សហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់ប្រធានាធិតី ដូណាល់ ត្រាំ បានប្រកាសបើកការស៊ើបអង្កេតការអនុវត្តពាណិជ្ជកម្មមិនស្មើភាពគ្នាលើប្រទេសដៃគូពាណិជ្ជកម្មចំនួន១៦ រួមទាំងកម្ពុជា។ ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក បានបញ្ជាក់ថា ការស៊ើបអង្កេតនេះនឹងពិនិត្យមើលទៅលើសមត្ថភាពផលិតកម្មច្រើនលើសលប់ក្នុងវិស័យឧស្សាហកម្ម និងកម្លាំងពលកម្មដោយបង្ខំនៅក្នុងប្រទេសជាង៦០។
ការស៊ើបអង្កេតលើសមត្ថភាពផលិតកម្មច្រើនលើសលប់ក្នុងវិស័យឧស្សាហកម្មនឹងផ្ដោតគោលដៅលើប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗចំនួន១៦ រួមមាន ប្រទេសចិន សហភាពអឺរ៉ុប ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង វៀតណាម ថៃ ម៉ាឡេស៊ី កម្ពុជា សិង្ហបុរី និងឥណ្ឌូនេស៊ី ជាដើម។ ការស៊ើបអង្កេតនេះអាចនាំឱ្យមានការដាក់ពន្ធគយថ្មីនៅរដូវក្តៅនេះ។
ក្រុមមន្ត្រីអាម៉េរិក បានលើកឡើងថា ប្រទេសមួយចំនួនអាចផលិតទំនិញច្រើនជាងតម្រូវការជាក់ស្ដែងរបស់ពិភពលោក ដោយសារទទួលបានការឧបត្ថម្ភធន កម្ចីឥណទានការប្រាក់ទាប និងច្បាប់ ស្ដីពី កម្លាំងពលកម្ម ឬបរិស្ថានដែលមានភាពកម្សោយ ឬធូររលុង។ ទន្ទឹមនេះការស៊ើបអង្កេតលើកទី២ នឹងផ្តោតលើការហាមឃាត់ការនាំចូលទំនិញ ដែលផលិតដោយកម្លាំងពលកម្មដោយបង្ខំ។
រដ្ឋបាលលោក ដូណាល់ ត្រាំ សង្ឃឹមថា នឹងបញ្ចប់ការស៊ើបអង្កេតទាំងនេះឱ្យបានមុនពេលពន្ធគយបណ្តោះអាសន្នផុតសុពលភាពនៅខែកក្កដា ឆ្នាំ២០២៦ ដែលផ្តល់ឱ្យសហរដ្ឋអាម៉េរិក នូវឥទ្ធិពលថ្មីក្នុងការចរចាពាណិជ្ជកម្ម។ ក្រុមមន្ត្រីអាម៉េរិក អះអាងថា លោក ត្រាំ នៅតែប្ដេជ្ញាចិត្តកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក និងការពារផលិតកម្មរបស់អាម៉េរិក ដោយប្រើប្រាស់ពន្ធគយ និងឧបករណ៍ពាណិជ្ជកម្មផ្សេងៗទៀត ប្រសិនបើចាំបាច់៕
ដោយ: តែម សុខុម