នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ (Pham Minh Chinh) បានណែនាំឱ្យបណ្ដាទីភ្នាក់ងារអន្តោប្រវេសន៍ពិចារណាលើការលើកលែងទិដ្ឋាការសម្រាប់ការចូលមកលេងប្រទេសវៀតណាម រយៈពេលចន្លោះពី៦ខែ ដល់១២ខែ សម្រាប់ភ្ញៀវទេសចរអន្តរជាតិ មកពីប្រទេសអ្នកមានជាច្រើន ដើម្បីជំរុញវិស័យទេសចរណ៍ឡើងវិញក្រោយវិបត
បច្ចុប្បន្នប្រទេសដែលទទួលបានការលើកលែងទិដ្ឋាការពីវៀតណាម មាន១៣ប្រទេស រួមមាន អាល្លឺម៉ង់ បារាំង អ៊ីតាលី អេស្ប៉ាញ អង់គ្លេស រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង ដាណឺម៉ាក ស៊ុយអែត ន័រវែស ហ្វាំងឡង់ និងបេឡារូស ហើយលោក ផាម មិញជីញ បានចេញសារាចរណ៍ណែនាំមួយកាលពីថ្ងៃសុក្រ សប្ដាហ៍មុន ឱ្យពង្រីកការលើកលែងទិដ្ឋាការបន្ថែមពីលើ១៣ប្រទេសនេះ។
នាយករដ្ឋមន្ត្រីវៀតណាម រូបនេះក៏បានណែនាំឱ្យបណ្ដាទីភ្នាក់ងារអន្តោប្រវេសន៍ពិចារណាចេញទិដ្ឋាការរយៈពេលវែង និងទិដ្ឋាការសម្រាប់ចេញចូលច្រើនដងចន្លោះពី១២ខែ ដល់៣៦ខែផងដែរ ដើម្បីទាក់ទាញនិវត្តន៍ជនមានទ្រព្យស្តុកស្ដម្ភមកពីអឺរ៉ុប អាស៊ីភាគឦសាន អាម៉េរិកខាងជើង ឥណ្ឌា និងប្រទេសមួយចំនួននៅតំបន់មជ្ឈិមបូព៌ាផងដែរ។
វិធានការនេះធ្វើឡើង ស្របពេលប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ ដូចជាថៃ និងម៉ាឡេស៊ីជាដើមបានចាប់ផ្ដើមប្រកួតប្រជែងក្នុងវិស័យទេសចរណ៍ថ្នាក់តំបន់ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស ជាពិសេសភ្ញៀវទេសចរមកពីប្រទេសចិន តាមរយៈគោលនយោបាយគ្មានទិដ្ឋាការ។
ពេលនេះ វៀតណាមបានលើកលែងទិដ្ឋាការសម្រាប់អ្នកធ្វើដំណើរមកពី២៥ប្រទេស ខណៈម៉ាឡេស៊ី និងសិង្ហបុរីលើកលែង១៦២ប្រទេស, ហ្វីលីពីន១៥៧ប្រទេស, ជប៉ុន៦៨ប្រទេស, កូរ៉េខាងត្បូង៦៦ប្រទេស និងថៃលើកលែង៦៤ប្រទេស។ ប្រទេសវៀតណាម ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង១២លាន៦សែននាក់កាលពីឆ្នាំមុន ឬស្មើនឹងប្រមាណ៧០% នៃចំនួនភ្ញៀវទេសចរអន្តរជាតិដែលខ្លួនទទួលបានមុនផ្ទុះវិបត្តិកូវីដ-១៩។ ប្រទេសចិន ឥណ្ឌា និងអូស្ត្រាលី គឺជាប្រភពភ្ញៀវទេសចរអន្តរជាតិធំៗបំផុតរបស់វៀតណាមកាលពីឆ្នាំមុន៕