ក្រុមរដ្ឋអាជ្ញាអាម៉េរិក បាននិយាយថា ក្រសួងយុត្តិធម៌ត្រូវតែសម្រេចចិត្តឱ្យបានច្បាស់លាស់នៅត្រឹមថ្ងៃទី៧ ខែកក្កដា ដើម្បីកំណត់ថា តើត្រូវកាត់ទោសក្រុមហ៊ុន Boeing ដែរឬទេ។ កាលពីខែឧសភា កន្លងទៅ ក្រុមរដ្ឋអាជ្ញាបានចោទថា ក្រសួងយុត្តិធម៌បានរំលោភកិច្ចព្រមព្រៀងឆ្នាំ២០២១ ដោយបានការពារក្រុមហ៊ុន Boeing មិនឱ្យជាប់ទោសព្រហ្មទណ្ឌពីបទសមគំនិតក្នុងការក្លែងបន្លំឯកសារជុំវិញការធ្លាក់យន្តហោះបណ្តាលឱ្យមនុស្សស្លាប់ចំនួនពីរលើក គឺនៅក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ពាក់ព័ន្ធនឹងយន្តហោះ ប៊ូអ៊ីង 737 MAX។
តាមរយៈកិច្ចព្រមព្រៀងនេះ ក្រសួងយុត្តិធម៌ បានយល់ព្រមមិនកាត់ទោសក្រុមហ៊ុន Boeing ជុំវិញការក្លែងបន្លំរដ្ឋបាលអាកាសចរណ៍សហព័ន្ធ ដរាបណាក្រុមហ៊ុននេះបានកែលម្អការអនុវត្តទៅតាមច្បាប់របស់ខ្លួន និងដាក់របាយការណ៍ជាប្រចាំ។ ក្រុមហ៊ុន Boeing ក៏បានយល់ព្រមបង់ប្រាក់ចំនួន២ពាន់៥រយលានដុល្លារ ដើម្បីដោះស្រាយការស៊ើបអង្កេតនេះផងដែរ៕
អត្ថបទ៖ សុខ មង្គល