ការវាយប្រហារតាមផ្លូវអាកាស

សហរដ្ឋអាម៉េរិកបើកការវាយប្រហារតាមផ្លូវអាកាសនៅអ៊ីរ៉ាក់ និងស៊ីរី សម្លាប់មនុស្សរាប់សិបនាក់


សហរដ្ឋអាម៉េរិក បានបើកការវាយប្រហារតាមផ្លូវអាកាសក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី លើ៨៥គោលដៅដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) និងកងជីវពលគាំទ្រដោយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC)។ ការវាយប្រហារតាមផ្លូវអាកាសរបស់កងកម្លាំងអាម៉េរិកនេះបានបណ្ដាលឱ្យមនុស្សបាត់បង់ជីវិតជិត៤០នាក់ ហើយការវាយប្រហារនេះជាការសងសឹកចំពោះការវាយប្រហារដ៏សាហាវមួយទៅលើកងទ័ពអាម៉េរិក កាលពីចុងខែមករា កន្លងទៅ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ការវាយប្រហារតាមផ្លូវអាកាស
ដោយ

ការវាយប្រហារតាមផ្លូវអាកាសដែលរួមទាំងការប្រើយន្តហោះទម្លាក់គ្រាប់បែក B-1 រយៈចម្ងាយឆ្ងាយដែលហោះចេញពីសហរដ្ឋអាម៉េរិកផងដែរនោះ គឺជាការឆ្លើយតបលើកដំបូងចំពោះការវាយប្រហារដោយយន្តហោះដ្រូនកាលពីចុងខែមករា កន្លងទៅ នៅក្នុងប្រទេសហ្ស៊កដានី ពីសំណាក់ក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ ហើយបើតាមការរំពឹងទុក សហរដ្ឋអាម៉េរិក អាចនឹងធ្វើប្រតិបត្តិការយោធាបន្ថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខ។

សូមរំឭកថា ការវាយប្រហារដោយយន្តហោះដ្រូនពីសំណាក់ក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ ទៅលើមូលដ្ឋានទ័ពអាម៉េរិក ក្នុងប្រទេសហ្ស៊កដានី កាលពីចុងខែមករា បានសម្លាប់ទាហានអាម៉េរិកចំនួន៣នាក់ និងបណ្ដាលឱ្យរងរបួសជាង៣០នាក់។

ការវាយបកតាមផ្លូវអាកាសដោយសហរដ្ឋអាម៉េរិកនេះ បានធ្វើឱ្យជម្លោះមួយដែលបានរីករាលដាលក្នុងតំបន់កាន់តែកើនឡើងកម្ដៅ ចាប់តាំងពីជម្លោះប្រដាប់អាវុធនេះបានផ្ទុះឡើងរវាងប្រទេសអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ (Hamas) របស់ប៉ាឡេស្ទីន បន្ទាប់ពីក្រុមហាម៉ាស់ បានបើកការវាយប្រហារទៅលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក ណាស័រ កាណានី (Nasser Kanaani) បានចេញសេចក្តីថ្លែងការណ៍ថា ការវាយប្រហារដោយសហរដ្ឋអាម៉េរិក នេះនឹងបណ្តាលឱ្យមានភាពតានតឹង និងអស្ថិរភាពកាន់តែខ្លាំងឡើង។ ទន្ទឹមនេះប្រទេសអ៊ីរ៉ាក់ បានកោះហៅភារធារីរបស់សហរដ្ឋអាម៉េរិកប្រចាំនៅរដ្ឋធានីបាកដាត ដើម្បីបង្ហាញពីការប្រឆាំងតវ៉ាជាផ្លូវការចំពោះការវាយប្រហារនេះ។

កងជីវពលដែលមានឈ្មោះថាកងកម្លាំងចល័តប្រជាជន (Popular Mobilization Forces) របស់ប្រទេសអ៊ីរ៉ាក់ ដែលរួមបញ្ចូលទាំងក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ផងបានអះអាងថា សមាជិករបស់ខ្លួនចំនួន១៦នាក់បានបាត់បង់ជីវិតនៅក្នុងការវាយប្រហារនេះ រួមទាំងយុទ្ធជន និងគ្រូពេទ្យផងដែរ។ រដ្ឋាភិបាលអ៊ីរ៉ាក់ មុននេះបានបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ទាំង១៦នាក់ខាងលើ ក៏មានជនស៊ីវិលផងដែរ។

ដោយឡែក នៅប្រទេសស៊ីរី ឯណោះវិញ ការវាយប្រហារបានសម្លាប់មនុស្ស២៣នាក់ ដែលកំពុងយាមកាមតាមគោលដៅវាយប្រហារនានា។ នេះបើយោងតាមការលើកឡើងរបស់លោក រ៉ាមី អាប់ឌុលរ៉ាម៉ាន់ (Rami Abdulrahman) នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលរាយការណ៍អំពីសង្គ្រាមនៅក្នុងប្រទេសស៊ីរី។

ទោះបីជាសហរដ្ឋអាម៉េរិក បើកការវាយប្រហារតាមផ្លូវអាកាសទាំងនេះក្ដី ក៏មន្ទីរបញ្ចកោណអះអាងថា ខ្លួនមិនចង់បានសង្គ្រាមជាមួយអ៊ីរ៉ង់ឡើយ ហើយជឿជាក់ថា ក្រុងតេហេរ៉ង់ ក៏មិនចង់បានសង្រ្គាមនោះដែរ។

ប្រទេសអ៊ីរ៉ង់ ដែលគាំទ្រក្រុមហាម៉ាស់ បានព្យាយាមគេចចេញពីជម្លោះក្នុងតំបន់នេះរហូតមក ទោះបីជាខ្លួនគាំទ្រក្រុមសកម្មប្រយុទ្ធនានាមកពីប្រទេសលីបង់ យេម៉ែន អ៊ីរ៉ាក់ និងស៊ីរី ក្រោមសម្ព័ន្ធភាពក្រៅផ្លូវការមួយដែលគេហៅថា អាក់ស៊ីស អូហ្វ រីស៊ីស្ទែន (Axis of Resistance ) ដែលប្រឆាំងនឹងផលប្រយោជន៍របស់អ៊ីស្រាអែល និងសហរដ្ឋអាម៉េរិក យ៉ាងណាក្ដី៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ហេតុអ្វីអ្នកជាប់សែស្រឡាយចិន និងជនជាតិចិនពេញនិយមយកផ្កាអង្គាសីលតាំងលម្អក្នុងឱកាសបុណ្យចូលឆ្នាំចិន?

ស្របពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ខិតជិតចូលមកដល់ ដើមផ្កាអង្គាសីល ត្រូវបានអាជីវករដាក់លក់ជាហូរហែនៅតាមដងផ្លូវមួយចំនួនក្នុងភូមិសាស្រ្តរ…

វិស័យអចលនទ្រព្យនៅចិន កំពុងជួបបញ្ហាសាងសង់លំនៅឋានលើសតម្រូវការពលរដ្ឋជាង១៥០លាននាក់

ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសចិន កំពុងជួបបញ្ហាដោយសារតែអំណាចលក់ធ្លាក់ចុះទ្វេដង ស្របពេលចំនួនប្រជាជនមាននិន្នាការថយចុះ ជាហេតុនំាឱ្យគេលើកឡើង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ