ស្រែអំបិលខេត្តកំពត

រដ្ឋមន្ត្រីក្រសួងដែនដី បញ្ជាដាច់ខាតមិនឲ្យមានការកែប្រែដីស្រែអំបិលនៅខេត្តកំពត


ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញបទបញ្ជាមិនឲ្យមានការកែប្រែដីស្រែអំបិលចំនួនជាង៣ពាន់ហិកតានៅខេត្តកំពតយកមកធ្វើការអភិវឌ្ឍអ្វីផ្សេងក្រៅតែពីការផលិតអំបិលនោះឡើយ។ ការដាក់ចេញបទបញ្ជាដាច់ណាត់នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីទុកដីស្រែអំបិលទាំងនោះ ផលិតអំបិលសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងនាំចេញ ដ្បិតអំបិលកំពតមានគុណភាពខ្ពស់។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់។
ដោយ

ជាមួយគ្នានេះ ថ្នាក់ដឹកក្រសួងដែនដី ក៏បានបញ្ហាឲ្យអភិបាលខេត្តនៅជាប់មាត់សមុទ្រទាំងអស់គ្រប់គ្រង និងអភិរក្សព្រែកនៅជាប់សមុទ្រជាង ១០០ព្រែកឲ្យបានល្អ កុំឲ្យមានការកែប្រែធ្វើអ្វីផ្សេងផងដែរ។ ព្រោះព្រែកទាំងអស់នោះបានផ្តល់ផលប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិសាស្ត្រនោះ។ ក្រុមការងារខេមបូណូមីស លម្អិតលើរឿងនេះដូចតទៅ !​

នាពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងដែលមានតម្លៃ១,៥ពាន់លានដុល្លារនៅខេត្តកំពត នាពេលថ្មីៗនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់បានចាត់ទុកអំបិលកំពតជាផលិតផលចាំបាច់របស់ប្រជាពលរដ្ឋកម្ពុជា។ ទោះបីអំបិលកំពតមានសម្បុររាងស្រអាប់ជាងអំបិលនាំចូលពីប្រទេសជិតខាងក្តី ប៉ុន្ដែ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានអះអាងថា អំបិលកំពតមានគុណភាពល្អជាអំបិលនាំចូល និងអាចព្យាបាលជំងឺពកកបានថែមទៀតផង។

ដោយមើលឃើញពីគុណសម្បត្តិ និងអត្ថប្រយោជន៍នៃអំបិលកំពត រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញបទបញ្ជាមិនឲ្យមានការកែប្រែដីស្រែអំបិលគ្រប់រូបភាពក្រៅពីការផលិតអំបិលនោះឡើយ។ ជាមួយគ្នានេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាឲ្យឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតរៀបចំផែនការ និងគ្រប់គ្រងដីស្រែអំបិលនៅខេត្តនេះដែលមានជាង៣ពាន់៧រយហិកតាឲ្យបានគង់វង្ស ដោយមិនអនុញ្ញាតឲ្យមានការអភិវឌ្ឍន៍គម្រោងផ្សេងៗលើដីទាំងនេះនោះទេ។

ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បញ្ជាឲ្យអភិបាលខេត្តជាប់មាត់សមុទ្រដូចជាខេត្តកោះកុង ព្រះសីហនុ កែប និង កំពតគ្រប់គ្រង និងអភិរក្សព្រែកជាប់ឆ្នេរសមុទ្រឲ្យបានគង់វង្ស និងចៀសវាងឲ្យមានការកែប្រែ ឬលុបយកទៅធ្វើគម្រោងលំនៅឋាន និងសំណង់ផ្សេងៗ ដែលបម្រើផលប្រយោជន៍ឯកជន។ ព្រោះព្រែកនៅជាប់សមុទ្រវាបានផ្តល់គុណប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋទូទៅដូចជាការនេសាទ ព្រៃកោងកាង និងដីល្បាប់ជាដើម។ បច្ចុប្បន្នកម្ពុជាមានព្រែកជាប់សមុទ្រសរុបចំនួន ១១១ព្រែក ដែលជាតួលេខត្រូវបានកត់ដោយក្រសួងរៀបចំដែនដី។

ទន្ទឹមនឹងការកោតសរសើរឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុចំពោះការរៀបចំឆ្នេរសមុទ្របានល្អ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ស្នើឲ្យអភិបាលខេត្តជាប់មាត់សមុទ្រផ្សេងទៀត យកខេត្តព្រះសីហនុធ្វើជាគំរូក្នុងការរៀបចំតំបន់ទេសចរណ៍ឆ្នេរសមុទ្ររបស់ខ្លួន ព្រោះវាជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគដែលជាប្រភពចំណូលរបស់ប្រជាពលរដ្ឋក្នុងខេត្ត និងរដ្ឋជាដើម។ ការរៀបចំតំបន់ទេសចរណ៍ឆ្នេរនេះទៀតសោត ក៏ជាផ្នែកមួយក្នុងការចូលរួមកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល៖ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃអាចនឹងកើនឡើងថែមទៀតទេ ក្រោយព្រំដែនបើកឲ្យមានការធ្វើដំណើរឡើងវិញ

ព័ត៌មាន
បន្ទាប់ពីស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា និងប្រទេសថៃ នាពេលបច្ចុប្បន្ន មានភាពធូរស្បើយ ឃើញថាថ្មីៗនេះ ប្រទេសទាំងពីរបានសម្រេចបើ…

វិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងវិធានការតឹងរ៉ឹងរបស់ចិនកំពុងជំរុញអតិផរណាកើនឡើងក្នុងពិភពលោក

ព័ត៌មាន
អតិផរណាកំពុងប៉ោងឡើងកាន់តែខ្លាំងនៅប្រទេសស្ទើរតែទាំងអស់នៅទូទាំងពិភពលោក ដែលវាត្រូវបានគេមើលឃើញថា មួយផ្នែកធំត្រូវបានបង្កឡើងដោយសង្គ្រាមរវាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ