំងនោះមកមែន។
ដោយឡែក ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ វិញ បានប្រកាសក្ដែងៗដែរថា នឹងគ្មានកិច្ចព្រមព្រៀងណាមួយជាមួយអ៊ីរ៉ង់នោះទេ រហូតទាល់តែ អ៊ីរ៉ង់ព្រម “ចុះចាញ់ដោយគ្មានលក្ខខណ្ឌ"។ លោក ត្រាំ បន្ថែមថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនឹងធ្វើការដើម្បី "នាំអ៊ីរ៉ង់ចេញពីមហន្តរាយ" បន្ទាប់ពីការតែងតាំងមេដឹកនាំ "ដែលអាចទទួលយកបាន"។
ពាក់ព័ន្ធនឹងគម្រោងបញ្ជូនកងទ័ពថ្មើរជើងធ្វើសង្គ្រាមនៅអ៊ីរ៉ង់វិញ លោក ត្រាំ បានអះអាងថា គឺជាការខ្ជះខ្ជាយពេលវេលា។ ប៉ុន្ដែ នៅចុងក្រោយនេះ មានប្រភពខ្លះបង្ហើបឱ្យដឹងថា លោកត្រាំ អាចនឹងមិនប្រើកម្លាំងកងទ័ពថ្មើរជើងទ្រង់ទ្រាយធំ ដើម្បីធ្វើសង្គ្រាមនៅអ៊ីរ៉ង់មែន ប៉ុន្ដែ លោកអាចនឹងពិចារណាលើការប្រើប្រាស់កងកម្លាំងថ្មើរជើងជាក្រុមតូច ដើម្បីប្រតិបត្តិការលើគោលដៅយុទ្ធសាស្ត្រជាក់លាក់ណាមួយ នាពេលខាងមុខ៕