នាជំនួបពិភាក្សាការងារទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំទាំងពីរ បានប្តេជ្ញាលើកស្ទួយ និងលើកកម្ពស់ការតភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការតភ្ជាប់ខឿនសេដ្ឋកិច្ច ដើម្បីឯករាជ្យ ម្ចាស់ការ ធ្វើឱ្យមានការបំពេញឱ្យគ្នាទៅវិញទៅមករវាងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ដ្បិតថា អ្វីៗទាំងអស់នៃការរីកចម្រើន គឺជាផលប្រយោជន៍របស់កម្ពុជា និងការបំពេញឱ្យគ្នាទៅវិញទៅមក នៃការតភ្ជាប់ទីផ្សារទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធទាំងឡាយ។
ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានយល់ស្របគ្នាចំពោះសំណើនៃការគិតគូរ ក្នុងការយកប្រជាជនជាស្នូល ហើយជាពិសេសគឺការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្នែកអគ្គិសនី។ តួយ៉ាងឯកឧត្តម ផាម មិញជិញ បានទទួលយកសំណើររបស់សម្ដេចតេជោ ដើម្បីធ្វើយ៉ាងណាបន្តផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជា២៥០មេហ្គាវ៉ាត់ ដែលបន្តកិច្ចសន្យាចាប់ពីឆ្នាំ២០២៥ បន្តទៀត ហើយភាគីវៀតណាមក៏បានពេញចិត្តក្នុងការផ្គត់ផ្គង់ឱ្យបានលើសនឹងបន្ថែមទៀតផងដែរ ដោយប្រសិនជាអាចគឺវៀតណាមបើកទូលាយដល់៤០០មេហ្គាវ៉ាត់ ឬលើស៤០០មេហ្គាវ៉ាត់ ទៅតាមតម្រូវការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជាដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើននៅក្នុងឧស្សាហកម្ម៤.០។
ទន្ទឹមនឹងប្តេជ្ញាជួយជំរុញពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែមានការរីកចម្រើន ភាគីកម្ពុជាបានជូនពរឱ្យវៀតណាមសម្រេចគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៣០ និងសម្រេចមហិច្ឆតាក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនបំផុតទាំង២០នៅលើពិភពលោក។ ជាមួយគ្នានេះ វៀតណាមក៏បានជូនពរឱ្យកម្ពុជា ទទួលបានជោគជ័យចំពោះទស្សនៈវិស័យរបស់កម្ពុជាក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ផងដែរ៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ