
ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ សប្ដាហ៍មុនថា អនុស្សរណៈនៃការយោគយល់គ្នាចំនួន២០ ដែលមានតម្លៃសរុបរហូតដល់៣ពាន់លានដុល្លារត្រូវបានចុះហត្ថលេខាក្នុងជំនួបពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម លោក ដូ ដាច់ ហ្សួយ (Do Duc Duy) ជាមួយមន្ត្រីអាម៉េរិក នៅរដ្ឋធានីវ៉ាស៊ីងតោន សហរដ្ឋអាម៉េរិក ពីថ្ងៃទី២-៦ ខែមិថុនា។
កិច្ចព្រមព្រៀងដើម្បីទិញផលិតផលអាម៉េរិកទាំងនេះបានបង្ហាញពីការប្តេជ្ញាចិត្ត និងឆន្ទៈដ៏រឹងមាំរបស់សហគមន៍ធុរកិច្ច និងរដ្ឋាភិបាលវៀតណាម ក្នុងការលើកកម្ពស់ពាណិជ្ជកម្មប្រកបដោយតុល្យភាពជាមួយអាម៉េរិក ដើម្បីលើកទឹកចិត្តឱ្យរដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ពិចារណាឡើងវិញអំពីពន្ធបដិការខ្ពស់លើទំនិញវៀតណាម។
វៀតណាម បានចរចាពន្ធដ៏ហ្មត់ចត់ជាច្រើនសប្តាហ៍មកហើយជាមួយសហរដ្ឋអាម៉េរិក ដែលជាទីផ្សារនាំចេញដ៏ធំបំផុតប្រទេសដែលពឹងផ្អែកលើពាណិជ្ជកម្មមួយនេះ ខណៈប្រទេសនេះបានព្យាយាមបញ្ចៀសការគំរាមកំហែងពន្ធចំនួន៤៦% ដែលក្រោយមកត្រូវបានកាត់បន្ថយមកត្រឹម១០% សម្រាប់រយៈពេល៩០ថ្ងៃ ដើម្បីទុកពេលសម្រាប់កិច្ចចរចាពន្ធនេះ។
ការបង្ហាញឆន្ទៈរបស់វៀតណាមនេះ បានធ្វើឡើងក្រោយលោក ត្រាំ បានប្តេជ្ញាបន្តដាក់សម្ពាធប្រទេសអាស៊ីអាគ្នេយ៍មួយនេះឱ្យកាត់បន្ថយតួនាទីរបស់ខ្លួនក្នុងខ្សែច្រវាក់ផ្គត់ផ្គង់របស់ចិន និងបានកើតឡើងមុនពេលវៀតណាម គ្រោងនឹងមានជុំទីបីនៃការចរចាពន្ធគយជាមួយនឹងអាម៉េរិក នៅសប្ដាហ៍នេះ។
វៀតណាម បានលើកឡើងពីវឌ្ឍនភាពមួយចំនួនបន្ទាប់ពីកិច្ចចរចាពាណិជ្ជកម្មជុំទីពីរកាលពីខែមុន ប៉ុន្តែវានៅតែមានបញ្ហាមួយចំនួន ខណៈវៀតណាម បានចាត់វិធានការដើម្បីដោះស្រាយកង្វល់មួយចំនួនរបស់អាម៉េរិក ដូចជាការបង្កើនការបង្ក្រាបលើការក្លែងបន្លំពាណិជ្ជកម្ម និងការសន្យាទិញផលិតផលកសិកម្មរបស់សហរដ្ឋអាម៉េរិក៕
ដោយ៖ សុខ មង្គល