ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជឿជាក់ថា តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា ជាមួយវៀតណាមភ្នំពេញ-ហាណូយ ដែលទើបសម្ពោធជើងហោះហើរដំបូង កាលពីថ្ងៃទី២៧ តុលា វានឹងជួយធ្វើឱ្យវិស័យអាកាសចរណ៍ និងវិស័យទេសចរណ៍របស់កម្ពុជា កាន់តែមានភាពរីកចម្រើនបន្ថែមទៀត។ តាមរយៈការតភ្ជាប់នេះ វានឹងចូលរួមចំណែកជួយសម្រួលដល់ការធ្វើដំណើរតាមផ្លូវអាកាសរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរបន្ថែមទៀត តាមរយៈការផ្តល់នូវជម្រើសកាន់តែប្រសើរឡើងថែមទៀតជូនដល់អ្នកដំណើរតាមផ្លូវអាកាស ជាពិសេសធុរជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាជួយជំរុញការធ្វើពិពិធកម្មសេវាកម្មកញ្ចប់ទេសចរណ៍ផងដែរ។
ពាក់ព័ន្ធនឹងការបន្ថែមជើងហោះហើរត្រង់នេះដែរ ឯកឧត្តម ស៊ីន ចាន់សិរីវត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា ការតភ្ជាប់ជើងហោះហើរត្រង់ភ្នំពេញ-ហាណូយ របស់ក្រុមហ៊ុនវៀតណាម អ៊ែរឡាញនេះ គឺជាការតភ្ជាប់ជើងហោះហើរបន្ថែមលើជើងហោះហើរ ជាប្រវត្តិសាស្ត្រហាណូយ-វៀងចន្ទន៍-ភ្នំពេញ-ហូជីមិញ ដែលបានចាប់ផ្តើមដំណើរការអស់រយៈពេលជាង២០ឆ្នាំកន្លងមក។ ក្រៅពីក្រុមហ៊ុននេះ ក្រុមហ៊ុនថៃ អ៊ែរវ៉េ ក៏បានភ្ជាប់ជើងហោះហើរពីទីក្រុងបាងកក មកកាន់ខេត្តសៀមរាប ផងដែរ ហើយក្រុមហ៊ុនទាំងពីរនេះ មានប្រតិបត្តិការហោះហើរ១ថ្ងៃ១ជើង ជារៀងរាល់ថ្ងៃ។
មន្ត្រីជាន់ខ្ពស់រូបនេះ បានចាត់ទុកការបន្ថែមជើងហោះហើរ និងការតភ្ជាប់ជើងហោះហើរថ្មីនេះ ជាសញ្ញាល្អសម្រាប់វិស័យអាកាសចរណ៍ ដែលមានតម្រូវការដឹកជញ្ជូនច្រើនជាងមុន ហើយវានឹងបង្កភាពងាយស្រួល ចំណេញពេលវេលា និងថវិកាមួយចំនួនសម្រាប់អ្នកធ្វើដំណើរផងដែរ។
ជាមួយគ្នានេះលោកជំទាវ ឆាវ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានចាត់ទុកការតភ្ជាប់ និងការបន្ថែមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម និងថៃ មកកាន់កម្ពុជានេះ គឺជាសញ្ញាល្អមួយសម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា។ បន្ថែមលើនេះ វាក៏នឹងបន្ថែមនូវជម្រើសក្នុងការធ្វើដំណើរ ខណៈការតភ្ជាប់ និងការបន្ថែមជើងហោះហើរនេះបានបង្ហាញឱ្យឃើញពីតម្រូវការនៃការធ្វើដំណើរ ដែលកំពុងតែមានភាពមមាញឹកផងដែរ។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ម៉ៅ ហាវណ្ណាល់ នៅក្នុងរយៈពេល៩ខែឆ្នាំ២០២៤ កម្ពុជាទទួលបានអ្នកធ្វើដំណើរតាមផ្លូវអាកាសជាង៤លាន៥សែននាក់ មានការកើនឡើង២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានត្រឹមតែជាង៣លាន៧សែននាក់។
បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣១ ដែលកំពុងតភ្ជាប់ជើងហោះហើរក្នុងតំបន់ និងសកលលោក ដោយក្នុងនោះពី៨ប្រទេសក្នុងតំបន់អាស៊ាន ចិន កូរ៉េខាងត្បូង ហុងកុង កោះតៃវ៉ាន់ ឥណ្ឌា រដ្ឋកាតា និងអេមីរ៉ាតអារ៉ាប់រួម។ បន្ថែមពីនេះ កម្ពុជាបានសម្រេចរៀបចំឱ្យមានការហោះហើរត្រង់ផ្សារភ្ជាប់ពីរាជធានី និងរដ្ឋធានីនៃបណ្តាប្រទេសអាស៊ានចំនួន៨ គឺបាងកក កូឡាឡាំពួ សិង្ហបូរី ហ្សាកាតា ម៉ានីល វៀងចន្ទន៍ រ៉ងហ្គូន និងហាណូយ ដោយនៅខ្វះតែរាជធានីបានដាស៊េរីបេ ហ្គាវ៉ាន់ នៃប្រទេសព្រុយណេប៉ុណ្ណោះ៕
អត្ថបទ៖ បូ ដូឡា