លោក ដៅ កុង ខុយ តំណាងមកពី សមាគមរោងចក្រផលិតរថយន្តវៀតណាម បានលើកឡើង នៅក្នុងសន្និសីទសារព័ត៌មានមួយ ស្តីពីការធ្វើផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍរថយន្តអគ្គិសនីនៅក្នុងប្រទេសវៀតណាម ឲ្យបានដឹងថា គោលនយោបាយរបស់វៀតណាម ចំពោះរថយន្តអគ្គិសនី គឺដើរយឺតជាងប្រទេសជិតខាងដូចជា ប្រទេសថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីជាដើម។
លោក បន្តថា ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសវៀតណាម សម្រាប់ការអភិវឌ្ឍ រថយន្តអគ្គិសនី ក៏ប្រហែលជាមិនទាន់រួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះដែរ ដោយបច្ចុប្បន្ននេះ នៅក្នុងប្រទេសវៀតណាម សឹងតែគ្មាន ស្ថានីយ៍សាកថ្មរថយន្តអគ្គិសនី ទៅហើយ។
លើសពីនេះ នៅតាមគ្រួសារនីមួយៗ ក្នុងប្រទេសវៀតណាម ក៏ពុំទាន់មានលទ្ធភាពបំពាក់ប្រព័ន្ធសាកថ្មរថយន្ត នៅតាមផ្ទះផងដែរ ខណៈការសាកថ្មរថយន្តតាមផ្ទះ ជារឿងធម្មតារួចទៅហើយ នៅតាមបណ្តាប្រទេសជឿនលឿន។
ទន្ទឹមគ្នានេះ ការផ្លាស់ប្តូរខ្សែចង្វាក់ផលិតកម្មរថយន្តប្រពៃណី ពីការប្រើប្រាស់ម៉ាស៊ីនចំហេះខាងក្នុង ទៅជា រថយន្តអគ្គិសនី នឹងធ្វើឲ្យផលិតកម្មគ្រឿងបង្គុំមួយចំនួន ហួសសម័យ ដូច្នេះហើយ វាចាំបាច់ត្រូវតែមានដំណើរការផ្លាស់ប្តូរជាក់លាក់។
ដើម្បីអភិវឌ្ឍវិស័យរថយន្តអគ្គិសនីក្នុងស្រុកវៀតណាម សមាគមរោងចក្រផលិតរថយន្តវៀតណាម បានរៀបចំនូវ ដំណាក់កាលអភិវឌ្ឍន៍ចំនួន ៣ដំណាក់កាល។
ក្នុងឆ្នាំ ២០២១-២០៣០ វិស័យរថយន្តវៀតណាម ដាក់គោលដៅផលិតរថយន្តគ្រប់ប្រភេទប្រមាណ ១លានគ្រឿង ដោយក្នុងនោះ រថយន្តប្រើម៉ាស៊ីនចំហេះក្នុងនៅតែឈរលើកំពូលតារាង ប៉ុន្តែរថយន្តអគ្គិសនី ចាប់ផ្តើមកើនឡើងបន្តិចម្តងៗ។
ចូលដល់ឆ្នាំ ២០៣០-២០៤០ ការអភិវឌ្ឍរថយន្តអគ្គិសនី នឹងកើនឡើងខ្លាំងជាមួយសមត្ថភាពផលិតកម្ម ៣លាន ៥សែនគ្រឿងអំឡុងពេលនេះ។
ចាប់ពីឆ្នាំ ២០៤០ ដល់ ឆ្នាំ ២០៥០ វិស័យឧស្សាហកម្មរថយន្តក្នុងស្រុកវៀតណាម នឹងមើលឃើញពី ការអភិវឌ្ឍក្នុងកម្រិតថេរ និងឆ្អែត ជាមួយសមត្ថភាពផលិតរថយន្តអគ្គិសនីជាង ៤លានគ្រឿង។
ក្នុងការជំរុញផែនការនេះឲ្យក្លាយជាការពិត សមាគមផលិតរថយន្តវៀតណាម បានស្នើសុំដល់ រដ្ឋាភិបាលវៀតណាម ឲ្យជួយជំរុញតម្រូវការប្រើប្រាស់របស់អតិថិជន តាមរយៈការផ្តល់ជូនការអនុគ្រោះពន្ធពិសេស សម្រាប់ការបង្កើតរថយន្តអគ្គិសនី។
ក្រសួងហិរញ្ញវត្ថុ និងក្រសួងដឹកជញ្ជូនវៀតណាម បានស្នើសុំទៅកាន់រដ្ឋាភិបាលរួចជាស្រេច ក្នុងការបង្កើតច្បាប់វិនិយោគថ្មីនៅក្នុងវិស័យរថយន្តអគ្គិសនីផងដែរ។
សូមជម្រាបបន្តិចថា នៅក្នុងរយៈពេល ៦ខែដំបូង ឆ្នាំ២០២១នេះ វៀតណាម ក៏បាននាំចេញរថយន្តទាំងមូល ៨ម៉ឺនគ្រឿង នៅក្នុងឆមាសទី ១នេះ ដែលមានកំណើន ១០០% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន៕