ភ្ញៀវទេសចរកម្ពុជា បានទៅកម្សាន្តនៅប្រទេសវៀតណាម មានកំណើនខ្ពស់ជាងគេបើធៀបនឹងភ្ញៀវទេសចរបរទេសមកពីប្រទេសផ្សេងៗនៅក្នុងត្រីមាសដំបូងឆ្នាំនេះ ក្នុងនោះភ្ញៀវទេសចរកម្ពុជា ទៅកម្សាន្តនៅវៀតណាម មានកំណើនដល់ទៅ៣៣៥% ខ្ពស់ជាងឥណ្ឌា ដែលមានកំណើនត្រឹម៣០៤% និងខ្ពស់ជាងឥណ្ឌូនេស៊ី ដែលមានកំណើនត្រឹមតែ១៨៨%។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express កម្ពុជា ឥណ្ឌា ឥណ្ឌូណេស៊ី គឺជាទីផ្សារទេសចរណ៍ ដែលរីកលូតលាស់លឿនបំផុតមួយរបស់វៀតណាម។ ក្នុងនោះកម្ពុជា គឺជាទីផ្សារទេសចរណ៍ដែលរីកចម្រើនយ៉ាងឆាប់រហ័សជាងគេបំផុតរបស់ប្រទេសវៀតណាម។
អាជ្ញាធរជាតិទេសចរណ៍វៀតណាម បានអះអាងថា វៀតណាមបានក្លាយជាទីផ្សារទេសចរណ៍ដ៏មានសក្តានុពល និងទាក់ទាញមួយនៅតំបន់អាស៊ី ដោយសាររដ្ឋាភិបាលបានបើកចំហរឲ្យភ្ញៀវទេសចរចូលមកក្នុងប្រទេសដោយគ្មានទិដ្ឋាការរយៈពេល៣០ថ្ងៃ និងការបង្កើនការហោះហើរត្រង់ពីគោលដៅជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍។
ស្ថាប័នជំនាញនេះបានគូសបញ្ជាក់បន្ថែមថា នៅពេលនេះមហាសេដ្ឋីឥណ្ឌា មួយចំនួនបានជួលរមណីយដ្ឋានប្រណិតៗនៅកោះត្រល់ ដាណាង និងហាឡុង ដើម្បីរៀបចំពិធីមង្គលការរបស់ពួកគេ ដែលជាហេតុនាំឲ្យកេរ្តិ៍ឈ្មោះ និងទីផ្សារទេសចរណ៍របស់ប្រទេសវៀតណាមនៅលើផែនទីទេសចរណ៍ពិភពលោកមានការផ្សព្វផ្សាយកាន់តែទូលំទូលាយ។
នៅពេលនេះអ្នកទេសចរ អូស្ត្រាលី ក៏កំពុងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម កាន់តែច្រើនផងដែរ ដោយសារតម្លៃសំបុត្រយន្តហោះទាប និងមានការតភ្ជាប់ជើងហោះហើរត្រង់ថ្មីមួយចំនួនពីប្រទេសនេះទៅកាន់ទីក្រុងហាណូយ និងហូជីមិញ។ ចាប់តាំងពីខែសីហាឆ្នាំមុន ភ្ញៀវទេសចរមកពីអ៊ឺរ៉ុប ដូចជាអេស្ប៉ាញ និងអាល្លឺម៉ង់ ក៏អាចស្នាក់នៅដោយគ្មានទិដ្ឋាការរយៈពេល៤៥ថ្ងៃ នៅក្នុងប្រទេសនេះផងដែរ។
អ្នកជំនាញទេសចរណនៅក្នុងប្រទេសនេះបានលើកឡើងថា ក្រៅពីការលើកលែងទិដ្ឋាការ វៀតណាម គួរតែកែលម្អគុណភាព និងភាពសម្បូរបែបនៃសេវាកម្មទេសចរណ៍របស់ខ្លួន ហើយក៏គួរបើកការិយាល័យនៅក្នុងទីផ្សារសំខាន់ៗ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស។ គួរបញ្ជាក់ថា នៅក្នុងរយៈពេល៣ខែដើមឆ្នាំនេះ វៀតណាមស្រូបទាញភ្ញៀវទេសចរបរទេសបានជាង៤លាន៦សែននាក់កើនឡើង ៣,២% បើធៀបនឹងរយៈពេលដដែលកាលពីឆ្នាំ២០១៩៕
ដោយៈ សរ សុជាតិ