
ការិយាល័យផ្នែកសេវាកម្មជាមួយកម្ពុជា របស់ក្រសួងកសិកម្មអាមេរិក (USDA)នេះ គឺស្ថិតនៅក្នុងស្ថានទូតអាមេរិកផ្ទាល់នៅភ្នំពេញ ប៉ុន្តែសម្រាប់ការងារផ្នែកសេវាកម្ម គឺមាននៅទូទាំងប្រទេសកម្ពុជា។ ការបើកការិយាល័យក្រសួងកសិកម្មអាមេរិកនៅកម្ពុជានេះ ត្រូវបានសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា គឺដើម្បីទ្រទ្រង់កិច្ចសហការ និងពាណិជ្ជកម្មទ្វេភាគី ផ្នែកកសិកម្ម សម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy បានមានប្រសាសន៍ថា៖ «នៅប្រទេសកម្ពុជា គេចូលចិត្តផលិតផល និងបច្ចេកវិទ្យាកសិកម្មរបស់អាមេរិក ហើយការិយាល័យថ្មីរបស់ USDAនេះ នឹងជំរុញកិច្ចការនេះ ដើម្បីឲ្យអតិថិជន និងផលិតករកម្ពុជាទទួលបានផលិតផល និងបច្ចេកវិទ្យាទាំងនោះឲ្យបានកាន់តែច្រើន»។
លោកឯកអគ្គរដ្ឋទូត បន្តយ៉ាងដូច្នេះទៀតថា៖ «វាជាដំណឹងល្អ សម្រាប់ប្រទេសទាំងពីរ ហើយវាក៏បានឆ្លុះបញ្ចាំង ឲ្យឃើញអំពីការប្តេជ្ញាចិត្តយូរអង្វែងរបស់យើង ក្នុងការធ្វើឲ្យប្រជាជនកម្ពុជាទទួលបានទំនិញ និងសេវាប្រកបដោយគុណភាព ពីសហរដ្ឋអាមេរិក»។

ការិយាល័យផ្នែកសេវាកម្មជាមួយបរទេស របស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) បានតែងតាំង កញ្ញា ហ៊ុយ សុខគា អ្នកឯកទេសខាងកិច្ចការកសិកម្ម ធ្វើជាជាតំណាង។ គួរបញ្ជាក់ថា កន្លងមក កញ្ញា សុខគា គឺជាអ្នកឯកទេសពាណិជ្ជកម្មរបស់ស្ថានទូតអាមេរិកនៅភ្នំពេញ ដោយកញ្ញា បានជួយក្រុមហ៊ុនអាមេរិកនានា ឲ្យចូលមកបណ្តាក់ទុនក្នុងទីផ្សារនៃប្រទេសកម្ពុជាផងដែរ។

លើសពីនេះ ការិយាល័យផ្នែកសេវាកម្មជាមួយបរទេស របស់ក្រសួងកសិកម្មអាមេរិក (USDA) ក៏នឹងជួយផងដែរដល់កសិករ និងសិស្សសាលានៅកម្ពុជា ក្នុងទំហំទឹកប្រាក់រាប់សិបលានដុល្លារ តាមរយៈកម្មវិធីជំនួយអភិវឌ្ឍន៍ជាបន្តរបស់ USDA ដូចជាកម្មវិធី McGovern-Dole International Food for Education ដែលជាកម្មវីធីផ្តល់អាហារសម្រាប់កូនសិស្សនៅសាលាបឋមសិក្សា និងកម្មវិធី Food for Progress ដែលលើកកម្ពស់ផលិតភាពកសិកម្មផងដែរ។

គួរជម្រាបជូនថា ទីផ្សារកម្ពុជា កំពុងមានកំណើន សម្រាប់ទំនិញកសិកម្មនាំចេញពីសហរដ្ឋអាមេរិក ដោយក្នុងឆ្នាំ ២០២០ ក្នុងតម្លៃ ៧២.៧ លានដុល្លារ គឺកើន ៤៧៤% នៅក្នុងរយៈពេល ១០ ឆ្នាំមកនេះ៕
អត្ថបទដោយ៖ រ៉ាត់ ទី
