បើតាមលោកស្រី Gina Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ទី ៩ មីនា ថា អនុស្សរណៈនៃការយោគយល់គ្នាផ្តោតលើការចែករំលែកព័ត៌មាន និងកិច្ចពិភាក្សាគោលនយោបាយនឹងត្រូវបានចុះហត្ថលេខា តែមិនមានការប្តេជ្ញាចិត្តវិនិយោគជាក់លាក់ណាមួយ ដោយក្រុមហ៊ុនអាមេរិកប្រកាសឡើងនៅក្នុងប្រទេសឥណ្ឌានោះទេ។ លោកស្រី រៃមុនដូ បានសង្កត់ធ្ងន់ថា វាពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសទាំងពីរក្នុងការពង្រីកវិស័យបន្ទះឈីប។
នៅក្នុងដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍នៅទីក្រុងញូដេលី រួមទាំងកិច្ចប្រជុំជាមួយមេដឹកនាំវិស័យសាធារណៈ និងឯកជនរបស់ឥណ្ឌាផងនោះ លោកស្រី វៃមុនដូ រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកក៏បានលើកឡើងទៀតថា៖ «យើងចង់ឃើញប្រទេសឥណ្ឌាសម្រេចបាននូវសេចក្តីប្រាថ្នារបស់ខ្លួនក្នុងការដើរតួនាទីកាន់តែធំនៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក»។
នៅក្នុងកញ្ចប់ទឹកប្រាក់ប្រមាណ ៥២ ពាន់លានដុល្លារ សម្រាប់គាំទ្រឧស្សាហកម្មបន្ទះឈីបរបស់សហរដ្ឋអាមេរិកដែលត្រូវបានចុះហត្ថលេខាដោយលោក ចូ បៃដិន កាលពីឆ្នាំមុន គឺមានសារៈសំខាន់ណាស់ព្រោះវាគឺជាគន្លឹះនៃការប្រកួតប្រជែង និងសន្តិសុខជាតិរបស់អាមេរិក ព្រមទាំងដើម្បីកាត់បន្ថយការពឹងផ្អែករបស់អាមេរិកលើឈីបពីតៃវ៉ាន់ និងតំបន់អាស៊ី ក្រោយពីមើលឃើញពីការគំរាមកំហែងសន្តិសុខនៃបច្ចេកវិទ្យាបន្ទះឈីបពីសំណាក់ប្រទេសចិន។
ដោយឡែក សារៈសំខាន់ភូមិសាស្ត្រនយោបាយរបស់ឥណ្ឌាចំពោះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបាននិងកំពុងកើនឡើងជាលំដាប់ នៅពេលដែលអ្នកបង្កើតគោលនយោបាយអាមេរិកមើលឃើញកាន់តែច្បាស់នៃការពង្រីកឥទ្ធិពលរបស់ចិនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ជាមួយគ្នា រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi មើលឃើញពីឱកាសមួយនេះ ដើម្បីអាចទាញយកផលប្រយោជន៍ពីប្រទេសលោកខាងលិចផង និងប្រជែងផ្នែកបច្ចេកវិទ្យាជាមួយទីក្រុងប៉េកាំងផង។
យ៉ាងណាមិញ សេដ្ឋកិច្ចប្រមាណ ៣,២ទ្រីលានដុល្លាររបស់ឥណ្ឌាត្រូវបានព្យាករណ៍ថា នឹងស្ថិតក្នុងចំណោមកំណើនលឿនបំផុតនៅឆ្នាំក្រោយនេះ ហើយទីក្រុងញូដេលីនឹងផ្តល់ការលើកទឹកចិត្តចំនួន១០ពាន់លានដុល្លារទៀត ដើម្បីបង្កើនគម្រោងផលិតកម្មបន្ទះឈីបពីការវិនិយោគរបស់ក្រុមហ៊ុនបន្ទះឈីបបរទេស។ ទោះយ៉ាងណា គោលនយោបាយគាំទ្រការផលិតនេះ ត្រូវបានគេមើលឃើញថា អាចទាក់ទាញបានក្រុមហ៊ុនឈីបតូចៗមួយចំនួនប៉ុណ្ណោះ ខណៈដែលវានឹងមិនអាចទាក់ទាញ និងទទួលបានការវិនិយោគពីសំណាក់ក្រុមហ៊ុនផលិតបន្ទះឈីបយក្សៗដូចជា TSMC របស់តៃវ៉ាន់ និង Intel Corp របស់សហរដ្ឋអាមេរិកនៅឡើយ៕