វិស័យអាកាសចរណ៍

ថៃ ចាប់ផ្ដើមយុទ្ធនាការថ្មី ដើម្បីទាក់ទាញបណ្ដាក្រុមហ៊ុនអាកាសចរណ៍ឱ្យហោះហើរចូលទៅកាន់បណ្ដាក្រុងតូចៗ


អាជ្ញាធរទេសចរណ៍ថៃ (TAT) បានដាក់ចេញយុទ្ធនាការថ្មី មានឈ្មោះថា “អាកាសចរណ៍ដ៏អស្ចារ្យរបស់ថៃ” ដើម្បីទាក់ទាញឱ្យបណ្ដាក្រុមហ៊ុនអាកាសចរណ៍ហោះហើរចូលទៅកាន់បណ្ដាខេត្តលំដាប់ទី២ និងដើម្បីប្រែក្លាយប្រទេសថៃ ទៅជាមជ្ឈមណ្ឌលទេសចរណ៍ពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
វិស័យអាកាសចរណ៍
ដោយ

ក្រុមហ៊ុនអាកាសចរណ៍រហូតដល់ទៅ៣០ បានចុះឈ្មោះចូលរួមក្នុងយុទ្ធនាការថ្មីមានឈ្មោះថា “អាកាសចរណ៍ដ៏អស្ចារ្យរបស់ថៃ” ឬ Air-mazing Thailand រយៈពេល៤ថ្ងៃរបស់អាជ្ញាធរទេសចរណ៍ថៃ (TAT) ដើម្បីស្វែងយល់ពីសក្តានុពលនៃបណ្ដាអាកាសយានដ្ឋានដែលត្រូវបានជ្រើសរើស និងទីផ្សារដែលមិនទាន់បានប្រើប្រាស់នៅក្នុងប្រទេសនេះ។

លោកស្រី ស៊ូដាវ៉ាន់ វ៉ាងស៊ូផាគិចកុសល (Sudawan Wangsuphakijkosol) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ បានថ្លែងថា យុទ្ធនាការដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែមេសា នេះនឹងបំពេញបន្ថែមពីលើគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ទេសចរណ៍ក្នុងបណ្ដាខេត្តលំដាប់ទី២ និងប្រែក្លាយប្រទេសថៃ ទៅជាមជ្ឈមណ្ឌលទេសចរណ៍ពិភពលោក។

លោកស្រីសង្ឃឹមថា បណ្ដាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិនឹងមើលឃើញសក្តានុពលពិតប្រាកដនៃបណ្ដាអាកាសយានដ្ឋានរបស់ប្រទេសថៃ ក្នុងយុគសម័យក្រោយវិបត្តិកូវីដ-១៩ និងពិចារណាការបើកផ្លូវហោះហើរបន្ថែមទៀតទៅកាន់ប្រទេសថៃ ដោយគ្របដណ្តប់ទាំងខេត្តលំដាប់ទី១ និងខេត្តលំដាប់ទី២។

លោកស្រីបន្ថែមថា អាកាសយានដ្ឋានធំៗទាំង៣ គឺអាកាសយានដ្ឋានសុវណ្ណភូមិ អាកាសយានដ្ឋាន ដនមឿង និងអាកាសយានដ្ឋានភូកេត ពេញដោយអ្នកដំណើរ និងជើងហោះហើរ ដូច្នេះក្រសួងមានបំណងបែងចែកភ្ញៀវទេសចរអន្តរជាតិ ​​ពីអាកាសយានដ្ឋានទាំងនេះ ដែលនឹងនាំប្រាក់ចំណូលពីវិស័យទេសចរណ៍ទៅកាន់ខេត្តផ្សេងៗទៀត ក៏ដូចជាកាត់បន្ថយការកកស្ទះនៅតាមអាកាសយានដ្ឋានក្នុងទីក្រុងធំៗ។

ក្រោមយុទ្ធនាការនេះ អាជ្ញាធរទេសចរណ៍ថៃ (TAT) នឹងនាំតំណាងក្រុមហ៊ុនអាកាសចរណ៍ធ្វើដំណើរទស្សនកិច្ច២លើកផ្សេងគ្នា ដើម្បីទៅពិនិត្យមើលស្ថានភាពអាកាសយានដ្ឋានអន្តរជាតិឈាងម៉ៃ និងអាកាសយានដ្ឋានអន្តរជាតិយូ-ថាប៉ាវ (U-Tapao) ខណៈដំណើរទស្សនកិច្ចលើកទី២ នឹងផ្ដោតលើខេត្តក្រាប៊ី (Krabi) ខេត្តស៊ូរ៉ាត ថានី (Surat Thani) និងកោះសាមួយ (Samui)។ បច្ចុប្បន្នប្រទេសថៃ មានអាកាសយានដ្ឋានចំនួន៣៩ ដោយក្នុងនោះមានអាកាសយានដ្ឋានអន្តរជាតិ​​ ចំនួន១០៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមពិចារណាលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពីបណ្ដាប្រទេសអ្នកមានដើម្បីជំរុញវិស័យទេសចរណ៍

ព័ត៌មាន
ប្រទេសវៀតណាម កំពុងពិចារណាលើកលែងទិដ្ឋាការ ឬវីហ្សា សម្រាប់ភ្ញៀវទេសចរអន្តរជាតិ មកពីប្រទេសអ្នកមានជាច្រើនសម្រាប់រយៈពេលចន្លោះពី៦ ដល់១២ខែ ដើម្ប…

ព្រះចៅស៊ុលតង់របស់ម៉ាឡេស៊ីថា អគារខ្ពស់ៗគ្មានន័យទេ បើមនុស្សនៅតែជាប់ក្នុងភាពក្រីក្រ

ព័ត៌មាន
ព្រះចៅ ផេរ៉ាកស៊ុលតង់ ណាសរីន សា (Perak Sultan Nazrin Shah) របស់ប្រទេសម៉ាឡេស៊ី ទ្រង់មានបន្ទូលថា អគារខ្ពស់ៗមិនផ្តល់អត្ថន័យអ្វីឡើយ ប្រសិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ