
សារព័ត៌មាន Vietnam News បានរាយការណ៍ថា នៅក្នុងរយៈពេល៨ខែឆ្នាំ២០២៥ វៀតណាមសម្រេចបានទំហំពាណិជ្ជកម្មជាមួយប្រទេសដៃគូសរុបជិត៥៩៨ពាន់លានដុល្លារកើនឡើងជាង១៦%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ ប្រទេសក្បែរខាងកម្ពុជានេះសម្រេចបានអតិរេកពាណិជ្ជកម្មខ្ពស់រហូតដល់ជិត១៤ពាន់លានដុល្លារ។ ប្រទេសចិននៅតែជាដៃគូដោះដូរពាណិជ្ជកម្មធំជាងគេរបស់វៀតណាមជាមួយទំហំសរុបជិត១១៨ពាន់លានដុល្លារ ខណៈសហរដ្ឋអាម៉េរិកឈរលំដាប់ទី២ជាមួយទំហំពាណិជ្ជកម្មជាង៩៩ពាន់លានដុល្លារ។
ទន្ទឹមនឹងការដោះដូរពាណិជ្ជកម្មមានការកើនឡើង ការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសរបស់វៀតណាមនៅក្នុងរយៈពេលដូចគ្នានេះក៏មានកំណើនជិត៩%ផងដែរ ដោយប្រទេសនេះស្រូបទាញទំហំទុនវិនិយោគបានជាង១៥ពាន់លានដុល្លារ។ គម្រោងវិនិយោគទាំងនេះ មកពី៧៨ប្រទេស ក្នុងនោះសិង្ហបុរីបោះទុនវិនិយោគច្រើនជាងគេប្រមាណជាង៣ពាន់លានដុល្លារ បន្ទាប់មកចិនជិត៣ពាន់លានដុល្លារ ខណៈស៊ុយអែតប្រមាណ១ពាន់លានដុល្លារ។
ក្រៅពីការធ្វើពាណិជ្ជកម្ម និងវិនិយោគ វិស័យទេសចរណ៍ ក៏បានបន្តរួមចំណែកដល់កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសនេះផងដែរ ដោយនៅក្នុងរយៈពេល៨ខែកន្លងមក វៀតណាមអាចទាក់ទាញភ្ញៀវទេសចរបរទេសបានជាង១៤លាននាក់ កើនឡើងជិត២២%។ តាមរយៈភ្ញៀវទេសចរនេះ វៀតណាមអាចរកចំណូលបានជាង២ពាន់លានដុល្លារកើនឡើងប្រមាណជាង២០%។ ភ្ញៀវទេសចរបរទេសដែលបានធ្វើដំណើរកម្សាន្តនៅវៀតណាមច្រើនជាងគេរួមមានចិន និងកូរ៉ខាងត្បូង បន្ទាប់មកសហរដ្ឋអាម៉េរិក ជប៉ុន កម្ពុជា ឥណ្ឌា រុស្ស៊ី អូស្រ្តាលី និងម៉ាឡេស៊ីជាដើម៕
ដោយៈ សរ សុជាតិ