នៅ៤ខែដើមឆ្នាំ២០២៤ វៀតណាម បាននាំចេញផ្លែចេកដល់ទៅ៣ម៉ឺន៥ពាន់៥រយតោន ទៅកាន់ប្រទេសចិន ដែលជាបរិមាណនាំចូលដ៏ច្រើនបំផុតមួយ ពោលគឺស្មើនឹងជិត៤៩% នៃទីផ្សារនាំចូលផ្លែចេកសរុបរបស់ប្រទេសចិន។ តាមរយៈតួលេខនេះបានជួយឱ្យវៀតណាម វ៉ាដាច់ប្រទេសហ្វីលីពីន ក្លាយជាអ្នកនាំចេញផ្លែចេកច្រើនជាងគេទៅកាន់ទីផ្សារចិន។ នេះជាលើកទីមួយហើយដែលវៀតណាមអាចវ៉ាដាច់ហ្វីលីពីន ដែលជាប្រទេសនាំចេញផ្លែចេកធំលំដាប់ទី២នៅលើពិភពលោក។
បរិមាណនាំចេញផ្លែចេករបស់វៀតណាម ទៅកាន់ទីផ្សារចិន នៅ៤ខែឆ្នាំនេះ មានការកើនឡើងប្រមាណ២២% តែតម្លៃកើនឡើងតែ៣%ប៉ុណ្ណោះ ពោលគឺទំហំនាំចេញសរុបរបស់វៀតណាម មានតម្លៃត្រឹមតែ១៤៥លានដុល្លារប៉ុណ្ណោះ ដោយសារតម្លៃផ្លែចេកនៅឆ្នាំនេះបានធ្លាក់ចុះរហូតដល់១៦% ដោយបានធ្លាក់មកនៅត្រឹមជិត៤០៨ដុល្លារក្នុង១តោន។ កត្តាដែលទាញទម្លាក់តម្លៃផ្លែចេកឱ្យធ្លាក់់ចុះនៅឆ្នាំនេះ គឺដោយសារចិន បានធ្វើពិពិធកម្មទីផ្សារផ្លែចេករបស់ខ្លួន ដោយមកដល់ពេលនេះក្រៅពីវៀតណាម ហ្វីលីពីន ចិនក៏បាននាំចូលចេកពីកម្ពុជា ឡាវ និងថៃ ផងដែរ។
លោក ដាង ភុក ឃ្វៀន (Dang Phuc Nguyen) អគ្គលេខាធិការនៃសមាគមបន្លែ និងផ្លែឈើវៀតណាមបានអះអាងថា ក្រៅពីក្រុមហ៊ុនផ្គត់ផ្គង់ផ្លែចេកពីអាស៊ីអាគ្នេយ៍ ប្រទេសអេក្វាឌ័រ ដែលជាប្រទេសនាំចេញផ្លែឈើច្រើនជាងគេលើពិភពលោក ក៏កំពុងព្យាយាមបង្កើនការនាំចេញទៅកាន់ទីផ្សារចិន ផងដែរ ប៉ុន្តែកំពុងជួបបញ្ហាជាមួយនឹងតម្លៃដឹកជញ្ជូនខ្ពស់ពេក។
គួរបញ្ជាក់ថា បច្ចុប្បន្នវៀតណាម ដែលជាអ្នកភូមិផងរបងជាមួយកម្ពុជាកំពុងក្លាយជាប្រទេសនាំចេញផ្លែចេកដ៏ចម្បងមួយរបស់ពិភពលោក ដោយក្រៅពីទីផ្សារចិន វៀតណាមក៏បាននាំចេញផ្លែចេកទៅកាន់ប្រទេសម៉ាឡេស៊ី សិង្ហបុរី កូរ៉េខាងត្បូង ជប៉ុន និងកាតា ផងដែរ។
តាមការរំពឹងទុកនៅក្នុងឆ្នាំនេះ វៀតណាមសង្ឃឹមអាចនាំចេញផ្លែឈើមានទឹកប្រាក់សរុបជិត២,៦ពាន់លានដុល្លារ កើនឡើង២៨% បើធៀបនឹងឆ្នាំមុន ដែលធ្វើឱ្យវៀតណាមក្លាយជាប្រទេសនាំចេញផ្លែឈើនិងបន្លែធំជាងគេលំដាប់ទី៣ នៅលើពិភពលោក៕
ដោយៈ សរ សុជាតិ