ហើយនេះ គឺជាការចរចាដ៏សំខាន់មួយ ដែលនឹងបង្វែរការផ្គត់ផ្គង់ចេញពីប្រទេសចិន ហើយអាម៉េរិកនឹងអាចជួយប្រទេសដែលសម្បូរធនធានប្រេងមួយនេះ បង្កើនការផលិតប្រេងកាន់តែច្រើនថែមទៀត។
បើតាមលោកដូណាល់ ត្រាំ ដែលបានសរសេរនៅលើបណ្ដាញសង្គម Truth Social កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៦ បានឱ្យដឹងថា ប្រទេសវេណេស៊ុយអេឡានឹងប្រគល់ប្រេងឆៅដែលរងទណ្ឌកម្ម ចំនួន ៣០ ទៅ ៥០លានបារ៉ែលមកឱ្យសហរដ្ឋអាម៉េរិក ដើម្បីលក់តាមតម្លៃទីផ្សារ ហើយប្រាក់ចំណូលនឹងស្ថិតក្រោមគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិក ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជនវេណេស៊ុយអេឡា និងសហរដ្ឋអាម៉េរិក។
រដ្ឋមន្ត្រីក្រសួងថាមពលអាម៉េរិក លោក គ្រីស រ៉ាយ (Chris Wright) ត្រូវបានណែនាំឱ្យអនុវត្តផែនការនេះភ្លាមៗ ហើយប្រេងឆៅ នឹងត្រូវបានដឹកជញ្ជូនដោយកប៉ាល់ និងនាំយកដោយត្រង់ទៅកាន់កំពង់ផែផ្ទុកប្រេងនៅសហរដ្ឋអាម៉េរិក។
ប្រទេសវេណេស៊ុយអេឡា មានប្រេងរាប់លានបារ៉ែលផ្ទុកនៅលើនាវាដឹកប្រេង និងនៅក្នុងធុងស្តុកប្រេង ដែលខ្លួនមិនអាចដឹកជញ្ជូននាំចេញបាន ដោយសារតែការបិទផ្លូវលើការនាំចេញ ដែលជាទណ្ឌកម្មដែលបានដាក់ដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ចាប់តាំងពីពាក់កណ្តាលខែធ្នូមក។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ CNN ថា ប្រេងនេះត្រូវបានផលិត និងដាក់ក្នុងធុងរួចរាល់ហើយ។ ភាគច្រើនកំពុងស្ថិតនៅលើកប៉ាល់ ហើយនឹងត្រូវបញ្ជូនទៅកាន់រោងចក្ររបស់អាម៉េរិក នៅឯឈូងសមុទ្រដើម្បីធ្វើការចម្រាញ់។
ទោះបីជាប្រេងចំនួន ៣០ ទៅ ៥០លានបារ៉ែលនេះ មើលទៅហាក់ដូចជាច្រើនមែន តែក្នុងរយៈពេល ១ខែកន្លងមកនេះ សហរដ្ឋអាម៉េរិក បានប្រើប្រាស់ប្រេងជាង ២០លានបារ៉ែលឯណោះក្នុង ១ថ្ងៃឯណោះ៕
អត្ថបទ៖ សួន ឡង់ទី