គម្រោងអគារហិរញ្ញវត្ថុ ឬ Financial Tower ដែលមានកម្ពស់១០៨ជាន់ គ្រោងនឹងសាងសង់នៅក្នុងគម្រោងទីក្រុងឆ្លាតវៃ North Hanoi Smart City ស្ថិតក្នុងក្រុងហាណូយ ប្រទេសវៀតណាម ដោយប្លង់អគារនេះត្រូវបានលាយបញ្ចូលគ្នារវាងស្ថាបត្យកម្មសម័យទំនើបជាមួយស្ថាបត្យកម្មប្រពៃណីបុរាណ ដែលនឹងផ្ដល់ទស្សនីយភាពទេសភាពព័ទ្ធជុំវិញដ៏ស្រស់ត្រកាលក្នុងកម្រិត៣៦០ដឺក្រេ។
អគារនេះនឹងប្រើប្រាស់វត្ថុធាតុដើម និងពណ៌ដែលតំណាងឱ្យធាតុធម្មជាតិ ដូចជាទឹក សួនច្បារ ខ្យល់ និងព្រះចន្ទ ដែលព័ទ្ធជុំវិញដោយសួនច្បារលើអាកាស (Sky Garden) នៅក្នុងអគារនេះដែលផ្ដល់កន្លែងរស់នៅដ៏រស់រវើកផ្សារភ្ជាប់ជាមួយធម្មជាតិ។
សូមបញ្ជាក់ថា ប្លង់ស្ថាបត្យកម្មកំពូលដែលត្រូវបានជ្រើសរើសសម្រាប់គម្រោងអគារខ្ពស់បំផុតនៅវៀតណាមនេះ ត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មអាម៉េរិក ដែលមានឈ្មោះថា ស្គីតម័រ អូវីងស៍ & មឺរីល ហៅកាត់ SOM។
អគារដែលគ្រប់គ្រងដោយក្រុមហ៊ុន North Hanoi Smart City Investment Development JSC ដែលជាការបណ្ដាក់ទុនរួមគ្នាមួយរវាងក្រុមហ៊ុនវៀតណាម BRG Group និងក្រុមហ៊ុនជប៉ុន Sumitomo Corporation ដែលគ្រោងចំណាយសរុប៤,២ពាន់លានដុល្លារអាម៉េរិក នេះនឹងក្លាយជាចំណុចស្នូលនៃគម្រោងទីក្រុងឆ្លាតវៃ North Hanoi Smart City។ យោងតាមអ្នកវិនិយោគឱ្យដឹងថា គម្រោងទីក្រុងឆ្លាតវៃ North Hanoi Smart City ដែលលាតសន្ធឹងលើផ្ទៃដី២៧០ហិកតានេះនឹងត្រូវបានអនុវត្តរយៈពេលជាង៩ឆ្នាំ និងជា៥ដំណាក់កាល៕
ដោយ: តែម សុខុម