
ប្រធានាធិបតីបារាំង លោក អេម៉ាញូអែល ម៉ាក្រុង បានចាប់ផ្ដើមទស្សនកិច្ចផ្លូវរដ្ឋដោយមានការអមដំណើរពីប្រធានក្រុមហ៊ុនបារាំងមួយចំនួនមកកាន់ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣កាលពីថ្ងៃអាទិត្យ ដោយផ្ដើមដំបូងគេនៅប្រទេសវៀតណាម ដើម្បីស្វែងរកការបង្កើនឥទ្ធិពលរបស់បារាំងនៅក្នុងប្រទេសមួយនេះ ចំពេលបារាំងរងការគំរាមកំហែងពន្ធពីអាម៉េរិក បន្ទាប់មកលោកនឹងបន្តទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូនេស៊ី និងសិង្ហបុរី។
នៅក្នុងដំណើរទស្សនកិច្ចនៅវៀតណាម លោក ម៉ាក្រុង បានជួបពិភាក្សាជាមួយលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម និងមេដឹកនាំសំខាន់ៗផ្សេងទៀត ហើយប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនរួមមានការទិញយន្តហោះអ៊ែរបឺសរបស់បារាំងចំនួន២០គ្រឿង កិច្ចសហការថាមពលនុយក្លេអ៊ែ ផ្លូវដែក ផ្កាយរណប និងកិច្ចព្រមព្រៀងមួយចំនួនទៀត។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក ម៉ាក្រុង បានរំលឹកជាថ្មីនូវការគាំទ្ររបស់បារាំង ចំពោះសេរីភាពនៃការធ្វើនាវាចរនៅសមុទ្រចិន ខាងត្បូង ដែលជាបញ្ហាប្រឈមមួយសម្រាប់វៀតណាម ខណៈប្រទេសនេះតែងតែប៉ះទង្គិចជាមួយនឹងទីក្រុងប៉េកាំង ជុំវិញបញ្ហាព្រំដែននៅសមុទ្រចិន ខាងត្បូង។
ទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក ម៉ាក្រុង ទៅកាន់ប្រទេសវៀតណាម ក្នុងរយៈពេលជិតមួយទសវត្សរ៍មកនេះ បានធ្វើឡើងចំពេលមានការគំរាមកំហែងពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ អំពីការដំឡើងពន្ធថ្មី៥០% លើទំនិញរបស់សហភាពអឺរ៉ុប ដែលបង្កឱ្យមានភាពតានតឹងយ៉ាងខ្លាំងជាមួយនឹងប្លុកទាំង២៧ប្រទេសមួយនេះ៕
ដោយ៖ សុខ មង្គល