តម្លៃលក់រាយអគ្គិសនីជាមធ្យមនៅក្នុងប្រទេសវៀតណាម នឹងត្រូវដំឡើង៤,៨% ឬប្រមាណជា ០,០៨៥ដុល្លារក្នុងមួយគីឡូវ៉ាត់ម៉ោងបន្ថែមទៀត ដែលកំពុងបង្កឱ្យមានការព្រួយបារម្ភអំពីផលប៉ះពាល់មកលើជីវភាពរបស់ប្រជាពលរដ្ឋ និងសកម្មភាពអាជីវកម្មផ្សេងៗ។ នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ តម្លៃអគ្គិសនីវៀតណាម ត្រូវបានដំឡើងជាបន្តបន្ទាប់ ពោលគឺឡើងរហូតដល់ទៅ១២% ឯណោះ។
ការដំឡើងថ្លៃអគ្គិសនីរបស់អាជ្ញាធរវៀតណាមនេះ ធ្វើឡើងនៅប៉ុន្មានថ្ងៃបន្ទាប់ពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានប្រកាសលទ្ធផលត្រួតពិនិត្យមួយ ដែលបានរកឃើញថា ខ្លួនបានខាតបង់ថវិកាជិត៤៨៥លានដុល្លារ កាលពីឆ្នាំ២០២៣កន្លងទៅ។ យ៉ាងណាមិញ អាជ្ញាធរអគ្គិសនីវៀតណាមបានអះអាងថា ការដំឡើងថ្លៃអគ្គីសនីនេះមិនបានបង្កផលប៉ះពាល់ដល់គ្រួសារក្រីក្រ និងអាជីវកម្មខ្នាតតូចធ្ងន់ធ្ងរឡើយ។
បើតាមការគូសបញ្ជាក់របស់អាជ្ញាធរអគ្គិសនីវៀតណាម ជាមធ្យមពលរដ្ឋវៀតណាមប្រើប្រាស់អគ្គិសនីខ្ពស់បំផុតប្រមាណ២០០ដុល្លារ នៅក្នុងមួយខែ ហើយការដំឡើងថ្លៃនេះ អាចឲ្យពួកគេចំណាយបន្ថែមប្រមាណ១០ដុល្លារប៉ុណ្ណោះនៅក្នុងមួយខែ។ សម្រាប់ពលរដ្ឋវៀតណាម ដែលប្រើប្រាស់អគ្គិសនីជាលក្ខណៈអាជីវកម្មជាមធ្យមអស់ប្រមាណជា៤០០ដុល្លារ ដូច្នេះពួកគេត្រូវការចំណាយបន្ថែមប្រមាណ២២ដុល្លារប៉ុណ្ណោះ ហើយសម្រាប់គ្រួសារទូទៅដែលមានរហូតដល់៦០% បានប្រើប្រាស់អគ្គិសនីត្រឹមតែ២០០គីឡូវ៉ាត់ម៉ោងប៉ុណ្ណោះនៅក្នុងមួយខែ ដែលនាំឲ្យពូកគេចំណាយបន្ថែមមិនដល់១ដុល្លារផងនៅក្នុងមួយខែ៕
ដោយៈ សរ សុជាតិ