
ការសម្រេចចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ក្នុងការបិទទ្វារប្រតិបត្តិការទីភ្នាក់ងារជំនួយ USAID ដែលចាយលុយជាង៧០ពាន់លានដុល្លារក្នុងមួយឆ្នាំសម្រាប់កម្មវិធីមនុស្សធម៌សកល និងកម្មវិធីជំនួយសង្រ្គោះផ្សេងៗរាប់ទាំងការពង្រឹងលទ្ធិប្រជាធិបតេយ្យ ជាការខាតបង់មួយដ៏ធ្ងន់ធ្ងរសម្រាប់មហាអំណាចមួយនេះ។
នៅពេលនេះគេហទំព័ររបស់ USAID លែងដំណើរការ ហើយបុគ្គលិករាប់ពាន់នាក់ត្រូវបានឈប់សម្រាក ខណៈការបិទនេះនៅព្យួរនៅឡើយ ដោយសារមានការប្តឹងទៅតុលាការសហព័ន្ធ។ តែទោះបីជាយ៉ាងណាក៏ដោយ អនាគតទីភ្នាក់ងារជំនួយនេះ នៅតែស្ថិតក្នុងភាពមិនច្បាស់ និងប្រាកដប្រជានៅឡើយ។ ក្រោយការប្រកាសបិទទីភ្នាក់ងារនេះ ទីក្រុងប៉េកាំង មិនបានធ្វើអត្ថាធិប្បាយណាមួយនោះទេ ប៉ុន្តែមន្ត្រីចិនមួយចំនួនតូចនៅក្នុងទីភ្នាក់ងាររដ្ឋាភិបាលកណ្តាល ដែលទាក់ទងនឹងជំនួយបរទេស ពាណិជ្ជកម្ម និងសេដ្ឋកិច្ច បាននិយាយថា វាជាឱកាសសម្រាប់ទីក្រុងប៉េកាំង ក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួននៅបរទេស។
មន្ត្រីសេដ្ឋកិច្ចម្នាក់បាននិយាយក្នុងលក្ខខណ្ឌមិនបង្ហាញអត្តសញ្ញាណថា ការដកថយរបស់ USAID នឹងផ្តល់អត្ថប្រយោជន៍ដល់ទីក្រុងប៉េកាំង ក្នុងការលើកកម្ពស់មុខមាត់ និងកសាងផ្លូវរបស់ខ្លួននៅក្នុងប្រទេសកំពុងអភិវឌ្ឍ។
ជាមួយគ្នានេះ អ្នកជំនាញការម្នាក់ទៀតបានអះអាងស្រដៀងគ្នាថា ទីក្រុងប៉េកាំងនឹងទទួលបានឱកាស ប្រសិនបើ USAID លែងមានប្រតិបត្តិការ ហើយសហគមន៍អន្តរជាតិនឹងផ្តល់ការយកចិត្តទុកដាក់បន្ថែមទៀតចំពោះជំនួយបរទេសរបស់ប្រទេសចិន។ ប្រភពដដែលរូបនេះបានបន្តថា ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសចិន ក៏នឹងដើរតួក្នុងការអភិវឌ្ឍផងដែរ ដូច្នេះតួនាទី និងឥទ្ធិពលចិនចង់ឬមិនចង់នឹងទទួលពន្លឺចែងចាំង។
ពាក់ព័ន្ធនឹងតួនាទីរបស់ USAID សមាជិកព្រឹទ្ធសភាអាម៉េរិកម្នាក់ លោក គ្រីស្ទ ខុន (Chris Coons) បាននិយាយថា ការបិទទីភ្នាក់ងារនេះនឹងក្លាយជាអំណោយសម្រាប់ប្រទេសចិន ក្នុងការពង្រីកឥទ្ធិពល។ ដោយឡែកលោក ហ៊ូ ជៀនលាន (Hu Zhangliang) អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ ចិន (CIDCA) បានលើកឡើងថា ចិននឹងមិនធ្វើដូចប្រទេសមួយចំនួនដែលទុកឱ្យអ្នកទទួលជំនួយមានអារម្មណ៍អស់សង្ឃឹមនោះទេ ហើយចិននឹងបង្កើនការវិនិយោគក្នុងការអភិវឌ្ឍន៍អន្តរជាតិ និងធ្វើឱ្យប្រសើរឡើងនូវកម្មវិធីរបស់ខ្លួនចំពោះជំនួយបរទេស។
គួរបញ្ជាក់ថា ទីភ្នាក់ងារសហរដ្ឋអាម៉េរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦១ ដោយលោកប្រធានាធិបតី ចន កេណឺឌី ( John F. Kennedy) ដើម្បីពង្រីកអំណាច និងឥទ្ធិពលរបស់សហរដ្ឋអាម៉េរិក និងដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់សហភាពសូវៀត។ ជាច្រើនទសវត្សរ៍មកហើយ ទីភ្នាក់ងារ USAID បានចំណាយប្រាក់រាប់ពាន់លានដុល្លារនៅទ្វីបអាហ្វ្រិក អាម៉េរិកឡាទីន មជ្ឈិមបូព៌ា និងអាស៊ី ដើម្បីគាំទ្រគម្រោងសុខភាព ការអប់រំ និងសិទ្ធិមនុស្ស៕
ដោយៈ សរ សុជាតិ