
សហរដ្ឋអាម៉េរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ នឹងបន្តចាកចេញពីអង្គការយូណេស្កូបន្ថែមទៀត ក្រោមហេតុផលទីភ្នាក់ងារវប្បធម៌ និងការអប់រំរបស់អង្គការសហប្រជាជាតិ ដែលមានតួនាទីសំខាន់ក្នុងការអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោកហាក់មានភាពលម្អៀងប្រឆាំងនឹងអ៊ីស្រាអែល និងបានចោទថា អង្គការនេះកំពុងលើកកម្ពស់បុព្វហេតុនៃភាពបែកបាក់គ្នា។ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកលោកស្រី តាមមី ប្រ៊ូស (Tammy Bruce) បានលើកឡើងថា ការបន្តចូលរួមជាមួយអង្គការយូណេស្កូ មិនមែនជាផលប្រយោជន៍ជាតិរបស់សហរដ្ឋអាម៉េរិកនោះទេ។
ឆ្លើយតបនឹងការលើកឡើងនេះ អង្គការយូណេស្កូបានចាត់ទុកការចាកចេញរបស់សហរដ្ឋអាម៉េរិក ដែលគ្រោងធ្វើឡើងនៅអំឡុងខែធ្នូ ឆ្នាំ២០២៦ ជាការសម្រេចចិត្តដ៏គួរឱ្យសោកស្ដាយ តែវាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ដ្បិតការចាកចេញនេះអាចបង្កផលប៉ះពាល់ដល់ហិរញ្ញវត្ថុក្នុងកម្រិកតិចតួចប៉ុណ្ណោះ។
គួរបញ្ជាក់ថា កន្លងមកប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ធ្លាប់បានបញ្ជាឱ្យរដ្ឋបាលរបស់លោកដកខ្លួនចេញពីអង្គការយូណេស្កូម្តងរួចមកហើយកាលពីឆ្នាំ២០១៧ ក្នុងអំឡុងអាណត្តិដំបូងរបស់លោក ប៉ុន្តែក្រោយមកលោក ចូ បៃដិន ក៏បានបន្តឡើងវិញ។
អគ្គនាយកអង្គការយូណេស្កូលោកស្រី អូដ្រេ អាហ្សូឡៃ (Audrey Azoulay) បង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តដកខ្លួនចេញពីអង្គការយូណេស្កូរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដោយលោកស្រី បានចាត់ទុកការសម្រេចនេះជាការផ្លាស់ប្តូរផ្ទុយនឹងគោលការណ៍ជាមូលដ្ឋាននៃពហុភាគីនិយម៕
ដោយៈ សរ សុជាតិ