បញ្ហាកកស្ទះទំនិញនៅច្រកព្រំដែន ចិន-វៀតណាម

បញ្ហាកកស្ទះទំនិញអូសបន្លាយពេលយូរនៅច្រកព្រំដែន ចិន-វៀតណាម កំពុងបង្កផលប៉ះពាល់កម្រិតណាដល់ការដឹកជញ្ជូនរបស់កម្ពុជា?


បញ្ហាកកស្ទះឡានកុងតឺន័រដឹកទំនិញរាប់ពាន់គ្រឿងនៅតាមព្រំដែនរវាងវៀតណាម និងចិន នៅតែបន្ដអូសបន្លាយពេលយូរជាច្រើនខែមកហើយ នៅតែមិនទាន់មានដំណោះស្រាយនៅឡើយទេ។ បញ្ហានេះ កំពុងបង្កជាក្ដីបារម្ភថា នឹងអាចបង្ករាំងស្ទះដល់ការដឹកជញ្ជូនទំនិញរបស់កម្ពុជាផងដែរ ដ្បិតថា ប្រទេសវៀតណាម និងចិន ក៏ជាទីផ្សារនាំចេញនាំចូលទំនិញដ៏ធំរបស់កម្ពុជាដែរ។
កុងតឺន័រដឹកទំនិញកកស្ទះនៅនៅច្រកព្រំដែន ចិន-វៀតណាម

ទោះជាបែបនេះក្ដី មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម និងអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនបានអះអាងថា បញ្ហាកកស្ទះឡានដឹកទំនិញនៅច្រកព្រំដែនវៀតណាម-ចិន នេះ គិតមកទល់ពេលនេះ នៅមិនទាន់ប៉ះពាល់អ្វីធ្ងន់ធ្ងរដល់វិស័យដឹកជញ្ជូនទំនិញរបស់កម្ពុជានៅឡើយទេ។ ទោះយ៉ាងណា ក្រសួងពាណិជ្ជកម្មក៏កំពុងខិតខំស្វែងរកមធ្យោបាយដើម្បីបញ្ជៀសការកកស្ទះទំនិញតាមច្រកព្រំដែននេះដែរ ដូចជាជំរុញឲ្យក្រុមហ៊ុនដឹកជញ្ជូនបង្វែរពីការដឹកជញ្ជូនតាមផ្លូវគោក ទៅដឹកជញ្ជូនតាមផ្លូវទឹកវិញជាដើម។

រដ្ឋាភិបាលក្រុងប៉េកាំង ប្រទេសចិន នៅតែបន្តអនុវត្តនូវគោលនយោបាយ គ្មានកូវីដ (Zero Covid) របស់ខ្លួន បើទោះជា បច្ចុប្បន្ន ប្រទេសនេះមានករណីឆ្លងតិចតួច បើប្រៀបនឹងប្រទេសដទៃ។ ការអនុវត្តគោលនយោបាយនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងលើវិស័យដឹកជញ្ជូន ពិសេសប្រទេសវៀតណាម រួមទាំងប្រទេសកម្ពុជាផងដែរ។

ជុំវិញបញ្ហានេះ ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ក្រោយទទួលបានដំណឹងពីភាគីចិន ពីបញ្ហាកកស្ទះទំនិញ នៅតាមព្រំដែនប្រទេសចិន និងវៀតណាម ក្រសួងពាណិជ្ជកម្ម បានជូនដំណឹងនេះដល់សមាគមដឹកជញ្ជូននៅកម្ពុជា ដើម្បីប្ដូរមធ្យោបាយដឹកជញ្ជូនទៅប្រទេសចិន តាមផ្លូវទឹកវិញ ដើម្បីចៀសវាងនូវហានិភ័យ ដែលអាចកើតឡើង ជាយថាហេតុ។ បើតាមឯកឧត្តម ប៉ែន សុវិជាតិ មកទល់ពេលនេះ បញ្ហាកកស្ទះទំនិញរវាងវៀតណាម និងចិន មិនទាន់បង្កផលប៉ះពាល់អ្វីដល់ការដឹកជញ្ជូនទំនិញរបស់កម្ពុជា នោះទេ ព្រោះតែកម្ពុជា បានត្រៀមខ្លួនជាមុន និងដឹងខ្លួនជាស្រេច ក្នុងការប្រឈមមុខនឹងបញ្ហានេះ។

ជាមួយគ្នានេះ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជា ក៏បានអះអាងដែរថា បញ្ហាកកស្ទះទំនិញរវាងច្រកទ្វារព្រំដែនប្រទេសវៀតណាម និងប្រទេសចិន មិនបានជះឥទ្ធិពលធ្ងន់ធ្ងរដល់វិស័យដឹកជញ្ជូននៅកម្ពុជានោះទេ។ អ្នកជំនាញរូបនេះ បានបញ្ជាក់ដូច្នេះ ខាងសមាគមបានដឹងជាមុនទៅហើយ នូវបញ្ហាដែលបានកើតឡើងខាងលើ ទើបសមាគមបានជំរុញការដឹកជញ្ជូនតាមផ្លូវទឹកវិញ។ ឧកញ៉ា ស៊ិន ចន្ធី បានបន្ថែមទៀតថា បញ្ហានេះមិនបានបង្កជាការព្រួយបារម្ភឡើយសម្រាប់កម្ពុជា ព្រោះទំនិញកម្ពុជា ដែលនាំទៅប្រទេសចិន ឆ្លងកាត់វៀតណាម មានចំនួនតិចតួចបំផុត ហើយមកដល់ពេលនេះ ទំនិញកម្ពុជា ទៅកាន់ប្រទេសចិន នៅតែអាចដំណើរការជាធម្មតា។

យោងតាមសេចក្ដីជូនដំណឹងនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណៈរដ្ឋវៀតណាម បានឱ្យដឹងថា សកម្មភាពនាំចូល និងនាំចេញនៅច្រកព្រំដែនវៀតណាម និងចិន បានជួបប្រទះកកស្ទះយ៉ាងខ្លាំង ពិសេសនៅច្រកទ្វារព្រំដែនខេត្ត ឡាក់ សឺន (Lang Son) និងខេត្ត គ័ង នីញ (Quang Ninh) ដែលបណ្ដាលមកពីការរឹតត្បិតវិធានការបង្ការការឆ្លងរាលដាលជំងឺកូវីដ-១៩ របស់ប្រទេសចិន។ បើតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម វៀតណាម គិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ មានរថយន្តជាង ៦ពាន់គ្រឿង ឯណោះ កំពុងរង់ចាំការនាំចេញទៅប្រទេសចិន។

ប្រទេសវៀតណាមថ្មីៗនេះ ក៏បានស្នើឲ្យភាគីចិនបើកច្រកព្រំដែនឲ្យមានចរចាទំនិញឡើងវិញផងដែរ ប៉ុន្ដែ នៅមិនទាន់មានការឆ្លើយតបបែបណានៅឡើយទេ។

ដើម្បីចៀសវាងនូវបញ្ហានេះ ក្រសួងពាណិជ្ជកម្ម កម្ពុជា នៅថ្ងៃទី៣ ខែមករា បានជូនសេចក្ដីប្រកាសព័ត៌មាន ដល់ក្រុមហ៊ុន ពាណិជ្ជករ និងសមាគមដឹកជញ្ជូនទំនិញចេញ-ចូល ឱ្យពិនិត្យលទ្ធភាពរកមធ្យោបាយនិងវិធីនាំចេញផ្សេង ដើម្បីចៀសវាងហានិភ័យ និងបញ្ហានានា ដែលបណ្ដាលមកពីការកកស្ទះតាមរយៈការបញ្ជូនទំនិញឆ្លងកាត់ប្រទេសវៀតណាម ទៅកាន់ប្រទេសចិន តាមច្រកព្រំដែនគោក រវាងវៀតប្រទេសណាម និងប្រទេសចិន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កំណើននាំចេញនៃប្រទេសតំបន់អាស៊ីអាគ្នេយ៍ ផ្ដល់សង្ឃឹមកាន់តែខ្លាំងដល់សម្ទុះងើបឡើងនៃសេដ្ឋកិច្ចតំបន់នៅឆ្នាំ២០២២

ព័ត៌មាន
ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានគេមើលឃើញថា ទំនងជានឹងមានសេដ្ឋកិច្ចបន្ដងើបឡើងកាន់តែប្រសើរនៅក្នុងឆ្នាំ២០២២ បន្ទាប់ពីបានជួបព្យុះកូវី…

រដ្ឋាភិបាលថៃនឹងបន្ដវិធានការតម្រូវឲ្យអ្នកដំណើរពីក្រៅប្រទេសធ្វើចត្តាឡីស័ករហូតដល់ចុងខែមករា

ព័ត៌មាន
គិតមកទល់ថ្ងៃទី ៤ ខែមករានេះ មានរយៈពេល១៤ថ្ងៃហើយ ដែលរាជរដ្ឋាភិបាលថៃបានសម្រេចឈប់អនុញ្ញាតអ្នកដំណើរពីក្រៅប្រទេសដែលបានចាក់វ៉ាក់សាំងរួចអាចចូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ