អ្នកកាសែតថៃជើងចាស់រូបនេះបាននិយាយថា ការធ្វើសង្គ្រាមនាពេលបច្ចុប្បន្ននេះ មិនមែនជាសង្គ្រាម ដែលប្រយុទ្ធតតាំងគ្នាដោយអាវុធតែម្យ៉ាងប៉ុណ្ណោះទេ តែវាជាសង្គ្រាម ដែលត្រូវយកឈ្នះលើការមើលឃើញ និងការយល់ឃើញរបស់អន្តរជាតិ នេះគឺជាគោលដៅសំខាន់ មិនមែនជាការប្រយុទ្ធ ដើម្បីឱ្យភាគីណាមួយស្លាប់ច្រើននោះទេ។
លោកប្រាវីតបន្តថា បើសម្លឹងមើលលើស្ថានការណ៍អន្តរជាតិ ឬអ្នកតាមដានព័ត៌មាននៅបរទេសវិញ ការខូចខាតទ្រព្យសម្បត្តិ ឬការបាត់បង់ជីវិតរបស់ប្រជាជនស្លូតត្រង់ គឺជារឿងធំណាស់ ដូច្នេះក្នុងការធ្វើសង្គ្រាម ទាហានគួរតែចៀសវាង និងប្រយ័ត្នប្រយែងបំផុតកុំឱ្យមានការខូចខាត និងបាត់បង់អាយុជីវិតប្រជាពលរដ្ឋស៊ីវិលច្រើនពេក។
លោកបានលើកឡើងថា បើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិកម្ពុជាដែលបានបញ្ជាក់ថា មានប្រជាជនស្លូតត្រង់បានស្លាប់ និងរងរបួសច្រើនដូចក្នុងរបាយការណ៍មែននោះ សបញ្ជាក់ថា កងទ័ពថៃបានបាញ់ផ្ដេសផ្ដាស់ប៉ាតណាប៉ាតណី គ្មានដឹងទិសតំបន់ ដែលរឿងនេះត្រូវតែមានការស៊ើបសួរឡើងវិញ។លោកសង្ឃឹមថា ខាងកងទ័ពថៃនឹងមានចម្លើយអំពីរឿងនេះ។
លោកបានសង្កត់ធ្ងន់ថា វាប្រៀបដូចសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនដូច្នោះដែរ ទោះជារុស្ស៊ីមានប្រៀបលើអ៊ុយក្រែនគ្រប់យ៉ាងក៏ដោយ តែបច្ចុប្បន្នរុស្ស៊ីបានក្លាយជាជនពាលនៅក្នុងក្រសែភ្នែកមនុស្សទូទាំងពិភពលោកបាត់ទៅហើយ នេះជាលទ្ធផល។ ចំណែកប្រទេសថៃ សូមកុំគិតថា ខ្លួនឯងមានសក្ដានុពលស្មើប្រទេសរុស្ស៊ី ឬក៏អ៊ីស្រាអែល ដែលអាចប្រយុទ្ធតតាំងបានយូរអង្វែង អាចធ្វើបាបអ្នកណាក៏បានឱ្យសោះ។
សម្រាប់អ្នកជំនាញសារព័ត៌មានថៃជើងចាស់រូបនេះ ចំពោះអ្នកសារព័ត៌មានរបស់ប្រទេសថៃវិញ វាជារឿងគួរឱ្យសោកស្ដាយណាស់ ដែលសារព័ត៌មានជាច្រើនបានប្រើប្រាស់សេរីភាព ដែលខ្លួនមាន ធ្វើជាអ្នកសាទរសង្គ្រាម អុចអាលសង្គ្រាម ទាមទារឱ្យមានការប្រើកម្លាំងយោធាឱ្យខ្លាំងជាងនេះ វាយប្រហារកម្ពុជាឱ្យធ្ងន់ជាងនេះ អ្នកសារព័ត៌មានខ្លះធ្វើខ្លួនឯងដូចជាអ្នកចេះដឹង ជួយរៀបចំផែនការបញ្ឆេះសង្គ្រាមជួយកម្ទេចកម្ពុជា។ ពាក់ព័ន្ធបញ្ហានេះលោកបានណែនាំដល់អ្នកសារព័តមានទាំងនោះថា ជាអ្នកធ្វើព័ត៌មានមិនមែនជាអ្នកធ្វើសង្គ្រាមនោះទេ ហើយចុងក្រោយ គឺមានតែសេចក្ដីវិនាសទាំងពីរភាគីថៃ-កម្ពុជាតែប៉ុណ្ណោះ៕