ចៅក្រមអាម៉េរិក សម្រេចមិនអនុញ្ញាតឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ

ចៅក្រមអាម៉េរិកសម្រេចមិនអនុញ្ញាតឱ្យរដ្ឋបាលលោក ត្រាំ បញ្ឈប់បុគ្គលិករដ្ឋាភិបាលទ្រង់ទ្រាយធំក្នុងពេលតែមួយ


នៅថ្ងៃទី២៧ ខែកុម្ភៈ ចៅក្រមសហព័ន្ធមួយរូបនៅរដ្ឋកាលីហ្វ័រញ៉ា បានសម្រេចមិនអនុញ្ញាតឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ បញ្ជាឱ្យក្រសួងការពារជាតិ និងទីភ្នាក់ងារសហព័ន្ធផ្សេងៗទៀតជម្រុះ ឬបញ្ឈប់បុគ្គលិករដ្ឋាភិបាលទើបនឹងចូលថ្មីទ្រង់ទ្រាយធំក្នុងចំនួនរាប់ពាន់នាក់ក្នុងពេលតែមួយនោះទេ ព្រោះចំណាត់ការបែបនេះ គឺជារឿងខុសច្បាប់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
ចៅក្រមអាម៉េរិក សម្រេចមិនអនុញ្ញាតឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ

ចៅក្រម វិល្លៀម អែលសាប់ (William Alsup) នៅក្រុងសាន់ហ្វ្រានស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា បានលើកឡើងអំឡុងសវនាការមួយថា ការិយាល័យគ្រប់គ្រងបុគ្គលិកមន្ត្រីរាជការរបស់សហរដ្ឋអាម៉េរិក គ្មានសិទ្ធិអំណាចបញ្ជាឱ្យបណ្ដាទីភ្នាក់ងារសហព័ន្ធបញ្ឈប់បុគ្គលិកណាមួយឡើយ រួមទាំងបុគ្គលិកសាកល្បង ដែលជាធម្មតាមានបទពិសោធន៍តិចជាងមួយឆ្នាំ។ ប្រធានាធិបតី ដូណាល់ ត្រាំ ដែលមកពីគណបក្សសាធារណរដ្ឋ និងកំពូលមហាសេដ្ឋី Elon Musk ដែលជាប្រធាននាយកដ្ឋានប្រសិទ្ធភាពការងាររដ្ឋាភិបាលកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងមិនធ្លាប់មាន ដើម្បីកាត់បន្ថយការិយាធិបតេយ្យសហព័ន្ធ និងចំនួនបុគ្គលិកមន្ត្រីរាជការ។

កិច្ចខិតខំប្រឹងប្រែងនេះបានបណ្តាលឱ្យមានការរិះគន់យ៉ាងខ្លាំងពីគណបក្សប្រជាធិបតេយ្យ សហជីព និងមន្ត្រីសហព័ន្ធ ដែលអះអាងថា ការកាត់បន្ថយចំនួនមន្ត្រីរាជការនេះ គឺជារឿងខុសច្បាប់ និងអាចប៉ះពាល់ដល់ដំណើរការរបស់រដ្ឋាភិបាល។ កន្លងមករដ្ឋបាលលោក ដូណាល់ ត្រាំ ធ្លាប់បានបង្ខំចិត្តហៅបុគ្គលិកមន្ត្រីរាជការមួយចំនួន ដែលមានតួនាទីសំខាន់ៗឱ្យចូលធ្វើការវិញ ប៉ុន្តែលោកនៅតែគាំទ្រយ៉ាងពេញទំហឹងចំពោះលោក Elon Musk និងផែនការរបស់លោកក្នុងការកាត់បន្ថយចំណាយឱ្យបាន១ទ្រីលានដុល្លារពីថវិកាជាតិដែលមានទំហំ៦,៧ទ្រីលានដុល្លារ។

ក្រុមអ្នកជំនាញផ្នែកថវិកាបានលើកឡើងថា លោក Elon Musk ទំនងជាមិនអាចសម្រេចគោលដៅរបស់លោកក្នុងការកាត់បន្ថយចំណាយឱ្យបាន១ទ្រីលានដុល្លារនោះឡើយ បើគ្រាន់តែកាត់បន្ថយបុគ្គលិកមន្ត្រីរាជការ និងកាត់បន្ថយការចំណាយខ្ជះខ្ជាយ ហើយថា លោក Elon Musk ប្រហែលជាត្រូវកាត់បន្ថយកម្មវិធីមួយចំនួនរបស់រដ្ឋាភិបាលរួមទាំងអត្ថប្រយោជន៍សម្រាប់មន្ត្រីរាជការផងដែរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលគាំទ្រឱ្យមានការថតភាពយន្តនៅតាមតំបន់ទេសចរណ៍ ដើម្បីផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះសំណើរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលស្នើឱ្យមានការលើកទឹកចិត្តលើការផ្សព្វផ្សាយពីគោលដៅទេសចរណ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ