ផ្លែមៀនប៉ៃលិននៅតែប្រឈមនឹងការខូចខាត

ផ្លែមៀនប៉ៃលិនប្រហែល៤ម៉ឺនតោន ក្នុងខេត្តប៉ៃលិននៅតែកកស្ទះ និងប្រឈមនឹងការខូចខាត


បញ្ហាខ្វះទីផ្សារ នៅតែជាក្ដីព្រួយបារម្ភ សម្រាប់កសិករដែលប្រកបរបរដាំដុះដំណាំមៀនប៉ៃលិន ឬតាង៉ែន ពិសេសកសិករនៅខេត្តប៉ៃលិនផ្ទាល់តែម្ដង បើទោះបី កន្លងមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើយុទ្ធនាការចុះប្រមូលទិញផ្លែមៀនពីកសិករផ្ទាល់ក៏ដោយ ព្រោះយុទ្ធនាការទិញមៀននេះ គឺទិញបានក្នុងបរិមាណតិចតួចប៉ុណ្ណោះ បើធៀបនឹងទិន្នផលមៀនប៉ៃលិនសរុបរាប់ម៉ឺនតោនក្នុងមួយឆ្នាំៗ។
ទិន្នផលផ្លែមៀនរបស់ខេត្តប៉ៃលិន (រូបភាព៖សហគមន៍ផលិតផលមៀនប៉ៃលិន)

ជុំវិញ​នឹង​បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​កសិករ​ដែល​ដាំ​ដុះ​មៀននៅ​ខេត្ត​ប៉ៃលិន នៅ​តែ​រអ៊ូរទាំ​ពី​បញ្ហា​ខ្វះ​ទីផ្សារ​ដដែល ព្រោះ​ផ្លែ​មៀន​ប្រមាណ ៤​ម៉ឺន​តោន ក្នុង​សហ​គម​មៀន​ប៉ៃលិន ខេត្ត​ប៉ៃលិន កំពុង​ប្រឈម​នូវ​ការ​ខូចខាត ប្រ​សិន​គ្មាន​ដំណោះស្រាយ​ទីផ្សារ ឱ្យ​បាន​ឆាប់​នោះ​ទេ​។

លោក សារ ចំរើន ទីប្រឹក្សា​សហ​គម​មៀន​ប៉ៃលិន បាន​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស ថា រហូត​មក​ដល់​ពេល​នេះ ក្រុម​កសិករ​ដាំ​ដុះ​មៀន​ប៉ៃលិន នៅ​តែ​ជួប​បញ្ហា​ខ្វះ​ទីផ្សារ​ដដែល ហើយ​ផ្លែ​មៀន​ប៉ៃលិន ប្រមាណ​៤​ម៉ឺន​តោន កំពុង​ប្រឈម​ការ​ខូចខាត​។ តំណាង​ក្រុម​កសិករ​ដាំ​មៀន​រូប​នេះ បាន​សង្កត់ធ្ងន់​ថា កន្លង​មក ក៏​មាន​ក្រុមការងារ​របស់​រាជរដ្ឋាភិបាល ចុះ​ប្រមូល​ទិញ​មៀន ក្នុង​ខេត្ត​ប៉ៃលិន​ដែរ ប៉ុន្ដែ​ចំនួន​ទិញ​នៅ​តិចតួច​នៅឡើយ ព្រោះ​បរិមាណ​ផ្លែ​មៀន​ប៉ៃលិន គឺ​មាន​ចំនួន​ច្រើន ពិសេស បច្ចុប្បន្ន​នេះ​កាន់តែ​ជិត​ចូល​ដល់​រដូវ​ប្រមូល​ផល​ផ្លែ​មៀន​ពេញលេញ​ផង​ដែរ​។

យ៉ាងណា​ក៏​ដោយ ក្រុម​កសិករ​ដាំ​ដុះ​មៀន​ប៉ៃលិន នៅ​តែ​អំពាវនាវ​ដល់​ក្រសួង​ពាក់ព័ន្ធ ពិសេស​ក្រសួងកសិកម្ម ជួយ​រក​ដំណោះស្រាយ​បន្ថែម​ជូន​កសិករ ព្រោះ​ក្រៅពី​ការ​រង់ចាំ​ដំណោះស្រាយ ពី​ក្រសួងកសិកម្ម ឬ​ស្ថាប័ន​ពាក់ព័ន្ធ ក្រុម​កសិករ​មិន​មាន​លទ្ធភាព​រក​ទីផ្សារ​ដោយ​ខ្លួនឯង​នោះ​ទេ​។ លោក សារ ចំរើន បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ សហ​គម​គ្មាន​ដំណោះស្រាយ​អ្វី​នោះ​ទេ ក្រៅពី​រង់ចាំ​ដំណោះស្រាយ ពី​ក្រសួងកសិកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ ហើយ​បើ​គ្មាន​អ្នក​ប្រមូល​ទិញ​បន្ថែម​នោះ​ទេ ផ្លែ​មៀន​ប្រមាណ ៤​ម៉ឺន​តោន​នោះ នឹង​ប្រឈម​ការ​ខូចខាត​។

តាម​ពិត​ទៅ បញ្ហា​មៀន​ប៉ៃលិន ឬ​តា​ង៉ែ​ន មិនមែន​ជា​បញ្ហា​ថ្មី​នោះ​ទេ សម្រាប់​កសិករ​កម្ពុជា​។ ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​នេះ​ជូន​កសិករ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន​សែន បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ ចុះ​ប្រមូល​ទិញ​ផ្លែ​មៀន​ប៉ៃលិន ដោយ​ផ្ទាល់​ពី​ក្រុម​កសិករ នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន ជាមួយ​ប្រទេស​ថៃ ដែល​បាន​ជួប​បញ្ហា​កកស្ទះ​ផ្លែ​មៀន ព្រោះតែ​មិន​អាច​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​បាន ដូច​ជា ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយ​មាន​ជ័យ ជាដើម​។ ដ្បិត ការ​ការ​ចុះ​ប្រមូល​ទិញ​ផ្លែ​មៀន របស់​រាជរដ្ឋាភិបាល បាន​ចួ​ល​រួម​ដោះស្រាយ​បញ្ហា​ជូន​កសិករ ក្នុង​ខេត្តបាត់ដំបង​បាន​មួយ​ចំនួន​ធំ ក៏​ពិតមែន តែ​សម្រាប់​កសិករ​ខេត្ត​ប៉ៃលិន នៅ​តែ​ជួប​បញ្ហា​ខ្វះ​ទីផ្សារ​ដដែល ខណៈ​កសិករ​នៅ​តែ​ទន្ទឹងរង់ចាំ ដំណោះស្រាយ​ពី​ក្រសួងកសិកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ច្បាប់​នៃ​ការ​នាំ​ចេញ​ផ្លែ​មៀន ទៅ​ប្រទេស​ចិន​ដោយ​ផ្ទាល់​។

ជុំវិញ​យុទ្ធនាការ​របស់​រាជរដ្ឋាភិបាល កម្ពុជា ក្នុង​ការ​ប្រមូល​ទិញ​ផ្លែ​មៀន​នេះ ត្រូវ​បាន​លោក ឈឹ​ម វ​ជិ​រា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង អះអាង​ថា យុទ្ធនាការ​នេះ ត្រូវ​បាន​បញ្ចប់​ហើយ កាល​ពូ​ថ្ងៃ​ទី​១៣ ខែកញ្ញា កន្លង​មក ទាំង​វគ្គ​ទី​១ និង​វគ្គ​ទី​២ ប៉ុន្តែ​មន្ទីរ​កសិកម្ម នៅ​តែ​បន្ត​ដោះស្រាយ​ជូន​កសិករ ជា​បន្តបន្ទាប់​។ ដ្បិត​មិន​មាន​តួលេខ នៃ​ការ​ប្រមូល​ទិញ​ផ្លែ​មៀន ទាំង​ពីរ​ដំណាក់កាល ប៉ុន្ដែ​ប្រធាន​មន្ទីរ​កសិកម្ម​រូប​នេះ បាន​បញ្ជាក់​ថា ផ្លែ​មៀន​ប៉ៃលិន​ជិត​២​ពាន់​តោន បាន​ប្រមូល​ទិញ​ពី​កសិករ នៅ​ដំណាក់កាល​ទី​១ ខណៈ​ផ្លែ​មៀន​ភាគច្រើន ដែល​ក្រុមការងារ​ចុះ​ប្រមូល​ទិញ គឺជា​ផ្លែ​មៀន​របស់​កសិករ ក្នុង​ខេត្តបាត់ដំបង​ដោយ​ផ្ទាល់​។ សម្រាប់​លោក វ​ជិ​រា នៅ​តែ​យល់​ថា បញ្ហា​ទីផ្សារ​មៀន​ប៉ៃលិន​នៅ​ពេល​នេះ នៅ​មិន​ទាន់​ចោទ​ជា​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ទេ ដោយ​លោក​បាន​បញ្ជាក់​ថា ផ្លែ​មៀន​ប៉ៃលិន តែ​ឱ្យ​ផល​ជា​បន្តបន្ទាប់ ហើយ​រដូវ​នេះ​មិន​ទាន់​ចូល​ដល់​រដូវ​ដែល​សម្បូរ​មៀន​នៅឡើយ ព្រោះ​ជា​ទូទៅ ខែ​ដែល​សម្បូរ​ផ្លែ​មៀន​ប៉ៃលិន គឺ​នៅ​ចន្លោះ​ខែមករា និង​ខែកុម្ភៈ ឯណោះ​។

បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​បាន​អះអាង​ថា ពាក់ព័ន្ធ​នឹង ដំណោះស្រាយ​បញ្ហា​ទីផ្សារ​ផ្លែ​មៀន​ប៉ៃលិន នេះ ទាំង​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ពាក់ព័ន្ធ បាន​ខិតខំ​ធ្វើ​ការងារ​នេះ​យ៉ាង​ពេញទំហឹង ដើម្បី​ព​ន្លឿ​ន​កិច្ចព្រមព្រៀង រវាង​កម្ពុជា​-​ចិន ក្នុង​ការ​នាំ​ចេញ​ផ្លែ​មៀន​ប៉ៃលិន ទៅ​កាន់​ប្រទេស​ចិន​ឱ្យ​បាន​ឆាប់ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ ក៏​ប៉ុន្តែ កិច្ចព្រមព្រៀង នៃ​ការ​នាំ​ចេញ​ផ្លែ​មៀន​កម្ពុជា ទៅ​កាន់​ប្រទេស​ចិន​នេះ មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ គឺ​ត្រូវការ​ពេលវេលា​បន្ថែម ព្រោះ​វា​ទាមទារ​កាត​សិក្សា និង​ត្រួតពិនិត្យ​ច្រើន​ដំណាក់កាល​។ ទោះ​យ៉ាងណា ក្រសួងកសិកម្ម​នៅ​តែ​រំពឹង​ថា ភាគី​ចិន​នឹង​អាច​បើក​ឲ្យ​កម្ពុជា​នាំ​ចេញ​មៀន​ទៅ​ទីផ្សារ​ចិន​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កម្ពុជា មាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​មៀន​ប៉ៃលិន សរុប​១​ម៉ឺន​៣​ពាន់​ហិ​កតា ដែល​ក្នុង​នោះ​ផ្ទៃដី​អាច​ប្រមូល​ផល​បាន​មាន​ជិត ៧​ពាន់​ហិ​កតា ហើយ​បរិមាណ​នៃ​ការ​ប្រមូល​ផល​សរុប ក្នុងឆ្នាំនេះ មាន​ប្រមាណ ១១​ម៉ឺន​តោន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជានឹងរក្សាកំណើនត្រឹម ២,២%នៅឆ្នាំ២០២១

ព័ត៌មាន
ធនាគារពិភពលោកនៅថ្ងៃអង្គារទី២៨ ខែកញ្ញានេះ តាមរយៈរបាយការណ៍ថ្មីមួយរបស់ខ្លួន បានបន្ថយការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជាពីប្រមាណ៤% មកនៅត្រឹម…

កម្ពុជាចម្រាញ់រ៉ែមាសបាន ៥៥៥គីឡូក្រាម និងនាំចេញបានជាង៣៥៥គីឡូក្រាមហើយ

ព័ត៌មាន
ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពលបានអះអាងថា គិតត្រឹមថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុនរបស់អូស្ត្រាលី រ៉ឺនេសង់ ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ