
វៀតណាម ដែលជាអ្នកក្បែរខាងកម្ពុជា កំពុងត្រូវប៉ាន់ជាមួយដំណាំកាហ្វេ ដោយនៅក្នុងរយៈពេល៩ខែឆ្នាំ២០២៥ ប្រទេសនេះនាំចេញកាហ្វេបានរហូតដល់ជាង១,២លានតោន បើគិតជាទឹកប្រាក់មានចំនួនជិត៧ពាន់លានដុល្លារអាម៉េរិក មានការកើនឡើងប្រមាណ៦១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កាហ្វេដែលវៀតណាម នាំចេញភាគច្រើនជាប្រភេទរ៉ូប៊ូស្តា ដែលការនាំចេញមានតម្លៃជិត៥ពាន់លានដុល្លារអាម៉េរិក។ បច្ចុប្បន្នកាហ្វេរ៉ូប៊ូស្តា អាចលក់បានក្នុងតម្លៃ៤ពាន់២រយដុល្លារក្នុង១តោន ខណៈកាហ្វេអារ៉ាប៊ីកាមួយតោនមានតម្លៃ៨ពាន់២៥៨ដុល្លារក្នុង១តោន។
សមាគមកាហ្វេ និងកាកាវវៀតណាម បានអះអាងថា មូលហេតុចម្បងដែលជួយឱ្យវៀតណាម អាចសម្រេចបានកំណើននៃការនាំចេញកាហ្វេដ៏ច្រើននេះ គឺដោយសារតម្លៃប្រាក់ដុល្លារអាម៉េរិកធ្លាក់ចុះ គួបផ្សំការផ្គត់ផ្គង់កាហ្វេពីប្រទេសប្រេស៊ីល និងឥណ្ឌូនេស៊ី រងការរំខានដោយសារបាតុភូតអាកាសធាតុ អែល នីណូ។ កាហ្វេមិនមែនជាដំណាំដែលអាចដាំបានគ្រប់កន្លែងនោះទេ វាជាប្រភេទដំណាំដែលត្រូវការប្រភេទដីភក់លាយខ្សាច់ មានជាតិសរីរាង្គច្រើន និងច្រោះទឹកល្អ។ គួរបញ្ជាក់ថា កាហ្វេវៀតណាម មានរសជាតិខ្លាំង សំបុរខ្មៅ និងជូរចត់តិចៗ៕
ដោយៈ សរ សុជាតិ